ជាអតីតសិស្សនៅវិទ្យាល័យទួលទំពូង លោកស្រី ជា​សុខលាង បានរៀនចប់វិទ្យាល័យក្នុងឆ្នាំ២០០០ហើយបានបន្តបរិញ្ញាប័ត្រដោយចាប់យកជំនាញផ្នែកទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលហៅកាត់ថា (NUM ) ដោយបានរៀនចប់ក្នុងឆ្នាំ២០០៤ ។

ក្នុងអំឡុងពេលដែលលោកស្រី រៀននៅសកលវិទ្យាល័យឆ្នាំទី៣ ដោយហេតុតែលោកស្រីស្រឡាញ់និងចូលចិត្តធ្វើការងារសង្គម  លោកស្រីបានចូលធ្វើការងារស្ម័គ្រចិត្តនៅអង្គការមិត្តសំឡាញ់និងក្រោយៗមក លោកស្រីក៏ធ្វើនៅក្នុងអង្គការផ្សេងៗទៀតផងដែរ។​

មានវ័យ៣២ឆ្នាំ បច្ចុប្បន្ន លោក ស្រី សុខលាងគឺជាប្រធាន សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ​ ដែលហៅកាត់ថា JCI ចតុមុខ (Junior Chamber International) និងបើកក្រុមហ៊ុនរបស់ខ្លួនផង(​សុវណ្ណភូមិគ្រុប)។​

ក្រៅពីមមាញឹកក្នុងវិស័យឯកជន លោកស្រីដោយហេតុតែស្រឡាញ់ការងារស័្មគ្រចិត្តបានឆ្លៀតពេលមកធ្វើការងារស្ម័គ្រចិត្តនៅ JCI បន្ថែមទៀត ​ដោយលោកស្រីបានចូលជួយសហគមន៍តាមរយៈJCI តាំងពីចុងឆ្នាំ២០១១ និងបានក្លាយជាប្រធាន សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ(JCI) កម្ពុជា សាខា​ចតុមុខ ក្នុងឆ្នាំ ២០១៥ នេះ។

ដោយសើចបន្តិច លោកស្រីបាននិយាយថា៖ «JCI គឺជាកន្លែងដែលយើងធ្វើការស្ម័គ្រចិត្តប៉ុន្តែអ្វីដែលយើងត្រូវជំនះបញ្ហាដែលធំបំផុតគឺការចេះទទួលខុសត្រូវ ព្រោះក្នុងភាពជាអ្នកដឹកនាំ រឿងដែលសំខាន់ គឺយើងត្រូវដឹកនាំខ្លួនឯងមុននឹងយើងទៅដឹកនាំអ្នកដទៃ»។  

លោកស្រីបានបន្ថែមទៀតថា៖ « មិនថា JCI ឬ កន្លែងស្ម័គ្រចិត្តដទៃទៀតទេ នៅពេលដែលយើងធ្វើការងារស្ម័គ្រចិត្តគឺយើងត្រូវចែករំលែកចំនេះដឹងដល់អ្នកដទៃដូចនេះយើងត្រូវចេះបើកបេះដូង ហើយការចែករំលែកនោះមិនចាំបាច់ថា អ្នកឯងមានច្រើនទេគឺយើងត្រូវចែករំលែកតាមរូបភាពសព្វបែបយ៉ាងដែលយើងមាន និងគិតថាល្អសម្រាប់ការចែករំលែក។ដែលក្នុងនោះមានទាំង​​​ កម្លាំងកាយនិងកម្លាំងចិត្តហើយជួនកាលក៏មានការចែករំលែកថវិកាផងដែរ ចំពោះកន្លែងខ្លះដែលយើងអាចធ្វើទៅបាន»។

ក្នុងអំឡុងពេលដែលលោកស្រីធ្វើការងារស្ម័គ្រចិត្ត លោកស្រីបានសម្រេចលទ្ធផលជាច្រើនហើយលទ្ធផលធំៗមានដូចជា ការធ្វើការងារសង្គមមួយចំនួនដែលវាបានផ្តល់លទ្ធផលល្អដល់សង្គមដែលគម្រោងនោះមានអ្នកចូលរួមរាប់ពាន់អ្នក។ ជាឧទាហរណ៍ដូចជាគម្រោងដាំដើមឈើ (​Let's Plan)  កម្មវិធីសំអាតទីក្រុង (Let's Do it)  និងសកម្មភាពជាច្រើនទៀត ដោយគម្រោងទាំងនោះ បានធ្វើឲ្យសង្គមល្អហើយគេគ្រប់គ្នាយល់ស្របតាមនិងចាប់ផ្តើមធ្វើសកម្មភាពដាំដើមឈើផងដែរ។នេះជាការជះឥទ្ធិពលខ្លាំងទៅដល់ស្រទាប់យុវវ័យ ព្រោះថា JCI ធ្វើការភាគច្រើនគឺទាក់ទងនឹងយុវវ័យ។

ក្នុងនាមជាស្រ្តីហើយជាអ្នកដឹកនាំម្នាក់ លោកស្រីបានប្រាប់ថាលោកស្រីមិនសូវជាមានឧបសគ្គអ្វីច្រើនឡើយ ប៉ុន្តែបញ្ហាដែលតែងកើតមាន គឺលោកស្រីត្រូវប្រឈមជាមួយនឹងមនុស្សព្រោះថាការងាររបស់លោកស្រីគឺត្រូវជួបនឹងមនុស្សច្រើន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺខុសៗគ្នាដូចនេះបើយើងស្គាល់មនុស្សគ្រប់ស្រទាប់ដូចនេះយើងអាចដោះស្រាយចំពោះបញ្ហាដែលកើតមានបានងាយស្រួល។

