មនុស្សគ្រប់រូបៗសុទ្ធសឹងតែធ្លាប់មានកំហឹងរៀងៗខ្លួន ហើយវាតែងតែកើតមានឡើងជារឿយៗ។ ការប៉ះទង្គិចផ្លូវអារម្មណ៍ដែលកើតឡើងដោយសារសកម្មភាពរស់ នៅប្រចាំថ្ងៃ ក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សជុំវិញខ្លួនដូចជា រវាងសមាជិកក្នុងគ្រួសារ រវាងមិត្តភក្តិ និងនៅកន្លែងធ្វើការ​ គឺជាដើមហេតុនៃការបង្កើតឱ្យមានការខឹង។ទន្ទឹមនឹងនេះដែរគ្រប់កំហឹងទាំងអស់ គឺមិនបានជួយអ្វីដល់អ្នកឱ្យនោះឡើយ មិនថាវាកើតឡើងដោយសារមូលហេតុធំឬតូចនោះទេ។ 

ផ្ទុយទៅវិញវាមានតែនាំអ្នកឱ្យឈានទៅរកការខាតបង់តែប៉ុណ្ណោះ។ ដូច្នេះអ្នកគួរតែព្យាយាមរំងាប់អារម្មណ៍និងទប់កំហឹងរបស់ខ្លួនឱ្យបានច្រើន មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ដោយឡែកនៅក្នុងអត្ថបទនេះដែរយើងនឹងបង្ហាញអ្នកពីវិធីសាស្រ្តល្អៗចំនួន៥ ក្នុងការទប់កំហឹងរបស់អ្នកឱ្យមានប្រសិទ្ធភាព។

១) គិតឱ្យបានច្បាស់លាស់ មុននឹងធ្វើការសម្រេចចិត្ត

ជាការពិតណាស់គ្រប់កំហឹងទាំងអស់ គឺសុទ្ធសឹងតែមានដើមហេតុរបស់វាហើយអ្វីដែលបណ្តាលឱ្យអ្នកខឹងកាន់តែខ្លាំងនោះគឺ ដោយសារតែអ្នកមិនបានគិតឱ្យបានច្បាស់លាស់នេះឯង។ ដូច្នេះអ្នកគួរតែព្យាយាមទប់អារម្មណ៍របស់អ្នក ពោលគឺគិតឱ្យបានច្បាស់និងរកមូលហេតុឱ្យឃើញជាមុនសិន។ ពីព្រោះថា កាលណាអ្នកឆាប់បញ្ចេញប្រតិកម្មលឿនពេកដោយមិនធ្វើការគិតនិងពិចារណាឱ្យបានល្អិតល្អន់នោះទេ វានឹងធ្វើឱ្យរឿងរ៉ាវកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។បើទោះបីជាពេលខ្លះ វាជារឿងតូចក៏ដោយ ក៏អាចបង្ករជារឿងឈ្លោះទាស់ទែងគ្នាបានដែរ។​

២) ដកខ្លួនចេញសិនពីតាំងជម្លោះ

ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នក មិនថានៅក្នុងផ្ទះសាលារៀន ឬនៅកន្លែងធ្វើការនោះទេ គឺតែងតែមានបញ្ហាមួយចំនួន​ដែលបានកើតឡើងហើយ និងទាមទារឱ្យអ្នកគួរតែធ្វើការដកខ្លួនចេញពីវាសិន។ ពីព្រោះថាពេលខ្លះប្រសិនបើអ្នក និងភាគីម្ខាងទៀតនៅតែប្រឈមមុខដាក់គ្នាដោយកំហឹងរៀងៗខ្លួន វានឹងធ្វើឱ្យការខឹងរបស់អ្នកកើនឡើងកាន់តែខ្លាំង។ វាប្រាកដជាធ្វើឱ្យមានភាពប្រសើរឡើងជាក់ជាមិនខានបន្ទាប់ពីអ្នកនិងភាគីម្ខាងទៀតបាន រំងាប់អារម្មណ៍រៀងៗខ្លួនក្នុងកំឡុងពេលនោះ។

