សច្ចៈ​ ជាពាក្យយ៉ាងមានសារៈសំខាន់មួយដែលព្រះពុទ្ធទ្រង់បង្រៀនឱ្យមនុស្ស ចេះប្រើប្រាស់ដើម្បី​កសាងសេចក្តីសុខក្នុងជីវិត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ព្រើន សុវង្ស អ្នកជំនាញអប់រំផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានពន្យល់ថា "សច្ចៈ" ការធ្វើកាយ វាចាចិត្តឱ្យទៀងត្រង់ ស្មោះសចំពោះដល់គ្នានឹងគ្នា ហៅថាសច្ចៈ ហើយសច្ចៈនេះបានដល់ភាពនៃបុគ្គលជាអ្នកទៀងត្រង់នឹងមិត្តសម្លាញ់ មិនទ្រុស្តមិត្តមានចិត្តស្មោះត្រង់នឹងគ្នា ទៀងត្រង់ចំពោះគ្នានឹងគ្នា ទៀងត្រង់ចំពោះពេលវេលា ដែលជាពេលត្រូវចេញឬត្រូវចូលទៀងត្រង់ចំពោះកាតព្វកិច្ច ឬកិច្ចការងារចំពោះមុខដែលខ្លួនត្រូវធ្វើ។

ពាក្យថា សច្ចៈ ចែកជា៦យ៉ាងគឺ ៖

១-វាចាសច្ចៈ​ ៖ពិតខាងផ្លូវវាចា គឺមិននិយាយឱ្យលើសហួសអំពីហេតុដែលកើតឡើង បើហេតុនោះមានថាមាន បើហេតុនោះមិនមាន ថាមិនមាន បើល្អថាល្អ បើអាក្រក់ថាអាក្រក់ បើខុសថាខុស បើត្រូវថាត្រូវ ដូច្នេះជាដើមហៅថាវាចាសច្ចៈ។

សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេអត្ថេ ច ធម្មេ ច អាហុ សន្តោ បិតិដ្ឋិតា។ ពាក្យពិត ជាវាចាមិនស្លាប់ពាក្យពិតនេះជាធម៌ គឺអ្នកប្រាជ្ញទាំងឡាយតែងសន្សំហើយក្នុងកាលមុន អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមតែងស្ថិតនៅក្នុងសច្ចធម៌ ព្រោះធម៌ជាប្រយោជន៍ដល់ខ្លួនផងដល់បុគ្គលដទៃផងតាមធម្មតាមិនប្រែប្រួលឡើយ។

២-សម្មតិសច្ចៈ ៖ពិតខាងការសន្មតិ គឺការប្តេជ្ញាការសន្យា អនុម័ត ការយល់ព្រមជាមួយ ការតាំង ដំណើរព្រមតាមការកំណត់ក្នុងទីនេះអដ្ឋកថាសំដៅយកការកំណត់ គឺកំណត់ថា យើង គេ មនុស្ស សត្វ បុរសស្ត្រីជាដើម។ មនុស្សនិងសត្វដែលធ្លាប់កំណត់ចំណាំមកយូរហើយ ការកំណត់នោះនៅទៀងទាត់ឥតផ្លាស់ប្តូរ នឹងថាមនុស្សជាសត្វៗជាមនុស្សដូច្នេះវិញពុំដែលមាន ព្រោះមនុស្សមានលក្ខណៈសណ្ឋានជាទ្រង់ទ្រាយផ្សេងពីសត្វយ៉ាងនេះជាដើមហៅថា សម្មតិសច្ចៈ។

៣-ភាវសច្ចៈ៖ ពិតខាងសភាវៈ បានដល់សត្វ (សំដៅដល់មាតាបិតា ស្វាមី ភរិយា បុត្រធីតា បងប្អូន ញាតិមិត្តនិងទ្រព្យសម្បត្តិដែលមានវិញ្ញាណដូចជា គោ ក្របី ដំរី សេះ...) និងសង្ខារ (សំដៅដល់ទ្រព្យសម្បត្តិ វត្ថុដែលគ្មានវិញ្ញាណដូចជា ផ្ទះ ដីស្រែ ចំការយានយន្ត មាស ពេជ្រ គ្រឿងអលង្ការជាដើម...) ដែលតែងតែវិនាសប្រែប្រួលទៅតាមធម្មតារបស់ខ្លួននិង បំបែរថា សត្វនិងសង្ខារទៀងទាត់ស្ថិតស្ថេរ មិនវិនាស មិនប្រែប្រួលដូច្នេះពុំបានពីព្រោះសត្វនិង សង្ខារនេះជាពួកក្រុមរបស់អវិជ្ជាហើយទៀងទាត់តែវិនាសប្រែប្រួលដោយពិតប្រាកដ យ៉ាងនេះ ជាដើមហៅថា ភាវសច្ចៈ ពិតខាងសភាវៈ។

