ការរស់បច្ចុប្បន្ន ត្រូវបានអាស្រ័យទៅលើសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ថ្លៃៗ ឡាន និងផ្ទះទំនើប។ កត្តានៃការចង់បានទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សភាគច្រើនចំណាយប្រាក់ច្រើន ជាងប្រាក់ចំណូលរបស់ខ្លួនជារៀងរាល់ខែដើម្បីទិញ ឬផ្លាស់ប្តូររបស់របរដែលមាននៅជុំវិញខ្លួនឲ្យកាន់តែទាន់សម័យ។ ដើម្បីអាចគ្រប់គ្រងតម្រូវការទាំងនេះដែលមិនចេះចប់បាន ដូច្នេះខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗក្នុងការគ្រប់គ្រងហរិញ្ញវត្ថុផ្ទាល់ខ្លួន ក្រោយពេលចេះរកប្រាក់លើកដំបូង៖

១. បង្កើតគណនីសន្សំលុយស្វ័យប្រវត្តិ

គ្មានវិធីណាងាយស្រួលការពារលុយពីការចាយវាយផ្តេសផ្តាស ជាងការបង្កើតគណនីសន្សំស្វ័យប្រវត្តិ។ ធនាគារជាច្រើនបានផ្តល់នៅសេវាកម្មនេះ ប្រាក់ចំណូលរបស់អ្នកមួយភាគនឹងត្រូវបានកាត់ចូលក្នុងគណនីនេះ ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ភ័យខ្លាចថាភ្លេចដកលុយយកទៅសនំ្ស ឬក៏ចាយលើសការរំពឹងទុកនោះទេ។ 

អ្នកក៏អាចកែប្រែភាគរយប្រាក់ចំណូលដែលត្រូវកាត់ចូលក្នុងគណនីនេះផងដែរ។ ជាទូទៅអ្នកគួរកំណត់ការសន្សំស្វ័យប្រវត្តិនេះឲ្យកាត់លុយអ្នកចូលក្នុងគណនីរបស់អ្នកភ្លាមៗ ពេលអ្នកបើកប្រាក់ខែដើម្បីចៀសវាងការចាយវាយផ្តេសផ្តាស។

២. បង្កើតបញ្ជីនៃប្រាក់ចំណូលចំណាយ

បញ្ជីប្រាក់ចំណូលចំណាយជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហរិញ្ញវត្ថុផ្ទាល់ខ្លួន។ ជាធម្មតាយើងមិនសូវខ្វល់ខ្វាយពីចំណាយរបស់យើងទេ ពេលយើងមិនបានឃើញតួលេខជាក់ស្តែង។ ការកត់ត្រាចំណូល និងចំណាយរបស់យើងហើយកំណត់ខ្ទង់ចំណាយនីមួយៗជាក់លាក់តាមគោលដៅ ហរិញ្ញវត្ថុនីមួយៗអាចជួយយើងគ្រប់គ្រងការចំណាយរបស់យើងបាន។ អ្នកធ្វើបញ្ជីនេះក្នុងសៀវភៅ សរសេរដៃក៏បានឬប្រើកម្មវិធីតាមរយៈទូរស័ព្ទដៃក៏បានដែរ។ ក្នុងនោះផងដែរកុំភ្លេចមើលបញ្ជីនេះឡើងវិញ និងកែតម្រូវវាម្តងម្តាលផងតាមការឡើងចុះនៃប្រាក់ចំណូល និងចំណាយរបស់អ្នក។

៣. កំណត់បរិមាណទឹកប្រាក់ដើម្បីផ្តល់ជារង្វាន់ដល់ខ្លួនឯង

និយាយមតាមត្រង់ បើទោះបីជាយើងពូកែកំណត់ខ្ទង់ចំណាយយ៉ាងណា ក៏មានពេលខ្លះយើងចង់ធ្វើអ្វីមួយដែលជួយឲ្យយើងមានអារម្មណ៍សប្បាយរីករាយផងដែរ។ ប្រសិនបើអ្នកចង់ឲ្យរង្វាន់ទៅខ្លួនឯង គួរកំណត់បរិមាណសមគួរណាមួយហើយមិនត្រូវចំណាយលើសពីចំនួនដែលបានកំណត់ជាដាច់ខាត។

៤. ពិចារណាមុនពេលសម្រេចចិត្តលើការចំណាយអ្វីមួយ

ត្រូវសួរខ្លួនឯងថា តើហេតុអ្វីទើបអ្នកចង់បានរបស់មួយនេះ? ហើយរបស់ដែលអ្នកចង់បាននេះជាចំណាយចាំបាច់ដែរ ឬទេ? តើវាស្ថិតក្នុងទំហំទឹកប្រាក់ដែលអ្នកបានកំណត់សម្រាប់ការចំណាយរបស់អ្នកក្នុងបញ្ជីចំណូលចំណាយដែរ ឬទេ? 