៣) ការលើកលែង

គ្មាននរណាម្នាក់ ដែលមិនធ្លាប់បានប្រព្រិត្តកំហុសឆ្គងនោះទេពោលគឺគ្រាន់អ្នកខ្លះតិច និងអ្នកខ្លះច្រើនតែប៉ុណ្ណោះ។ ដោយឡែកការលើកលែង​និង អត់ឪនគឺជាការផ្តល់ឪកាសឱ្យបុគ្គល ដែលប្រព្រឹត្តខុសចេះកែប្រែកំហុសឆ្គងរបស់ខ្លួនហើយវាក៏បញ្ជាក់ថាអ្នកគឺជាមនុស្សដែលមានចិត្តទូលាយផងដែរ។ ចំណុចនេះនឹងធ្វើឱ្យអ្នកកាត់បន្ថយភាពខឹងច្រលោតពីក្នុងខ្លួន ហើយថែមទាំងអាចបង្កើនមិត្តភាព និងទទួលបានការគោរពរាប់អានកាន់តែច្រើនឡើងផងដែរ។

៤) ការតាំងសតិអារម្មណ៍

ស្របពេលដែលកំពុងខឹងនរណាម្នាក់ខ្លាំងអ្នកត្រូវតែតាំងសតិអារម្មណ៍របស់ខ្លួនឱ្យបាននឹងន ដោយធ្វើការបញ្ឈប់សកម្មភាពខឹងសម្បាភ្លាមៗហើយព្យាយាមដកដង្ហើមឱ្យបានវែងៗដើម្បីបន្ធូរអារម្មណ៍។ វានឹងធ្វើឱ្យអ្នកបានធូរស្រាលក្នុងចិត្ត ហើយអាចរំសាយអារម្មណ៍ដែលកំពុងតែខឹងខ្លាំងនោះបាន។ ម៉្យាងវិញទៀត អ្នកគួរតែព្យាយាមរកដំណោះស្រាយណា ដែលអាចដោះស្រាយបានដោយសន្តិវិធីនិងងាយស្រួលបំផុត ពីព្រោះថាគ្រប់បញ្ហាទាំងអស់សុទ្ធសឹងតែមានដំណោះស្រាយ។

៥) ការធ្វើលំហាត់ប្រាណជាញឹកញាប់

សកម្មភាពនៃការធ្វើលំហាត់ប្រាណគឺជាវិធីសាស្រ្តដ៏ល្អមួយដែលមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អខាងផ្នែករាងកាយប៉ុណ្ណោះទេគឺថែមទាំងជួយកំចាត់ភាពស្រ្តេសក្នុងខ្លួនរបស់អ្នកបានថែមទៀតផង។ ការហាត់ប្រាណនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ ជាពិសេសនោះគឺការកាត់បន្ថយអារម្មណ៍ដែលឆាប់ខឹង និងមួម៉ៅបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះអ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណឱ្យបានច្រើន។

ជារួមមកវិញប្រសិនបើអ្នកស្ថិតក្នុងស្ថានការណ៍ដែលកំពុងតែខឹងទៅលើបុគ្គលណាម្នាក់ អ្នកគួរតែធ្វើការទប់កំហឹងរបស់អ្នកតាមដែលអាចធ្វើទៅបានជាពិសេសនោះ គឺព្យាយាមអនុវត្តនូវវិធីសាស្រ្តខាងនេះ ពីព្រោះថាវានឹងជួយឱ្យអ្នកទទួលបានលទ្ធផលល្អ។ ម៉្យាងវិញទៀតអ្នកត្រូវតែចងចាំថា គ្រប់បញ្ហាទាំងអស់គឺសុទ្ធសឹងតែមានដំណោះស្រាយជានិច្ចហើយការអធ្យាស្រ័យនិងការលើកលែងឱ្យគ្នាទៅវិញទៅមក គឺជាសេចក្តីថ្លៃថ្នូរដែលមនុស្សគ្រប់រូបតែងតែចង់ជួប្រទះ៕