សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ប្រជាជនខ្មែរយើងជាច្រើនយល់ឃើញថាការវាយកូន ជាវិធីសាស្រ្តសំខាន់សម្រាប់អប់រំឱ្យពួកគេដើរផ្លូវត្រូវតែស្ថានភាពជាក់ស្តែងវាមិនមែនជាជម្រើសល្អនោះទេព្រោះកាន់តែវាយ​ ពេលខ្លះកូនកាន់តែខូច។

ពាក់ព័ន្ធនឹងបញ្ហានេះគេហទំព័រ Education Worldបានលើកឡើងថាមានវិធីសាស្ត្រមួយចំនួន​ដែលអាចបង្រៀនកូនដោយមិនប្រើហិង្សារតែនៅតែអាចមាន​ប្រសិទ្ធភាពខ្ពស់។

១. ប្រាប់ហេតុផលឲ្យបានជាក់លាក់
ជាធ្មតាកុមារដែលធ្វើខុសគឺបណ្តាលមកពីពួកគេមិនយល់ពីហេតុផលនិងផលប៉ះពាល់នៃទង្វើរបស់ខ្លួន។មានក្មេងខ្លះមិនទាំងដឹងថាហេតុអ្វីបានជាអាណាព្យាបាលវាយ ឬជេរស្តីលើរូបគេផងព្រោះគេមិនដឹងថាសកម្មភាពដែលគេកំពុងធ្វើនេះជាអំពើខុសឆ្គងនោះទេ។ជម្រើសល្អបំផុតសម្រាប់អាណាព្យាបាល គឺឧស្សាហ៍បង្រៀនកូនៗពីហេតុនិងផលនៃសកម្មភាពដែលខុសឆ្គង រួមទាំងបង្ហាញផ្លូវដែលល្អដល់កូនៗដើម្បីជាជម្រើសសម្រាប់ពួកគេ។

ជាធម្មតានៅពេលដែលពួកគេយល់ច្បាស់ពីហេតុផលហើយ ក្មេងៗឆាប់ទទួលយកបំផុតនៅពេលនោះគេនឹងស្អប់អំពើអាក្រក់ ហើយថែមទាំងហ៊ានប្រដៅដល់មនុស្សចាស់ថែមទៀតផងនៅពេលដែលមនុស្សធំនោះភ្លេចខ្លួនធ្វើរឿងរ៉ាវណាដែលខុសឆ្គង។បើកូនរបស់អ្នកស្ថិតក្នុងស្ថានភាពចាស់ទុំបែបនេះអ្នកប្រាកដជាលែងចង់វាយឬសម្លុតទៀតហើយ។

២. ចេះលើកទឹកចិត្ត កុំចាំតែចាប់កំហុស
ឪពុកម្តាយមួយចំនួនធំគិតថាការមិនសូវធ្វើល្អដល់កូនគឺកុំឲ្យកូនស្គាល់ចិត្ត ឬកុំឲ្យកូនបានចិត្តជាដើម។ហេតុនេះនៅពេលដែលកូនធ្វើល្អ គាត់មិនបានបង្ហាញពីការគាំទ្រដល់កូននោះទេតែនៅពេលដែលកូនធ្វើខុសគាត់បែរជាដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅវិញ។ ទង្វើបែបនេះអាចធ្វើឲ្យអាណាព្យាបាលបង្រៀនកូនបានតែរូបភាពខាងក្រៅប៉ុណ្ណោះ កូនៗអាចគ្រាន់តែខ្លាចតែមិនគោរពនោះទេ។រាល់សកម្មភាពមិនល្អគេគ្រាន់តែផ្អាកមួយរយៈនៅពេលដែលអាណាព្យាបាលស្ថិតនៅចំពោះមុខពួកគេហើយលួចធ្វើវិញនៅពេលដែលយើងមិននៅ។

ចំណុចសំខាន់ដែលគួរធ្វើគឺ ចេះលើកទឹកចិត្តនៅពេលដែលកូនបានធ្វើល្អដើម្បីឲ្យពួកគេរក្សាបាននូវទង្វើទាំងអស់នោះ ហើយបង្រៀនពួកគេឲ្យស្គាល់ពីកំហុសនិងហ៊ាននិយាយដោយត្រង់ថាទង្វើណាដែលមិនគួរធ្វើឬសកម្មភាពណាដែលយើងនឹងដាក់ពិន័យដល់ពួកគេប្រសិនបើគេធ្វើដដែលៗ។

៣. ធ្វើជាគំរូល្អ (role model)
ឪពុកម្តាយភាគច្រើនចូលចិត្តសម្លុតកូននៅពេលដែលឃើញកូនប្រើសម្តីមិនល្អដាក់អ្នកដទៃតែភ្លេចថាកូនចេះការប្រើភាសាមិនល្អនេះពីខ្លួនឯង ហេតុនេះដើម្បីមិនឲ្យកូនមានចំណុចខុសឆ្គងច្រើនអាណាព្យាបាលត្រូវកាត់បន្ថយកំហុសឆ្គងរបស់ខ្លួនឲ្យបានជាមុនសិនដើម្បីជាគំរូដល់កូន៕