ព្រះពុទ្ធសាសនាជាសាសនាដែលបង្រៀនពីសច្ចៈភាពនៃការរស់នៅ និង​ផ្នែកសំខា​ន់ជាច្រើនផ្សេងទៀតដើម្បីធ្វើឱ្យជីវិតមានសេចក្តីសុខ និងសុភមង្គល។

ពាក់ព័ន្ធនឹងតម្លៃនៃការអប់រំតាមបែបព្រះពុទ្ធសាសនាលោក ព្រើន សុវង្ស ព្រឹទ្ធបុរស​រងពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំនិងព័ត៌មានវិទ្យា ទទួលបន្ទុក​ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា កម្មវត្ថុនៃពុទ្ធិកសិក្សាអប់រំជាកម្លាំងចលករដ៏សំខាន់ ជួយជំរុញឱ្យមានវឌ្ឍនភាពសង្គមនិងលើកស្ទួយកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តាមរយៈកិច្ចបដិបត្តិសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌល ប្រកបដោយអភិសមាចារនិងសហសន្តិវិជ្ជមាន។

ព្រះ​ពុទ្ធសាសនាជាផ្នែកមួយយ៉ាងសំខាន់ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមវប្បធម៌ និងផ្នត់គំនិតរបស់ប្រជាជនខ្មែរ។ ប្រព័ន្ធច្បាប់រដ្ឋ ទំនៀមទម្លាប់ ទស្សនទានក្នុងការដោះស្រាយបញ្ហា រួមទាំងគំនិតនានានៃក្បួនច្បាប់សំខាន់ៗរបស់កម្ពុជា សុទ្ធតែមានបញ្ចូលនូវផ្នត់គំនិតរបស់ព្រះពុទ្ធសាសនាដែលបានផ្តល់គុណតម្លៃប្រកបដោយពុទ្ធិសម្រាប់អប់រំមនុស្ស។

បើគ្រាន់តែមើលនឹងភ្នែកធម្មតាយើងឃើញថា ព្រះពុទ្ធសាសនាគ្រាន់តែជាផ្នែកមួយនៃសង្គមដែលអប់រំមនុស្សតាមវិធីធម្មតា តែបើយើងពិចារណាឱ្យបានដិតដល់យើងនឹងឃើញថា ស្ទើរគ្រប់ផ្នែកនៃសង្គមសុទ្ធតែមានចំណែកឬមានគ្រឹះមកពីទស្សនទានព្រះពុទ្ធសាសនា។ ដំបូន្មាននិងវីធីសាស្រ្តដែលដកស្រង់ចេញពីវិស័យពុទ្ធចក្រ ត្រូវបានគេយកមកប្រើប្រាស់នៅក្នុងវិស័យអាណាចក្រដោយផ្ទាល់ និងដោយប្រយោលដើម្បីអភិវឌ្ឍសង្គមប្រកបដោយសុចរិតភាពនិងសន្តិភាព។

ម្យ៉ាងវិញទៀត ព្រះពុទ្ធសាសនានិងវត្តអារាម មិនគ្រាន់តែជានិម្មិតរូបសម្រាប់ការគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែគឺជានិម្មិតរូបនៃដួងព្រលឹងរបស់ជាតិផង ព្រមទាំងជាទីស្ថានដែលបណ្តុះនូវឧត្តមគតិមនសិការ សីលធម៌ និងវប្បធម៌ផងហើយក៏ជាថ្នាលសម្រាប់សាបព្រួស និងបណ្តុះផ្សាំ​ សម្រិតសម្រាំង​ សម្រាញ់(ស្លពល​ឬបង្កើត​ពល) ជ្រើសរើសយកគ្រាប់ពូជនៃវិញ្ញូជន សម្រាប់ការកសាងជាតិក្នុងគ្រប់វិស័យទៀតផង ហើយការអប់រំតាមបែបព្រះពុទ្ធសាសនាគឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយបុគ្គលនោះពីភាពអវិជ្ជាទៅជាវិញ្ញូជន ពីទុច្ចរិតជនទៅជាសុចរិតជន ពីអសប្បុរិសជនទៅជាសប្បុរិសជន ពីបុថុជ្ជនទៅជា​អរិយជន៕