៤-បរមត្ថសច្ចៈ ៖ ពិតខាងផ្លូវបរមត្ថ បានដល់ចិត្តចេតសិក រូប និព្វាន។ បរមត្ថធម៌ទាំងនេះមានពិត ប្រាកដទៀតទាត់មិនចេះច្រឡូកច្រឡំផ្លាស់ប្តូរគ្នា ចិត្តជាចេតសិកៗជារូបៗនិព្វានបានឡើយគឺនៅទៀតពិតប្រាកដដដែលដូចជាសភាវៈដើម បើចិត្តនៅតែជាចិត្ត ចេតសិកនៅតែជាចេតសិករូបនៅតែជារូប និព្វាននៅតែជានិព្វាន សូម្បីព្រះពុទ្ធអង្គណាសម្តែងឡើងក៏នៅតែជា ចិត្តចេតសិក រូប និព្វាន យ៉ាងនេះជាដើមហៅថា បរមត្ថសច្ចៈ។

៥-អរិយសច្ចៈ ៖ពិតរបស់ព្រះអរិយបុគ្គលបានដល់អរិយសច្ចដែលព្រះអរិយបុគ្គលទាំងឡាយមាន ព្រះពុទ្ធជាដើមយល់ឃើញច្បាស់លាស់ដោយញាណដ៏ប្រសើរក្រៃលែង អរិយសច្ចៈនោះមាន៤ យ៉ាងគឺ៖

-ទុក្ខៈ សេចក្តីព្រួយលំបាក

-សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឱ្យកើតទុក្ខ

-និរោធៈ សេចក្តីរលត់ទុក្ខឬធម៌សម្រាប់រំលត់ទុក្ខ។

-មគ្គៈផ្លូវឬឧបាយនៃសេចក្តីរលត់ទុក្ខ។ យ៉ាងនេះជាដើមហៅថា អរិយសច្ចៈ។

៦-និព្វានសច្ចៈ ៖ពិតខាងព្រះនិព្វានពាក្យថានិព្វាននេះ ប្រែថា ធម៌រំលត់កិលេស រំលត់បញ្ចក្ខន្ធ គឺលោកុត្តរធម៌ទី៩ដែលកើតអំពីលោកុត្តរធម៌ទាំង៨ខាងដើម រួមមានមគ្គ៤ ផល៤។ និព្វានសច្ចៈព្រោះព្រះនិព្វានទៀតទាត់ ប្រាកដគ្រប់យ៉ាងគឺ មិនចេះត្រឡប់វិលវល់ កើត ចាស់ ឈឺ ស្លាប់មិនស្តាប់បង្គាប់តណ្ហា មិនលុះទៅក្នុងអំណាចរបស់អវិជ្ជាមានតែសេចក្តីសុខម្យ៉ាង ដែលហៅថា ឯកន្តបរមសុខ យ៉ាងនេះជាដើមហៅថា និព្វានសច្ចៈ។

សច្ចធម៌នេះ ជាធម៌ប្រសើរបំផុតក្នុងលោកបានជាព្រះសម្ពុទ្ធជាអគ្គបុគ្គល ទ្រង់សម្តែងថា៖

សច្ចំ ហិ បរមំ លោកេ សច្ចំ លោកេ បធានកំ សច្ចម្ហិវិជ្ជមានស្មឹ សព្វបុញ្ញញ្ច វិជ្ជតិ។ សេចក្តីថា សច្ចៈជាធម៌ដ៏ឧត្តមក្នុងលោកសច្ចធម៌ជាប្រធានក្នុងលោក ក៏បុណ្យទាំងអស់រមែងមានក្នុងសច្ចធម៌៕