ការចាប់យកជំនាញជាបញ្ហាមួយដែលប្អូនៗទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សា ត្រូវតែស្វែងយល់ពីខ្លួនឯង និងបញ្ហាមួយចំនួនទៀត ដើម្បីឱ្យការជ្រើសជ្រើសគ្មានការស្ដាយក្រោយ នឹងអាចធ្វើឱ្យខាតបង់ពេលវេលាចោល។ នៅក្នុងអត្ថបទនេះ នឹងបង្ហាញពីបញ្ហាខ្លះៗដែលប្អូនៗត្រូវដឹងមុនពេលចាប់យកជំនាញមកសិក្សា៖

១.ទេពកោសល្យ

ទេពកោសល្យពីកំណើត ជាផ្លូវមួយបង្ហាញថាអ្នកពូកែខាងអ្វី ហើយត្រូវដុះខាត់ទេពកោសល្យមួយនោះ តាមរយៈការជ្រើសរើសជំនាញមកសិក្សា ឱ្យត្រូវជាមួយទេពកោសល្យរបស់អ្នកដែលមានស្រាប់។ ក៏ប៉ុន្តែនៅពេលខ្លះអ្នកមិនដឹងថា អ្នកមានទេពកោសល្យអ្វីនៅឡើយ អ្នកអាចនឹងមានការស្រពិចស្រពិលខ្លះ។ យ៉ាងណាមិញសកម្មភាពជាប្រចាំ ទម្លាប់ និងចំណង់ចំណូលចិត្តរបស់អ្នករាល់ថ្ងៃ ប្រាកដជាមានចំណុចមួយដែលបង្ហាញឱ្យអ្នកដឹងតាមរយៈទម្លាប់ជាប្រចាំទាំងនោះ ដោយអ្នកគ្រាន់តែសង្កេត និងព្យាយាមយកចិត្តទុកដាក់បន្តិចលើកាយវិការខ្លួនឯងអ្នកប្រាកដជាបានដឹងពីទេពកោសល្យរបស់ខ្លួនឯងជាមិនខាន។

២.ឱកាស

ក្រោយពេលបញ្ចប់ថ្នាក់មធ្យមសិក្សា អ្នកត្រូវស្វែងរកឱកាសដើម្បីស្វែងយល់ពីជំនាញផ្សេងៗនៅក្នុងប្រទេស ដែលមានឱ្យយើងជ្រើសរើស។ អ្នកត្រូវចូលរួមសិក្សាសាលាស្ដីពីឱកាសការងារឱ្យបានច្រើន ហើយចាប់ផ្ដើមថ្លឹងថ្លែងពីកម្រិតសមត្ថភាព និងចំណាប់អារម្មណ៍របស់អ្នក ថាតើអ្នកមានចំណូលទៅលើការងារ និងជំនាញទាំងនោះដែរឬទេ។ ក៏ប៉ុន្តែអ្នកមិនត្រូវសង្ងំរងចាំឱកាសមករកទេ អ្នកត្រូវតែព្យាយាមស្វែងរកឱកាស និងបង្កើតឱកាសដោយខ្លួនឯង។

៣.ទីផ្សារការងារ

ជំនាញសិក្សាដើម្បីឆ្ពោះទៅវិស្ស័យការងារមានច្រើន ប៉ុន្តែមិនមែនគ្រប់ជំនាញសុទ្ធតែមានទីផ្សារទាំងពេលបច្ចុប្បន្ន និងអនាគតនោះឡើយ។ ដូច្នេះហើយអ្នកត្រូវរកមនុស្សមកពិគ្រោះយោបល់និងធ្វើការសិក្សាស្វែងយល់ពីទីផ្សារការងារ ដែលមានតម្រូវការខ្លាំងទាំងក្នុងពេលបច្ចុប្បន្ននិងអនាគតផងដែរ។​​ អ្នកអាចស្វែងរកការពិគ្រោះការងារ ពីអ្នកជំនាញ ឬតាមប្រព័ន្ធអ៊ិនធើណិត ដែលមានអ្នកជំនាញជាច្រើនបានផ្សព្វផ្សាយពីបញ្ហាទាំងនោះ។

៤.ចំណង់ចំណូលចិត្ត

ជាធម្មតាទេបើអ្នកមិនស្រឡាញ់ពេញចិត្តចំពោះជំនាញដែលអ្នកបានជ្រើសរើសទេ អំឡុងពេលសិក្សាប្រសិនបើមានឧបសគ្គអ្វីមួយ យើងនឹងងាយបោះបង់ចោលជាក់ជាមិនខាន ពីព្រោះអ្នកមិនបានពេញចិត្តជំនាញដែលអ្នកបានជ្រើសរើសឡើយ។ ដូច្នេះហើយអ្នកត្រូវជ្រើសរើសជំនាញដែលអ្នកប្រាកដចិត្តថា អ្នកស្រឡាញ់ពេញចិត្តចំពោះវិស័យសិក្សានោះ ជៀសវាងការជ្រើសយកជំនាញតាមគ្នា ឬតាមតែគេនិយមមួយឆាវ។

៥.ការតស៊ូ

ការតស៊ូក៏ជាបញ្ហាសំខាន់ខ្លាំងដែរ នៅពេលដែលអ្នកសម្រេចចិត្តបានច្បាស់ហើយថាអ្នក ជ្រើសយកជំនាញអ្វីមកសិក្សា។ ពីព្រោះថានៅអំឡុងពេលដែលអ្នកសិក្សា អ្នកត្រូវមានការជំនះ និងតស៊ូ ស្វះស្វែងរកមធ្យោបាយផ្សេងៗដើម្បីឱ្យអ្នកបានបញ្ចប់ការសិក្សា ដោយទទួលបានការងារល្អមួយដែលអ្នកពេញចិត្ត។

សរុបមកវិញយើងសង្ឃឹមថា ចំណុចទាំង៥ខាងលើនេះ អាចជួយបង្ហាញឱ្យប្អូនៗដែលនៅមិនទាន់ប្រាកដចិត្តចំពោះជំនាញសិក្សា ហើយមានការពិបាកខ្លាំងក្នុងការសម្រេចចិត្តចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ អាចសាកល្បងជាមួយវិធីសាស្រ្តខាងលើនេះបាន។ នោះអ្នកនឹងរកខ្លួនឯងឃើញថា អ្នកសាកសមនឹងចាប់យកជំនាញមួយណា៕