សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានរឿងស្មានមិនដល់ជាច្រើនដែលធ្វើឱ្យយើងឈឺចាប់ស្មុគស្មាញ ឬរីករាយខ្លាំងជ្រុលទៅតាមដំណាក់កាលនីមួយៗនៃព្រឹត្តិការណ៍ដែលបានកើតឡើងឥតព្រាងទុក។

ព្រះតេជគុណ សាន សុជា អ្នកអប់រំតាមបែបព្រះពុទ្ធសាសនាបានលើកឡើងថាជីវិតមនុស្សម្នាក់ៗតែងតែ​រស់នៅក្នុងសភាព​ប្រែប្រួលឥតឈប់ឈរដោយក្នុងនោះមានរួមបញ្ចូលគ្នារវាងសុខ និងទុក្ខ។ នៅពេលមនុស្សមានសេចក្តីសុខភាគច្រើនយើងមិនសូវបានកត់ចំណាំច្រើនពេកនោះទេ ហើយបណ្តោយខ្លួនឯង​ឱ្យរំភើបត្រេកអរជាមួយនឹងស្ថានភាពអារម្មណ៍នោះមុននឹងស្ថានភាពផ្លូវចិត្តនោះរលត់បាត់ទៅ។ 

តែផ្ទុយមកវិញ ប្រសិនបើយើងជួបរឿងខកចិត្ត ឬការបាត់បង់វិញវាហាក់ដូចជា​វាយប្រហារខ្លាំងមកលើមនុស្សច្រើនជាងអារម្មណ៍រីករាយ ព្រោះនៅពេលបាត់បង់អ្វីមួយ​ មនុស្ស​តែងតែសំឡឹងមើល​ទៅលើ​ជ្រុងដែលបាត់បង់នោះខ្លាំងជាងផ្នែកដែលយើងមាន។

ព្រះតេជគុណ សាន សុជា មានសង្ឃដីកាថា៖«​មនុស្សយើងមានទ្រព្យសម្បត្តិច្រើនណាស់ដែលយើងមិនចាប់អារម្មណ៍។ ការដែលមានជីវិតមាន​អាវៈយវៈគ្រប់គ្រាន់ និងមាន​អ្វីៗជុំវិញខ្លួននេះគឺជាទ្រព្យសម្បត្តិ​ដ៏មហាសាលតែមនុស្សភាគច្រើនបែរជាយល់ច្រឡំថា ទ្រព្យសម្បត្តិជាលុយកាក់ ទើបជាទ្រព្យមានតម្លៃហើយបែរជាសម្លាប់ខ្លួនពេលបាត់បង់​លុយកាក់ទៅវិញ»។

ព្រះតេជគុណបានបន្ថែមទៀតថាការដែលយើងបាក់ទឹកចិត្តខ្លាំង​នៅពេល​ដែលមានវិបត្តិ គឺភាគច្រើនដោយសារតែយើងផ្តោតខ្លាំងពេកទៅលើចំនុចដែលយើងបាត់បង់។ នៅពេលបាត់បង់អ្វីមួយ ឬឈឺចាប់ដោយសាររឿងអ្វីមួយយើងចម្លងសាច់រឿងនោះដដែលៗ​ដាក់ក្នុងចិត្តរហូតធ្វើឱ្យរបួសស្នាមធំឡើងៗឥតឈប់ឈរ។ ទីបំផុត ទោះបីជាការបាត់បង់នោះតិចតួចជាងអ្វីដែលយើងមានក៏ដោយ ក៏យើង​មិនចាប់អារម្មណ៍ហើយក៏សម្រេចចិត្ត​រស់នៅក្នុងទុក្ខសោកខ្លាំងទៅវិញ។

អ្នកអប់រំ​ខាងលើបានលើកឡើងថា ប្រសិនបើយើងបាត់បង់អ្វីម្យ៉ាងដូចជាលុយកាក់ ឬអាវៈយវៈផ្នែកណាមួយឬរបស់ជាទីស្រឡាញ់ណាមួយ យើងត្រូវសំឡឹងមើល​ផ្នែកផ្សេងទៀតដែលយើងមាន។ ប្រសិនបើយើងបាត់បង់ទ្រព្យ យើងអាចពិចារណាបានទៀតថា យើងមានជីវិតដែលមិនអាចកាត់ថ្លៃបាន មានទំនាក់ទំនងដែលមិនអាចយក​លុយកាក់មកវាស់វែងបានឬយើងមាន​​គុណតម្លៃជាច្រើនផ្សេងទៀតដែលយើង​នៅសល់។ ប្រសិនបើយើងអាចមើលឃើញពីតម្លៃ​របស់ខ្លួនឯងបានកាន់តែច្រើននោះយើងនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការ​ស្តារស្ថានភាព​ឡើងវិញនៅរាល់ពេលដែលយើងជួបបញ្ហាលំបាកណាមួយ៕