ជាធម្មតាដំណើរការនៃការជ្រើសរើសបុគ្គលិកក្នុងក្រុមហ៊ុននីមួយៗមានភាពខុសគ្នា។ ប៉ុន្តែមិនលើសពី ៣ ទៅ ៤ សប្តាហ៍ក្រោយសម្ភាសន៍ទេ បេក្ខជននឹងទទួលបានដំណឹងពីក្រុមហ៊ុន។ ប្រសិនបើចាំយូរជាងនេះ បង្ហាញថាមានឱកាសធ្លាក់ច្រើន។ ជាពិសេសអ្នកដែលដាក់ពាក្យច្រើនកន្លែងហើយ នៅតែមិនមានការឆ្លើយតបទៀតនោះ គួរតែគិតឡើងវិញថា ខ្លួនមានចំណុចខ្វះខាតអ្វីនិងគួរបំពេញបន្ថែមចំណុចណាខ្លះ ដើម្បីទទួលបានការងារដែលអ្នកចង់បាន។
១.រកគុណសម្បត្តិនៃការបដិសេធឱ្យឃើញ
ទោះបីជាអ្នកត្រូវគេបដិសេធការងារច្រើនកន្លែងក៏ដោយ សូមកុំបាក់ទឹកចិត្តឱ្យសោះ។ ត្រូវគិតថាការសម្ភាសន៍ដែលអ្នកបានធ្វើកន្លងមកគឺជាបទពិសោធន៍ថ្មីៗ ដើម្បីយកមកអភិវឌ្ឍនសម្រាប់ឱកាសក្រោយទៀត។
២.រៀបចំផែនការចំណាយ
ប្រសិនបើមិនទាន់មានចំណូលក្នុងពេលស្វែងរកការងារទេ អ្នកត្រូវចាយវាយសន្សំសំចៃបំផុត របស់ណាដែលមិនចាំបាច់កុំទាន់អាលទិញ។ ហើយនេះក៏ជាឱកាសល្អដែលអ្នកបានហ្វឹកហាត់គ្រប់គ្រងការចំណាយ នៅពេលទទួលបានការងារមានប្រាក់ខែអ្នកនឹងចេះទុកដាក់លុយយ៉ាងមានប្រសិទ្ធភាព។
៣.បង្កើតបណ្តាញឱ្យបានច្រើន
ការនៅផ្ទះដកដង្ហើមចោលចាំការឆ្លើយតបពីក្រុមហ៊ុនតែម្យ៉ាង គឺជាការបិទឱកាសខ្លួនឯង។ ចេញទៅក្រៅជួបមនុស្សថ្មីៗ ចូលរួមសិក្ខាសាលាអប់រំ ឬ Event ផ្សេងៗទាក់ទងនឹងវិស័យដែលអ្នកចាប់អារម្មណ៍ឬណាត់ជួបមិត្តភក្តិចាស់ៗក៏អាចជាឱកាសឱ្យអ្នកមានផ្លូវដើរថ្មី។
៤.រៀនបន្ត
ដើម្បីកុំឱ្យពេលវេលាដើរទៅមុខឥតប្រយោជន៍ គួរឆ្លៀតឱកាសនេះទៅសិក្សាកម្រិតខ្ពស់ជាងនេះឬស្រាវជ្រាវក្នុងវិស័យដែលអ្នកចាប់អារម្មណ៍។ តែប្រសិនបើការរៀនបន្តមិនមែនជាអ្វីដែលអ្នកចង់បាន អាចប្តូរមកជាការសិក្សាវគ្គខ្លីៗវិញដោយគិតថារៀនដើម្បីស្វែងយល់បន្ថែមនិងបានត្រៀមខ្លួនសម្រាប់ការងារក្នុងថ្ងៃអនាគត។ ម្យ៉ាងវិញទៀតការទទួលបានវិញ្ញាបណ្ណបត្រ ឬសញ្ញាបត្រថ្មីៗក៏ជាភាពទាក់ទាញធ្វើឱ្យក្រុមហ៊ុនងាកមកចាប់អារម្មណ៍អ្នកដែរ។
៥.កុំរើសការងារពេក
ហេតុផលម្យ៉ាងទៀតដែលធ្វើឱ្យអ្នកមិនអាចរកការងារបានគឺ“រើសពេក”។ កុំកំណត់ព្រំដែនខ្លួនឯងដូចជា ជ្រើសរើសតែក្រុមហ៊ុនក្បែរផ្ទះជាដើម។ ក្រុមហ៊ុនខ្លះនៅឆ្ងាយផ្ទះមែន ប៉ុន្តែបើមានវិធីធ្វើដំណើរសមរម្យក៏គួរតែពិចារណាឬការងារខ្លះមិនសមចិត្តអ្នកមួយរយភាគរយ ប៉ុន្តែប្រសិនបើគិតថាអ្នកអាចធ្វើបានគួរតែសាកល្បងធ្វើ។
៦.កំណត់ប្រាក់ខែឱ្យសមស្របនឹងបទពិសោធន៍របស់់អ្នក
អ្នកខ្លះល្អគ្រប់ប្រការ ប៉ុន្តែត្រូវបានបដិសេធដោយសារទាមទារប្រាក់ខែខ្ពស់ជាងសមត្ថភាពខ្លួនពេក។ ដូច្នេះគួរស្វែងរកតុល្យភាពរវាងប្រាក់ខែនិងសមត្ថភាពរបស់អ្នកឱ្យឃើញ។
៧.ធ្វើការងារក្រៅម៉ោង ឬការងារស្ម័គ្រចិត្ត
សម្រាប់អ្នកដែលត្រូវការប្រាក់ចំណូលអាចប្រើប្រាស់ចំណង់ចំណូលចិត្តរបស់ខ្លួនទៅធ្វើការក្រៅម៉ោងឬធ្វើ Vlog ក្នុងយូធូប និងលក់ឥវ៉ាន់អនឡាញជាដើម។ ប៉ុន្តែសម្រាប់អ្នកដែលត្រូវការបទពិសោធន៍ជាងប្រាក់ចំណូលអាចចុះឈ្មោះធ្វើការងារស្ម័គ្រចិត្តលើគម្រោងផ្សេងៗ ប្រសិនបើអ្នកធ្វើការល្អក៏មានឱកាសក្លាយជាបុគ្គលិកអចិន្រ្តៃយ៍របស់គេតែម្តង។
៨.ចាប់ផ្តើមអាជីវកម្ម
ចំពោះអ្នកដែលមានក្តីស្រម៉ៃចង់ក្លាយជាចៅហ្វាយនាយខ្លួនឯងនេះ ក៏អាចជាឱកាសដែលអ្នកបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ អាចជាការចាប់ផ្តើមដោយប្រើចំណេះដឹង និងជំនាញដែលខ្លួនមានបន្ទាប់មកសិក្សាស្វែងយល់បន្ថែមរួចអនុវត្តជាក់ស្តែង។ ពេលធ្វើបានមួយរយៈអ្នកអាចនឹងរកឃើញថាការគ្រប់គ្រងអាជីវកម្មខ្លួនឯងអាចនឹងប្រសើរជាងធ្វើបុគ្គលិកក្នុងក្រុមហ៊ុន៕