ការកើតមាននូវកំហឹង ជឿថាមនុស្សគ្រប់គ្នាៗពិតជាធ្លាប់ឆ្លងកាត់ដែរ តែអ្វីដែលពិបាកសម្រាប់ គ្រប់គ្រងកំហឹងគឺទើបជារឿងសំខាន់ ដូចដែលចាស់ៗតែងនិយាយប្រដៅថា “ខឹងខុស ខឹងខូច ខឹងខាត”។ មានមនុស្សមួយចំនួនធំ បានបណ្ដោយឱ្យការខឹងរបស់ខ្លួន មកគ្រប់គ្រងលើសតិបញ្ញាដែលបណ្ដាលឱ្យ ខាតបង់រឿងជាច្រើន ទៅតាមកំហឹងនៅពេលដែលរលត់បាត់។ ដូច្នេះហើយ បើទោះបីជាអ្នកកើតមានកំហឹងខ្លាំងយ៉ាងណាក៏ដោយ សូមអ្នកកុំធ្វើរឿងទាំងនេះ៖

១.បញ្ចេញជាសាធារណៈ៖ និយមខ្លាំងណាស់ សម្រាប់យុវវ័យដែលប្រើប្រាស់បណ្ដាញសង្គម គឺតែងតែបង្ហាញអារម្មណ៍គ្រប់ពេលជាសាធារណៈ នៅលើគណនីបណ្តេញសង្គមរបស់ខ្លួន។ ហើយការធ្វើបែបនេះ ប្រាកដជាមានមនុស្សជាច្រើន កំពុងវាយតម្លៃអ្នកតាមចិត្តរបស់ពួកគេ។

២.ការជេរប្រមាថ៖ ដឹងច្បាស់ថា កំហឹងកើតមានឡើងដោយសារតែមានមនុស្សណាម្នាក់ ឬមនុស្សមួយក្រុម ធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត តាមរយៈការមើលងាយមកកាន់អ្នក។ ក៏ប៉ុន្តែសម្រាប់ការប្រើពាក្យសម្ដីជេរប្រមាថ ទៅកាន់គេមិនបានជួយឱ្យអ្នកប្រសើរឡើយ ហើយថែមទាំងធ្វើឱ្យកិត្តិយសត្រូវធ្លាក់ដល់ដីទៀតផង។

៣.ការប្រើកម្លាំងបាយ៖ បើអ្នកនិងគូរជម្លោះកំពុងខឹងខ្លាំង អ្នកដើរចេញទៅ ហើយមិនចាំបាច់ខ្លាចអ្នកណាថាអ្នកអន់ឡើយ ដើរចេញដើម្បីប្រមូលសតិ ប្រមូលគំនិត រង្ងាប់អារម្មណ៍ កុំឱ្យឈានដល់ការប្រើហឹង្សាលើគ្នា ក្រោយមកអ្នកប្រាកដជាអរគុណ ដល់ការដើរចេញរបស់ខ្លួនឯងមុននោះ។

៤.និយាយពីក្រោយខ្នង៖ អត់បានអត់ខ្លះទៅ នៅពេលដែលអ្នកកំពុងតែនិយាយអាក្រក់ ពីនរណាម្នាក់ទៅប្រាប់អ្នកដទៃ អ្នកដែលកំពុងស្ដាប់ អ្នកមិនសរសើរថាអ្នកទុកចិត្តគេ ឬក៏ជាទង្វើនាំឱ្យអ្នកថ្លៃថ្នូរឡើយ ប៉ុន្តែវានឹងបង្ហាញពីគំនិតអាក្រក់របស់អ្នកដែលនិយាយពីគេ។

៥.ប្រាប់អ្នកដទៃ ឱ្យស្អប់គេតាមអ្នក៖ ការឈ្លោះប្រកែកគ្នាមិនមែនថា អ្នកដែលជាមិត្តជិតដិតរបស់អ្នក ត្រូវតែស្អប់ដៃគូជម្លោះរបស់អ្នកដែលទេ រឿងរបស់អ្នក អ្នកមិនគួរអូសទាញ មនុស្សដែលមិនដឹងអីឱ្យខឹងស្អប់ជាមួយអ្នកឡើយ។

សរុបមកវិញ អ្នកគួរតែព្យាយាមទប់អារម្មណ៍របស់អ្នកឱ្យបាន កុំបណ្ដោយឱ្យការខឹងដឹកអូសមុខ ហើយអូសទាញអ្នកឱ្យបាត់បង់តម្លៃ ភាពថ្លៃថ្នូរទៅតាមកំហឹងមួយឆាវ ដែលមិនបានផលចំណេញអ្វីសោះដល់ខ្លួន។ ចំណុចទាំង៥ខាងលើ វាងាយនឹងកើតមានចំពោះអ្នកដែលមានកំហឹង ហើយមិនចេះប្រើសតិបញ្ញា ប៉ុន្តែសម្រាប់មនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ប្រាកដជាមិនធ្វើរឿងទាំង៥ខាងលើឡើយ៕