សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

វ័យកាន់តែច្រើនមនុស្សស្រីកាន់តែមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសារ ការងារ ហើយក៏ជាវ័យមួយចូលដល់ពេលវេលាដែលម្ចាស់ការលើខ្លួនឯងកាន់តែខ្ពស់ មានការគិតបានកាន់វែងឆ្ងាយ និងមិនទុករំពឹងលើគ្រួសារតទៅទៀត។ នៅក្នុងរសជាតិនៃជីវិតដែលមនុស្សស្រីបានប្រើអស់រយៈពេល២៤ឆ្នាំ បើទោះបីជាពេលវេលាកន្លងមកអ្នកមានការសោកស្ដាយអ្វីខ្លះ ឬបានប្រើពេលវេលាខ្ជះខ្ជាយបែបណាក៏ដោយ ក៏ប៉ុន្តែពេលឈានចូលវ័យ២៥ឆ្នាំហើយអ្នកត្រូវត្រៀម រៀបផ្លូវដើរសារជាថ្មី។ ទាំងនេះជាអ្វីដែលមនុស្សស្រីត្រូវត្រៀមមុនចូលដល់វ័យ ២៥ឆ្នាំ៖

១/ គិតពីផែនការជីវិត៖ មនុស្សស្រីៗត្រូវតែគិតពីផែនការជីវិតទៅថ្ងៃអនាគតក្នុងឆ្នាំថ្មី ដោយឈប់ពឹងពាក់ទៅលើគ្រួសារ មានប្រាក់ចំណូលដែលអាចជួយឱ្យខ្លួនរស់នៅបានហើយព្រមជាមួយនឹងអាជីពការងារ មុខរបរត្រឹមត្រូវផ្ទាល់ខ្លួន និងរឿងគ្រួសារថាតើអ្នកត្រូវរៀបការនៅពេលណា ហើយអ្នកបានត្រៀមខ្លួនធ្វើជាភរិយាគេហើយឬនៅ?

២/រក្សាសុខភាពឱ្យល្អ៖ បញ្ហាដែលអាចជួបសម្រាប់មិត្តនារីៗកាន់តែមានវ័យច្រើនទៅ គឺកាន់តែពិបាកសម្រកទម្ងន់ ជាពិសេសមិនសូវមានពេលដើម្បីហាត់ប្រាណ ឬថែសុខភាពរបស់ខ្លួនជាដើម ដោយហេតុថារវល់ជាមួយការងារខ្លាំងពេកដែលវាអាចធ្វើឱ្យនារីឆាប់ចាស់មុនអាយុរបស់ខ្លួន។ ហេតុនេះហើយមនុស្សស្រីត្រូវតែមានពេលវេលាខ្លះ ដើម្បីហាត់ប្រាណថែរក្សាសុខភាព និងបរិភោគអាហារដែលមានតុល្យភាពដល់រាងកាយឱ្យបានច្រើន។

៣/ស្រឡាញ់ខ្លួនឯង៖ ចំណុចនេះមានន័យថាអ្នកត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ប្រើពេលវេលាផ្ទាល់ខ្លួនឱ្យល្អ មិនចាំបាច់ត្រូវផ្លាស់ប្ដូរខ្លួនឯងដើម្បីនរណាម្នាក់ឡើយ ដូចជាមិត្តភក្តិ សង្សារ និងគ្រួសារជាដើម។ ជាពិសេសទៅទៀតអ្នកត្រូវចំណាយពេលវេលាដើរកម្សាន្តខ្លះដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ និងជីវិតមានន័យ មិនឆាប់ធុញទ្រាន់ជាមួយអ្វីដែលមាននៅជុំវិញខ្លួន។

៤/ប្រើជីវិតឯករាជ្យ៖ ឯករាជ្យទាំងការរស់នៅ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់ជីវិតដែលមិនមានអារម្មណ៍ថាត្រូវបាននរណាម្នាក់បិទសិទ្ធិសេរីភាពរបស់ខ្លួនឡើយ។ ​ការជួបជាមួយមនុស្សថ្មីៗ រាប់អានមិត្តថ្មីកាន់តែច្រើន ដើម្បីដឹងបានកាន់តែច្បាស់ពីការរស់នៅជាមួយសង្គមឯករាជ្យ ហើយរក្សាអារម្មណ៍របស់អ្នក​ឱ្យនៅដដែលដោយមិនចាំបាច់គិតច្រើនពេកពីតួលេខនៃអាយុរបស់ខ្លួនឡើយ។

៥/ប្រើពេលវេលាជាមួយគ្រួសារ៖ បើទោះបីជាអ្នកឈប់ពឹងពាក់លើក្រុមគ្រួសារយ៉ាងណាក្ដី មិត្តនារីៗគួរតែបានធ្វើរឿងល្អៗជាមួយគ្រួសារឱ្យបានច្រើន បង្កើតបរិយាកាសជាមួយពួកគាត់ ផ្តល់ពេលវេលាជាមួយពួកគាត់ ដើរលេងជាមួយក្រុមគ្រួសារ ហើយបើអ្នកមានលទ្ធភាពគ្រប់គ្រាន់ហើយ អ្នកគួរតែជួយទំនុកបម្រុងដល់គ្រួសាររបស់ខ្លួនខ្លះផងដែរ។

ជាចុងក្រោយអាយុមិនមែនជាឧបសគ្គចម្បងសម្រាប់មនុស្សស្រីនោះទេ ប្រសិនបើអ្នកមានការចាត់ចែងថែរក្សាសុខភាពនិងរូបរាងឲ្យបានល្អទៅតាមវ័យរបស់ខ្លួន។ ជាពិសេសទៅទៀតអាយុកាន់តែច្រើន អ្នកក៏កាន់តែត្រូវឆាប់ចាប់ផ្តើមកសាងស្នាដៃបង្ហាញជូនក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួនឲ្យបានដឹងលឺកាន់តែច្រើនថែមទៀត នោះទើបជីវិតរបស់អ្នកកាន់តែមានអត្ថន័យជាជាងចំណាយពេលវេលាខុសច្រើនពេក៕​