រូបតំណាង (nguyen-thu-hoai-unsplash)

ការអានជាវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការ​អភិវឌ្ឍសមត្ថភាពជីវិតរបស់មនុស្សម្នាក់ ហើយវាក៏ជាការវិនិយោគដែលធូរថ្លៃបំផុតផងដែរ ក្នុងចំណោមការវិនិយោគជាមួយចំណេះដឹងតាមវិធីផ្សេងៗទៀត។ ទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍសម្ថភាពជាមួយនឹង​​​ការអាន គឺចាំបាច់ត្រូវតែអនុវត្តជាប់រហូតឥតឈប់ឈរ ព្រោះពិភពលោកកាន់តែអភិវឌ្ឍ តម្រូវការ និងបញ្ហាផ្សេងៗក៏ចេះតែកើនឡើងឥតឈប់ឈរដូចគ្នា។

ពាក់ព័ន្ធនឹងបញ្ហានេះលោក គីម ដារ៉ា ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល​ Start Up Cambodia បានលើកឡើងថា សៀវភៅមួយក្បាល មិនអាចបង្រៀនអ្នកឱ្យចេះគ្រប់មុខនោះឡើយ ហេតុនេះហើយទើបបុគ្គលពូកែៗលើលោកនេះបន្តអានជានិច្ច។ ពេលអ្នកមានបញ្ហាជាមួយនឹងការដឹកនាំ អ្នកគួរអានសៀវភៅស្តីពីអ្នកដឹកនាំ។ ពេលមានបញ្ហាជាមួយ​ផ្នែកទីផ្សារ​ អ្នកគួរអានសៀវភៅអំពី​ផ្នែកទីផ្សារ ហើយពេលមានបញ្ហាជាមួយការលក់ អ្នកគួរអានសៀវភៅអំពីការលក់។

លោកបានបន្តទៀតថា បើទោះបីជាជាអានហើយមិនយល់ទាំងអស់ ក៏អ្នកអាច​ទទួលបានគំនិតបន្ថែមក្នុងការដោះស្រាយរបស់អ្នកផងដែរ។ បន្តការអានជានិច្ច ប្រសិនបើអ្នកចង់ឱ្យមានជីវិតប្រសើរឡើង។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ  យើងបានមើលឃើញជាក់ស្តែងហើយថា នៅក្នុងចំណោមវិធីសាស្រ្តសំខាន់ៗ ដែលជំរុញឱ្យយើងក្លាយជាមនុស្សមានគំនិតទូលំទូលាយ អ្នកជំនាញនានាភាគច្រើន ជំរុញឱ្យយើងអាននូវប្រភពឯកសារទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងបញ្ហារបស់យើង។ ជាក់ស្តែង ជាធម្មតាប្រសិនបើ​មនុស្សម្នាក់មិនធ្លាប់ចូលចិត្តអានពីមុនមកគាត់ប្រាកដជាមិនចង់ចាប់ផ្តើមអាននោះទេ ហើយប្រសិនបើគាត់អាន ក៏មិនបានប៉ុន្មានម៉ោងគាត់នឹងបោះបង់វាចោល។

ផ្ទុយមកវិញ មនុស្សមិនធ្លាប់ចង់អានម្នាក់ដូចគ្នា នៅពេលគាត់មានបញ្ហាដោះស្រាយមិនចេញ ហើយថ្ងៃណាមួយគាត់ឃើញឯកសារដែលជាដំណោះស្រាយនៃប្រភពបញ្ហាដែលគាត់កំពុងជួបប្រទះ នោះច្បាស់ណាស់ថាគាត់នឹងចាប់ផ្តើមអានដោយយកចិត្តទុកដាក់ ហើយឆ្លុះបញ្ចាំងក្នុងស្ថានភាពជាក់ស្តែងដែលគាត់ជួបប្រទះដើម្បីដោះស្រាយបញ្ហា។

ងាកមកជីវិតជាក់ស្តែងវិញ យើងឃើញថា មនុស្សម្នាក់ៗមានបញ្ហាមិនតិចនោះទេក្នុងការរស់នៅ ទោះបីជានៅស្ងៀមក៏បញ្ហាវារត់មករកយើងដែរ ហេតុនេះ​ ការអានជាផ្នែកយ៉ាងសំខាន់ ដែលធ្វើឱ្យជីវិតយើងពោរពេញទៅដោយដំណោះស្រាយនិងការអភិវឌ្ឍ។ ហេតុនេះហើយទើបភាគច្រើន គេណែនាំឱ្យ​យើង​អានសៀវភៅដោយយកចិត្តទុកដាក់ហើយកុំបោះចោលនៅពេលយើងអានចប់។ យកល្អគួររក្សាឯកសារសំខាន់ៗទាំងអស់នោះនៅក្នុងទូសៀវភៅក្នុងផ្ទះ ឬកន្លែងសមរម្យណាមួយ ឱ្យបានល្អព្រោះថ្ងៃណាមួយយើងនឹងត្រូវការវាម្តងទៀត។

ជាទូទៅ រឿងណាមួយដែលធ្លាប់ជាការចងចាំ ហើយមិនរំឮកសោះ ឬមិនប្រើប្រាស់ចំណេះដឹងនោះសោះ វាច្បាស់ជាភ្លេចទៅវិញ។ ហេតុនេះសម្រាប់អ្នកប្រើប្រាស់សៀវភៅដើម្បីដោះស្រាយបញ្ហាជីវិត ក៏ដូចគ្នាចាំបាច់ត្រូវតែមានសៀវភៅនៅជាប់ខ្លួនជានិច្ច។ នៅពេលណាដែលយើងមានបញ្ហា យើងអាចទាញយកប្រភពឯកសារនោះមករំឮក ឬប្រើប្រាស់បានភ្លាមៗ។ ប្រសិនបើយើងអានហើយបោះបង់វាចោលនោះ ថ្ងៃណាមួយយើងនឹងភ្លេចទាំងស្រុងហើយក៏ត្រូវរស់នៅក្នុងជីវិត ដែលហ៊ុមព័ទ្ធដោយវិបត្តិបន្តបន្ទាប់ផងដែរ៕