ជារៀងរាល់ឆ្នាំមានសិស្សានុសិស្សជាច្រើន បានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សា ហើយបានបន្តដំណើរចូល​មហាវិទ្យាល័យ តែក្រោយពេលចេញពីមហាវិទ្យាល័យ​និស្សិតទាំងអស់ មិនប្រាកដថាអាចសម្រេចបំណងប្រាថ្នាទាំងអស់នោះទេ។ មានអ្នកខ្លះ​ទទួលបានជោគជ័យក្នុងជីវិតការងារ ខណៈមនុស្សមួយចំនួនផ្សេងទៀត​អាចនឹងខកចិត្តបន្ទាប់ពីបញ្ចប់ការសិក្សា។

បញ្ហាទាំងអស់នេះ បណ្តាលមកពីបច្ច័យជាច្រើនដែលក្នុងនោះបណ្ឌិត​ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង បានលើកឡើងថាចំណុចដែលធ្វើឱ្យនិស្សិតជោគជ័យ​ក្នុងជីវិតសិក្សា និងការងារបានគឺ​ការសម្រេចចិត្តត្រឹមត្រូវក្នុងការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សានៅមហាវិទ្យាល័យ។ ហើយដើម្បីសម្រេចចិត្តឱ្យបានត្រឹមត្រូវសិស្សចាំបាច់ត្រូវពិចារណាថា ជំនាញអ្វីដែលខ្លួនមានភាពខ្លាំងពូកែលើមុខវិជ្ជា ឬជំនាញអ្វីកាលពីពេលដែលខ្លួនរៀននៅមធ្យមសិក្សាទុតិយភូមិ ហើយជំនាញអ្វីដែលត្រូវនឹងទេពកោសល្លនិងចំណេះដឹងដែលខ្លួនមាន។ ឯកឧត្ដមបណ្ឌិតបន្ត​ថា បន្ទាប់ពីស្វែងយល់និងពិនិត្យថាអាជីពណាមួយដែលខ្លួនប៉ងប្រាថ្នាហើយ គេត្រូវតែពិនិត្យមើលថាតើមានសាកល​វិទ្យាល័យណាមួយ ដែលត្រូវនឹងជំនាញដែលខ្លួនបានសម្រេចចិត្ត។

លោកបណ្ឌិតបានមានប្រសាសន៍ថា៖«ការសម្រេចចិត្តត្រូវ អាចនឹងធ្វើឱ្យនិស្សិតក្លាយខ្លួនទៅជាមនុស្សដ៏អស្ចារ្យនៅក្នុងសង្គមដូចជាក្លាយខ្លួនទៅជាសហគ្រិនភាពដែលអាចជួយសង្គមបាន ជាអ្នកសេដ្ឋកិច្ចឆ្នើមអ្នករកស៊ីឆ្នើម ឬអ្នកវិទ្យាសាស្ត្រឆ្នើមជាដើម»។

អ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថាសិស្សនិស្សិតតត្រូវពិនិត្យមើលទៅលើទីផ្សារថា តើមុខជំនាញណាដែលល្អនៅលើទីផ្សារហើយដែលមុខជំនាញនេះ គឺតែងតែទទួលអនុសាសន៍ពីឪពុកម្ដាយ បងប្អូនរបស់ខ្លួនឬវាគ្មិនផ្សេងៗ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា និស្សិត​របស់កម្ពុជាតែងតែរងឥទ្ធិពលសេដ្ឋកិច្ចពីឪពុកម្ដាយ ដោយឪពុកម្ដាយជាអ្នកចេញថ្លៃចំណាយលើការសិក្សារបស់ខ្លួន ហើយចង្អុលបង្ហាញថាឱ្យទៅរៀននៅទីនេះ ឬនៅទីនោះ ដែលពួកគេមើលដោយផ្ដោតលើទំហំសេដ្ឋកិច្ចថា រៀនចប់ធ្វើការបានលុយ បានមុខមាត់ខ្ពង់ខ្ពស់។

លោកបណ្ឌិត បានមានប្រសាសន៍ថា ការលើកឡើងខាងលើនេះគឺជាជម្រើសមួយដែលយុវជន ត្រូវធ្វើការពិចារណា និងសម្រេចចិត្តដោយខ្លួនឯង ព្រោះប្រសិនបើគេធ្វើការសម្រេចចិត្តខុស នោះដំណើរឆ្ពោះទៅកាន់ភាពជោគជ័យរបស់គេនឹងត្រូវផ្លាស់ប្ដូរទៅកាន់បរិបទមួយផ្សេងទៀត។ ជាអនុសាសន៍លោកបណ្ឌិត ការសម្រេចចិត្តជ្រើស រើសមុខជំនាញដែលចេញពីទេពកោល្យរបស់បុគ្គល គឺជាការសម្រេចចិត្តចាប់យកជំនាញដែលមានមូលដ្ឋានគ្រឹះរឹងមាំជាងហើយបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈទេពកោសល្យរបស់ខ្លួន បុគ្គលនោះនឹងវិវត្តខ្លួនទៅជាបុគ្គលម្នាក់ដែលឆ្នើមអស្ចារ្យ និងរឹងមាំ៕