នៅពេលដែលអ្នកទើបឡើងប្រាក់ខែ អ្នកតែងតែមានបំណងចង់ជប់លៀង ឬទិញស្បែកជើងមួយគូដែលអ្នកចង់បានយូរណាស់មកហើយប៉ុន្តែនៅពេលដែលអ្នកយកវាមកអង្គុយគិតឡើងវិញ អ្នកប្រហែលជាអាចប្តូរចិត្តក៏ថាបាន។ ជាធម្មតាយើងត្រូវមានខ្ទង់ចំណាយសម្រាប់ខ្លួនឯងមួយដែលសមរម្យម្តងម្តាល ប៉ុន្តែមិនត្រូវដោយសារការចង់សប្បាយមួយពេល យកលុយដែលយើងខំរកទៅជះចោលនោះទេ។

៥. ចៀសវាងការខ្ចីលុយសម្រាប់ចំណាយមិនចាំបាច់ 

ពេលដែលចំណូលកើនឡើង មនុស្សមួយចំនួនគិតថា ពួកគាត់អាចខ្ចីលុយសម្រាប់រំលួសយកទូរស័ព្ទដៃ ម៉ូតូឬឡានជាដើមបាន ប៉ុន្តែការគិតនេះមិនត្រឹមត្រូវទេ ព្រោះតម្លៃរបស់សម្ភារៈប្រើប្រាស់ទាំងអស់នេះ នឹងធ្លាក់ចុះទៅតាមពេលវេលា។ និយាយឲ្យស្រួលស្តាប់ ទូរស័ព្ទ iphone ថ្លៃ១០០០ ដុល្លារថ្ងៃនេះ នឹងធ្លាក់ថ្លៃ៥ឆ្នាំទៅមុខ ដោយសារវាហួសសម័យ ខូចឬក្រុមហ៊ុនចេះអាថ្មីជាងនេះជាដើម។ 

ដូចនេះអ្នកទាំងអស់គ្នាគួរពិចារណាពីភាព ចាំបាច់ក្នុងការទិញរបស់មួយប្រសិនបើអ្នកមានទូរស័ព្ទប្រើហើយ គ្រាន់តែចង់បានរបស់ឡូយទុកបង្អួតគេក្នុងហ្វេកប៊ុកទេ ប្រហែលជាបំណុលមួយនេះមិនសមស្របសម្រាប់អ្នកឡើយ។ ការខ្ចីលុយដោយមិនបានគិតគូរជាមុន អាចបណ្តាលឲ្យអ្នកធ្លាក់ក្នុងបំណុលវ័ណ្ឌកហើយប៉ះពាល់ដល់ប្រាក់សន្សំរបស់អ្នកក្នុងរយៈពេលវែងទៀតផង។

៦. ស្វែងរកមិត្តភក្តិ ដែលមានគោលដៅហិរញ្ញវត្ថុស្រដៀងនឹងអ្នក

មិត្តភក្តិដែលអ្នករាប់អាន ក៏អាចមានឥទ្ធិពលលើទម្លាប់ហិរញ្ញវត្ថុរបស់អ្នកផងដែរ។ បើអ្នកឪស្សាហ៍ដើរជាមួយអ្នកចាយធំ ហឺុហារនោះអ្នកនឹងអាចមានទម្លាប់ដូចពួកគេដែរ។ ពួកគេគួរស្វែងរក និងឧស្សាហ៍ជជែកគ្នាជាមួយមិត្តភក្តិណាដែលមានគោលដៅហិរញ្ញវត្ថុស្រដៀងនឹងអ្នក ហើយចែករំលែកពីបទពិសោធន៍ក៏ដូចជាការលំបាកដែលអ្នកជួបប្រទះ។ ពេលអ្នកចាយធំពួកគេក៏អាចដាស់ទឿនអ្នកឲ្យភ្ញាក់រំព្ញក បានផងដែរ៕