បំណុលឬប្រាក់កម្ចី ជាទូទៅយើងតែងតែចង់បង់ប្រាក់ជាប្រចាំខែក្នុងចំនួនថេរ ឬតាមថ្ងៃខែនីមួយៗដែលកំណត់ តែការធ្វើបែបនេះ មិនមែនជាវិធីដើម្បីឆាប់ដោះស្រាយបំណុលនេះឆាប់រួចឡើយ ។ តែវាក៏ធ្វើឲ្យអ្នកមានបញ្ហា និងការគិតស្មុគស្មាញ ជាប្រចាំខែដែលត្រូវយកមកចងចាំ។  ខាងក្រោមជា ចំនុចតូចៗដោះស្រាយការសងប្រាក់កម្ចីបានលឿន ដែលអ្នកគួរតែយកទៅអនុវត្តន៍បាន៖

1. ប្ដូរពីទូទាត់១ខែម្ដង មកទូទាត់ពីរសប្តាហ៍ម្ដង

នេះអាស្រ័យទៅលើលទ្ធភាពប្រចាំខែ ដោយលោកអ្នកអាចជំនួសឱ្យការបង់ប្រាក់១ខែម្ដង មកជាការបង់២សប្ដាហ៍ម្ដងវិញ។ វាមានអត្ថប្រយោជន៍ចំពោះការប្រើវិធីសាស្រ្តនេះ៖ ការទូទាត់របស់អ្នកនឹងត្រូវបានអនុវត្តញឹកញាប់ជាងមុនដូច្នេះការប្រាក់ ក៏នឹងកាន់តែតិចជាងមុន។ ការបន្តទូទាត់បែបនេះជាប់គ្នា អ្នកនឹងឃើញថា អាចបន្ថយអាយុកាលនៃការកម្ចីកាន់តែតិចជាងមុន​ដល់ទៅ២ដង។ 

2. បន្ថែមលុយខ្លះទៅលើប្រាក់ដែលត្រូវបង់ប្រចាំខែ

ចំនួននៃប្រាក់ដែលត្រូវបង់ប្រចាំខែ គឺមានកំណត់តាមតារាង តែអ្នកអាចចរចារជាមួយម្ចាស់បំណុល ជាពិសេសនោះគឺធនាគារ ដែលមានប្រព័ន្ធគណនាច្បាស់លាស់ ដោយគ្រាន់តែថែមលុយមួយចំនួនតូច ទៅលើប្រាក់ដែលត្រូវបង់ប្រចាំខែ។ បើអ្នកត្រូវបង់​១ខែ១៧០ ដុល្លារ នោះគឺត្រូវថែម៣០ដុល្លារទៀត ឲ្យគ្រប់ ២០០ដុល្លារ។ 

យើងឃើញថា វាមានភាពខុសគ្នាតែ ៣០បន្តិចមែន តែបើអាចធ្វើបានក្នង១ឆ្នាំ នឹងឃើញថា សរុបប្រមាណជា ៣៦០ដុល្លារដែរ ដែលអ្នកអាចដោះបំណុលប្រាក់ដើមបានទៀត។ ការធ្វើដូច្នេះ ក៏អាចធ្វើឱ្យប្រាក់កម្ចីរបស់អ្នកថយអាយុកាលបង់ប្រាក់ បានជាង២ខែទៀត ហើយក៏អាចចំណេញលើការបង់ការប្រាក់ផងដែរ។

3. បង់លុយបន្ថែមមួយដងក្នុងមួយឆ្នាំ

គំនិតខាងលើ អាចធ្វើឲ្យអ្នកស្មុគស្មាញ ក្នុងការគណនា ហើយក៏ត្រូវបន្ថយការចំណាយប្រចាំថ្ងៃ ប៉ុន្តែអ្នកអាចរើសយកការបង់ប្រាក់បន្ថែមជារៀងរាល់ចុងឆ្នាំក៏បានដែរ នោះអ្នកអាចសំរេចគោលដៅដូចគ្នា នឹងចំនុចទាំង២ខាងលើ។ 

វិធីនេះអ្នកនឹងមានអារម្មណ៍ថា ងាយស្រួលចំណាំជាង ណាមួយដោយចុងឆ្នាំអ្នកអាចនឹងអាចមានប្រាក់លើកទឹកចិត្តពីកន្លែងការងារមកបង់ថែមទៀតផង។

4. កែកម្ចីរបស់អ្នកឡើងវិញ

វិធីល្អបំផុតមួយដើម្បីសងប្រាក់កម្ចីរបស់អ្នកឱ្យបានឆាប់ គឺការកែប្រែកម្ចីឡើងវិញ។ ប្រសិនបើអត្រាការប្រាក់បានធ្លាក់ចុះ ឬមានធនាគារណាដែលផ្ដល់កម្ចីល្អប្រសើរជាងមុន នេះជាជម្រើសល្អសម្រាប់អ្នក ករណីដែលពុំមានការពិន័យ។

ការរៀបចំកម្ចីឡើងវិញ គឺអាចជួយអ្នកក្នុងការសងប្រាក់កម្ចីបានឆាប់រហ័ស។ អាត្រាការប្រាក់ទាប នោះអ្នកនឹងបង់ការប្រាក់តិច ដូច្នេះអ្នកអាចដូរវិធី ដោយការបន្ថយអាយុកាលបង់ និងងាកមកបង់ច្រើនជាងមុនក្នុងមួយខែ ជាមួយរយៈពេលខ្លីជាងមុន។ នេះជាជំរើសមួយ ដែលអ្នកអាចមានលទ្ធភាពងាយស្រួល ជាមួយនឹងការបង់ការប្រាក់ ក៏តិចជាងមុន។

5 បង្កើនប្រាក់ចំណូល ហើយបង់បន្ថែមលើកម្ចីប្រចាំខែ

កាលណាចំណូលរបស់អ្នកកើនឡើង ចំណូលមួយភាគគួរត្រូវបានប្រើដើម្បីបន្ថយប្រាក់ដើម សូម្បីតែការងារដែលរកប្រាក់ឱ្យអ្នកបន្ថែម១០០ ដុល្លារក្នុងមួយខែ ក៏អាចធ្វើឱ្យមានការផ្លាស់ប្តូរប្រាក់កម្ចីរបស់អ្នកដែរ៕