លោកស្រីបានលើកជាឧទាហរណ៍ថា៖«មនុស្សប្រភេទ កយើងដោះស្រាយយ៉ាងម៉េច ហើយមនុស្សប្រភេទ ខ យើងដោះស្រាយយ៉ាណា។ ចឹងយើងអាចរៀនសូត្រច្រើន ហើយយើងអាចយល់ពីការដោះស្រាយពីបុគ្គលមួយទៅបុគ្គលមួយ។វាគ្មានអ្វីជាឧបសគ្គទេ ដោយសារតែយើងចាត់ទុកថាយើងធ្វើអ្វីគឺធ្វើឲ្យបាន ធ្វើបានហើយគឺត្រូវធ្វើឲ្យល្អទៀត  ល្អហើយឲ្យកាន់តែល្អទៀត  ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។

លោកស្រីក៏បានសង្កាត់ធ្ងន់ថា៖ « អ្នកដឹកនាំគួតែមានលក្ខណៈថាគឺត្រូវស្គាល់ខ្លួនឯងច្បាស់ ព្រោះថាបើយើងមិនស្គាល់ខ្លួនឯងច្បាស់លាស់ទេ យើងនឹងមិនអាចទៅដឹកនាំគេបានទេ។ហើយអ្នកដឹកនាំគឺជាបុគ្គលដែលមានចិត្តទូលំទូលាយ ជាបុគ្គលដែលមានចិត្តស្មោះត្រង់ម៉ឹងម៉ាត់ តែមិនតឹងរឹង ហើយចំណុចដែលសំខាន់គឺជាបុគ្គលដែលទទួលខុសត្រូវខ្ពស់ ព្រោះថាការដឹកនាំដែលមិនមានការទទួលខុសត្រូវ គឺមិនហៅថាការដឹកនាំទេ»។ កាលណាយើងស្គាល់ខ្លួនឯងច្បាស់ ដូចនេះពេលដែលមជ្ឈដ្ឋានខាងក្រៅគេរិះគន់នោះយើងអាចទទួលបានដោយបើកចិត្តទូលាយ និងទទួលយកដើម្បីអភិវឌ្ឍន៍ខ្លួន​ឯងបាន។ បើកាលណាយើងមិនស្គាល់ខ្លួន​ឯងទេ​​ដូច្នេះពេលគេដាក់មក គឺយើងខឹងក្រេវក្រោធ ហេតុនេះវានឹងប្រាសចាកពីអ្វីដែលហៅថាភាពជាអ្នកដឹកនាំ។និយាយជារួមគឺទទួលស្គាល់សម្រាប់ការរិះគន់ដើម្បីស្ថាបនា។

លោកស្រីបានបញ្ជាក់ថា ៖«អ្នកដែលអាចទទួលយកការរិះគន់បាននោះគឺជាអ្នកដែលស្គាល់ខ្លួនឯងច្បាស់ហើយនៅពេលយើងស្គាល់ខ្លួន​ឯងច្បាស់គឺជារឿងមួយដែលជោគជ័យដែរ»។

ទៅថ្ងៃអនាគត លោកស្រីក៏នៅតែបន្តធ្វើការងារសង្គមទៀតមិនថាលោកស្រីមានក្រុមហ៊ុនផ្ទាល់ខ្លួនក៏ដោយ ព្រោះថា លោកស្រីស្រឡាញ់និងធ្វើចង់ធ្វើការងារនោះ  មិនថាតាមរូបភាពណាក៏ដោយ ដោយលោកស្រីគិតថា វាជាផ្នែកមួយដែលជួយឲ្យសង្គមមានការរីកចម្រើននិងលូតលាស់ទៅមុខ។ លោកស្រីក៏លើកឡើងជាឃា្លមួយ ថា « Help Others to Help You » គឺជួយអ្នកដទៃដើម្បីឲ្យគេជួយយើងវិញនៅថ្ងៃក្រោយហើយអ្វីៗគ្រប់យ៉ាងវាចាប់ផ្តើមមកពីការផ្តល់ឲ្យពីដំបូង ។

ជាចុងក្រោយលោកស្រីបានផ្ញើជាសារចុងក្រោយថា ៖ «Think and Do It» គិតហើយធ្វើវា ព្រោះបើយើងអត់ធ្វើវានោះយើងនឹងមិនដឹងឡើយ «You Never Do, You Never Know» ។

គួរជម្រាបជូនផងដែរថា JCI កម្ពុជា ត្រូវបានទទួលស្គាល់ចាប់តាំងពីឆ្នាំ ២០១០ ដោយរាជរដ្ឋាភិបាលកម្ពុជានិង ជាសមាគមថ្នាក់ពិភពលោកដែលមានសមាជិកជាពលរដ្ឋសកម្ម ភាគច្រើនជាយុវជន ដែលមានអាយុចាប់ពី១៨ដល់៤០ឆ្នាំ។

បច្ចុប្បន្ន​ JCIមានវត្តមាននៅក្នុងប្រទេសចំនួន ១១៥។  សមាជិកJCI មានទស្សនវិស័យថា៖« ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានយើងត្រូវចាត់សកម្មភាពរួមគ្នាដើម្បីកែលំអខ្លួនឯងនិងអ្វីដែលនៅជុំវិញខ្លួនយើង»៕

អត្ថបទដោយ៖ ចាន់ ជីវ៉ា