ជីវិត​រស់​នៅពុំ​សូវ​សកម្ម ឬ​​មិន​សូវ​បញ្ចេញ​សកម្មភាព​នៃ​រាង​កាយ​បាន​ច្រើន ព្រម​ទាំង​មាន​របប​អាហារ​ទាំង​បីពេល​ពុំ​ផ្តល់​​ផល​​ល្អ​​ដល់​​សុខភាព​ទៀត​នោះ គឺ​អាចនឹង​បង្ក​ឱ្យ​មាន​បញ្ហា​ទៅ​ដល់​​​ថ្លើមរបស់​យើង​​បាន។

​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​​ផ្នែក​សុខភាព​ជា​ច្រើន​បង្ហាញ​ថា បញ្ហា​សុខភាព​​​​ថ្លើម​ដែល​រង​ឥទ្ធិពល​​ពី​បែប​ផែន​ជីវិត ​មិន​សូវ​សកម្ម​នេះត្រូវ​​បាន​ហៅ​ជា​ភាសា​បច្ចេក​ទេស​ថា Non-Alcoholic Fatty Liver Disease (NAFLD) ដែល​​ជា​បញ្ហា​ធ្វើ​ឲ្យ​ថ្លើម​មាន​ខ្លាញ់​ច្រើន ដែល​ខ្លាញ់​ទាំង​នោះ​មិន​ទាក់​ទង​នឹង​ជាតិ​អាល់កុល ឬ​ស្រា។ នេះមាន​ន័យ​ថាសូម្បី​តែ​​​​​មនុស្ស​ម្នាក់​​ពុំ​ដែល​ញ៉ាំ​ ឬ​មិន​សូវ​ញ៉ាំ​​សុរា​ឬ​​ភេសជ្ជៈ​ជាតិ​អាល់កុល​ជា​ញឹក​ញាប់ ក៏​អាច​កើត​បញ្ហា​ថ្លើម (NAFLD) បាន​ដែរ ដោយ​សារ​កត្តា​រស់​នៅ​មិន​ល្អ​សម្រាប់​​សុខភាព​។

ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​​មួយ ​​ទាក់​ទង​នឹង​បញ្ហា​ខាង​លើធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Auckland នៃ​ប្រទេស​ណូវែលហ្សេឡង់ ​បាន​សិក្សា​ទៅ​លើ​ អ្នក​ស្ម័គ្រ​ចិត្ត​ ៤​ពាន់​នាក់​​​ អ្នក​ស្រាវជ្រាវ​បាន​ប្រើ​បច្ចេក​ទេស​ម្យ៉ាង​គឺ ​ឱ្យ​អ្នក​ស្ម័គ្រ​ចិត្តប្រើ​​កម្លាំង​ប្រអប់​ដៃ​ច្របាច់​ ឧបករណ៍​ Dynamometer ដែល​ធ្វើ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​អាច​ដឹង​ថាមាន​ ឬ​ពុំ​មាន​បញ្ហា​ថ្លើម​ប្រភេទ​​ (NAFLD) បាន​។ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ដែរ​ថា បើ​នរណា​ម្នាក់​មាន​បញ្ហា​ថ្លើម​ (NAFLD)កឺ​អាច​ដឹង​​តាម​រយៈ​អាការៈ​ការ​ពិនិត្យ​មើល​ថ្លើ​ម​ឃើញ​មាន​ទំហំធំខុស​ប្រក្រតី​ ឆាប់​ហត់​ឆាប់​អស់​កម្លាំង​ញឹក​ញាប់ ឬ​​ឧស្សាហ៍​ឈឺ​ត្រង់​ពោះ​ផ្នែក​ខាង​លើ​ក៏​ជា​សញ្ញា​ឱ្យ​ដឹង​ពី​បញ្ហា​នេះ។

អ្នក​ស្រាវជ្រាវ​បាន​បន្ថែម​ទៀត​ថាកត្តា​ដែល​រួម​ចំណែក​ឱ្យ​កើត​មាន​បញ្ហា​ដល់​ថ្លើម ក៏​ដោយ​សារ ភាព​ធាត់​ខ្លាំងបញ្ហា​អាំង​ស៊ុយ​លីន​ក្នុង​រាង​កាយ ជាតិ​ស្ករ​ខ្ពស់និង​​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ច្រើន ដែល​សុទ្ធ​សឹង​បង្ហ​បញ្ហា​ដល់​សេរីរាង្គ​ថ្លើម។ជា​មួយ​គ្នា​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ក្រើន​រំលឹក និង​ណែ​នាំ​ដើម្បី​ជា​ការ​ថែ​រក្សា​សុខភាព​ថ្លើម គឺ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើបែប​ផែន​ជីវិត​រស់​នៅ (Life Style) ដែល​មាន​ភាព​ល្អ​ដល់​សុខភាព​ពោល​គឺ ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​ចិញ្ចឹម​រាង​កាយ រក្សា​ទម្ងន់​ឱ្យ​សម​ស្របហាត់​ប្រាណ​ជា​ប្រចាំ ដែល​​សកម្មភាព​ទាំង​នេះ អាច​ទៅ​កាត់​បន្ថយ​ប្រឆាំង​នឹង​ហានិភ័យ​នៃ​ ជាតិ​ខ្លាញ់​ស្តុក​ក្នុង​ថ្លើមនិង​រាប់​ទាំង​បញ្ហា​ថ្លើម​ Non-Alcoholic Fatty Liver Disease (NAFLD) ផង​ដែរ​៕