“ខ្ញុំមិនអីទេ!”ជាពាក្យដែលយើងឃើញមនុស្សជាច្រើននិយាយ ជាពិសេសនៅពេលពួកគាត់កំពុងមានបញ្ហា ឬកំពុងអន់ចិត្តជាមួយនឹងរឿងអ្វីមួយ។ ពាក្យនេះត្រូវបានគេនិយាយច្រើននៅក្នុងជីវិតជាក់ស្តែង និងក្នុងបណ្តាញសង្គម។ អ្នកដែលចូលចិត្តប្រើពាក្យនេះ មើលទៅដូចជាមនុស្សរឹងមាំ តែតាមស្ថានភាពជាក់ស្តែងគាត់អាចមិនមែនរឹងមាំដូចស្ថានភាពរបស់គាត់នោះទេ។

ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ

លោក ឆាំ ប៊ុនថេត សាស្រ្តាចារ្យ និងជាគ្រូបណ្តុះបណ្តាល (EQ) បានលើកឡើងថា យុវវ័យជាច្រើនចូលចិត្តនិយាយថា “ខ្ញុំមិនអីទេ!” នៅពេលខ្លួនកំពុងមានបញ្ហា។ ការធ្វើបែបនេះ មិនមែនជាដំណោះស្រាយល្អនោះទេក្នុងការដោះស្រាយបញ្ហាក្នុងជីវិត ព្រោះនៅពេលមានបញ្ហាអ្វីដែលយើងត្រូវការគឺដំណោះស្រាយ មិនមែន​លាក់លៀមឬគេចវេសពីវានោះទេ។ នៅពេលយើងនិយាយបែបនេះ ខណៈពេលដែលយើងកំពុងមានបញ្ហា នោះមានន័យថាយើងមិនទទួលស្គាល់ការពិត ហើយបន្តឱ្យជីវិតរបស់យើងត្រូវប្រឈមជាមួយនឹងឧបសគ្គជាច្រើនដដែលៗ ហើយកាត់តែទន់ជ្រាយទៅពីមួយដំណាក់កាលទៅមួយដំណាក់កាល។

លោក ឆាំ ប៊ុនថេត និយាយថា៖ «​យើងគ្រប់គ្នាគួរតែទទួលយកការពិតសម្រាប់ជីវិត ហើយទទួលស្គាល់ថាខ្លួនមានបញ្ហាប្រសិនបើយើងកំពុងស្ថិតក្នុង​បញ្ហាពិតប្រាកដ»។

លោកថា កាលណាយើងទទួលយកការពិតសម្រាប់ខ្លួនឯង នោះយើងនឹងមើលឃើញថា​យើងកំពុងប្រឈមជាមួយនឹងឧបសគ្គ ដែលទាមទារឱ្យយើងត្រៀមចិត្តត្រៀមកាយដើម្បីដោះស្រាយ។ កុំចេះតែ និយាយថាខ្ញុំមិនអីទេក្នុងកាលៈទេសៈដែលយើងលំបាក ព្រោះវាមិនអាចធ្វើឱ្យការលំបាកនោះរលាយបាត់នោះទេ។ ផ្ទុយមកវិញ បើយើងត្រៀមចិត្តត្រៀមកាយ ទទួលយកថា គ្រប់មនុស្សសុទ្ធតែមានបញ្ហា ហើយបញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយនោះយើងនឹងអាចធ្វើឱ្យជីវិតរបស់យើង កាន់តែប្រសើរឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាលក្នុងជីវិត។

អ្នកអប់រំ ខាងលើក៏បានបញ្ជាក់ផងដែរថា នៅលើលោកនេះគ្មានអ្នកណាម្នាក់ ជៀសផុតពីវិបត្តិ និងបញ្ហានោះទេតែអ្វីដែលធ្វើឱ្យមនុស្សម្នាក់ៗមានលទ្ធផលជីវិតខុសគ្នា គឺឥរិយាបទក្នុងការឆ្លើយតបជាមួយនឹងបញ្ហាទាំងអស់នោះ។ កាលណាយើងសំងំទ្រាំ ជាមួយបញ្ហាវានឹងធ្វើឱ្យយើង​ត្រាំត្រែង និងរស់នៅជាមួយបញ្ហាអស់មួយជីវិត។ បន្ថែមពីលើនេះការលាក់បាំងការលំបាក ហើយធ្វើខ្លួនដូចជារឹងមាំនេះគឺ​លំបាកខ្លាំងជាងការបង្ហាញថា ខ្លួនកំពុងមានបញ្ហាទៅទៀតព្រោះ​ប្រសិនបើយើងទទួលស្គាល់ការពិត នោះយើងនឹងអាចរកឃើញផ្លូវជាច្រើនដើម្បីបញ្ចៀសខ្លួនចេញពីឧបសគ្គ។ចំណែកឯអ្នកដែលនៅជុំវិញខ្លួនយើង ក៏បានមើលឃើញផងដែរពីអ្វីដែលយើងកំពុងកើតឡើង។ ពេលខ្លះគេក៏អាចចូលរួមចំណែកជួយឱ្យយើងអាចដោះស្រាយបញ្ហាទាំងអស់នោះកាន់តែរលូនបានថែមទៀតផង៕