នៅលើលោកនេះ គ្មានមនុស្សណាម្នាក់ដែលមិនចង់ទទួលបានភាពជោគជ័យ ឬក្លាយជាមនុស្សដែលគេគោរពស្ងប់ស្ងែងនោះទេ តែមានមនុស្សមិនច្រើនទេដែលអាចឈានដល់ចំណុចទាំងអស់នោះ។
កន្លងមក មនុស្សជាច្រើនបានស្វែងរកភាពថ្កុំថ្កើង ដោយប្តូរពីមួយកន្លែងទៅមួយកន្លែងនិងគ្មានភាពច្បាស់លាស់។ ទីបំផុត អ្វីដែលគេទទួលបានគឺភាពសោកស្តាយ ការខកចិត្តនិងអារម្មណ៍ដែលមិនច្បាស់លាស់ លើចំណុចណាមួយឱ្យពិតប្រាកដ ឬអាចនិយាយបានថាបរាជ័យលើគ្រប់ផ្នែកទាំងអស់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ តាំង ហ្គិចលាង អគ្គនាយិកាក្រុមហ៊ុនឌីហ្វើនីឈឺ បានលើកឡើងថា ដើម្បីសម្រេចជោគជ័យលើគ្រប់ផ្នែកទាំងអស់ យើងត្រូវតែមានការតាំងចិត្តឱ្យមាំហើយតស៊ូយ៉ាងស្វិតស្វាញបំផុត។ កន្លងមក មានមនុស្សមិនតិចទេ ដែលប្រឡូកក្នុងការរកស៊ីហើយបោះបង់ដោយគ្មានភាពច្បាស់លាស់។ ការធ្វើបែបនេះ មានតែធ្វើឱ្យគេខាតបង់ពេលវេលាលុយកាក់ ថាមពល និងទំនុកចិត្តពីមនុស្សជុំវិញខ្លួនទៅវិញទេព្រោះវាជាវិធីដែលគ្មានភាពច្បាស់លាស់។ ហេតុនេះអ្វីដែលត្រូវធ្វើគឺគិតគូរឱ្យបានល្អិតល្អន់ មុនពេលចាប់ផ្តើមសកម្មភាពឬអាជីវកម្មណាមួយ ហើយត្រូវតាំងចិត្ត និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត។
លោកជំទាវ តាំង ហ្គិចលាង បានបញ្ជាក់ផងដែរថា កាលណាយើងគិតគូរបានល្អិតល្អន់នៅមុនពេលចាប់ផ្តើមនោះយើងប្រហែលជាចំណាយពេលវេលាយូរបន្តិច ដើម្បីស្វែងរកភាពលម្អិតនៅក្នុងគម្រោងទាំងអស់នោះ តែយើងអាចទទួលបានមកវិញនូវសកម្មភាពដ៏សមប្រកបផងដែរ។ ផ្ទុយមកវិញប្រសិនបើយើងធ្វើអ្វីតាមចិត្តចង់មួយឆាវៗនោះយើងនឹងអាចប្រឈមជាមួយនឹងបញ្ហាជាច្រើន ដោយសារតែក្រោយពេលអស់មួយអារម្មណ៍នោះទេ យើងនឹងចាប់ផ្តើមចង់ធ្វើរឿងថ្មីទៀត បន្ទាប់មកយើងក៏អាចនឹងបោះបង់រឿងរ៉ាវជាច្រើនជាបន្តបន្ទាប់ ដោយគ្មានទទួលបានផលអ្វីទាំងអស់។
ជាដំណោះស្រាយអ្វីដែលយើងអាចធ្វើបានគឺគិតឱ្យល្អិត រៀបផែនការឱ្យហ្មត់ចត់ ហើយព្យាយាមអភិវឌ្ឍជាដំណាក់កាលទៅតាមការប្រែប្រួលនៃស្ថានភាពជាក់ស្តែង។ នៅពេលនោះទោះអ្វីដែលយើងកំពុងធ្វើនេះស្ថិតក្នុងដំណាក់កាលលំបាកក៏ដោយក៏យើងនៅតែអាចមានសមត្ថភាពក្នុងការអភិវឌ្ឍ ដោះស្រាយ និងបន្តសកម្មភាពបានដែរ៕