សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្សម្នាក់ៗតែងតែមាននូវគោលគំនិតរៀងៗខ្លួន តាមរយៈការឆ្លងកាត់បទពិសោធន៍ក្នុងជីវិតរហូតដល់បុគ្គលទាំងនោះទទួលបាននូវភាពជោគជ័យក្នុងជីវិត ហើយក៏មានមនុស្សជាច្រើនបានយកមកអនុវត្តតាម ដើម្បីទទួលបានភាពល្អប្រសើរដូចជាបុគ្គលល្បីៗទាំងនោះ។ ចុះសម្រាប់អ្នកវិញមានទ្រឹស្តីប្រចាំខ្លួនហើយឬនៅ? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវតែស្វែងយល់ដឹងដើម្បីជាគន្លឹះមួយ សម្រាប់បង្កើតជាចំណេះដឹង។

ទី១.ខ្ញុំខ្លាចក្រ ទើបខ្ញុំមាន(លោកឧកញ៉ា ម៉ុង ឬទ្ធី) 

ប្រសិនបើមនុស្សគ្រប់គ្នាមិនខ្លាចភាពក្រទេ ប្រហែលជាលើលោកនេះមិនមានអ្នកមានដូចគ្នា។ ដូច្នេះការខ្លាចរអានូវអ្វីមួយ វានឹងជម្រុញឱ្យមនុស្សមានការខិតខំប្រឹងប្រែងដើម្បីបញ្ជៀសពីបញ្ហាទាំងនោះកុំឱ្យខ្លួនបានជួបប្រទះ។ វាជារឿងល្អបំផុតនៅពេលគ្រប់គ្នាខ្លាចភាពក្រីក្ រហើយព្យាយាមប្រឹងប្រែងរកសុី មិនមែនខ្លាចរហូតដល់ដេករង់ចាំផ្សងវាសនាឡើយ។

ទី២.បរាជ័យធំបំផុតរបស់មនុស្ស គឺខ្លាចមិនហ៊ាន(ម៉ាក់ ហ្ស៊ូឃឺបឺក)

សម្ដីចេញពីអ្នកជោគជ័យម្នាក់ ដែលធ្លាប់ឆ្លងកាត់នូវភាពបរាជ័យជាច្រើនដង ប៉ុន្តែការបរាជ័យរបស់គាត់គឺជាផ្នែកមួយដ៏ធំធ្វើឱ្យគាត់ទទួលបានជោគជ័យរហូតក្លាយជាមហាសេដ្ឋីដោយសារតែកម្មវិធី Facebook​ របស់ខ្លួន។ ទាំងនេះបានបង្ហាញឱ្យយើងសង្កេតឃើញថា បើទោះបីជារឿងខ្លះគាត់ធ្លាប់ឆ្លងកាត់នូវភាពបរាជ័យ ប៉ុន្តែរឿងទាំងអស់នោះគាត់ធ្លាប់បានសាកល្បង គាត់ហ៊ានប្រឡូកជាមួយរហូតទទួលបានលទ្ធផលល្អរហូតមកដល់សព្វថ្ងៃនេះ។

ទី៣.គិតឱ្យខុសពីគេ​ ទោះបីគេថាគំនិតអ្នកឆ្កួតៗ ក៏អ្នកគួរតែសាកល្បងដែរ(ស្ទីល ចប) 

ភាគច្រើននៃមហាសេដ្ឋីមានគំនិតប្លែកថ្មីៗមិនដូចគេឯងនោះទេ ហើយសុទ្ធសឹងតែទទួលបានការមើលងាយ នៅពេលដែលពួកគាត់មានគំនិតថ្មី ផ្ទុយពីមនុស្សធម្មតាទូទៅរហូតមានគេចោទប្រកាន់ថាជាគំនិតឆ្កួតៗតែប៉ុណ្ណោះ។ បើអ្នកអាចគិតឃើញអ្វីដែលមិនទាន់មានការគាំទ្រ ការទទួលស្គាល់ពីសង្គមក៏ដោយ ប៉ុន្តែអ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯងជានិច្ច។ តើអ្នកណាទៅដឹងទៅថាគំនិតរបស់អ្នក នៅពេលលេចចេញជារូបរាងអាចនឹងក្លាយជារឿងដ៏អស្ចារ្យនោះ ដូច្នេះហើយអ្នកត្រូវតែសាកល្បងធ្វើវាជាមុនសិន។

ទី៤.មនុស្សទូទៅធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ តែខ្ញុំធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃ(លី កាស៊ីង)

អ្នកដែលធ្លាប់បានឮគេនិយាយទេថា “អ្នកមានមិនដែលខ្ជិល មនុស្សខ្ជិលមិនដែលមាន”។ មុននឹងលោក លី កាស៊ីបានបង្កើតពាក្យនេះឡើងគាត់ក៏បានអនុវត្តរួចមកហើយ ដើម្បីដាស់ទឿនដល់មនុស្សមួយចំនួនដែលមិនយកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន ហើយថែមទាំងខ្ជិលធ្វើឱ្យរួចតែពីដៃជាដើម។

ទី៥.ការភ័យខ្លាច គឺជាឧបសគ្គរារាំងរាល់កិច្ចការទាំងអស់(ដូណាល់ ត្រាំ) 

ប្រយោគមួយឃ្លាដែលអ្នកទាំងអស់គ្នាតែងតែលើកយកមកបង្ហាញថា“មិនទាន់សាកល្បងផង កុំទាន់អាលខ្លាចរអា” មានន័យថា មិនទាន់សាកល្បង អ្នកបែរជាខ្លាចរអានិងមិនហ៊ានប្រឈមមុខជាមួយបញ្ហានានាបាត់ទៅហើយ។ តើនៅក្នុងមួយឆាកជីវិតរបស់អ្នកអាចសម្រេចបាននូវកិច្ចការធំអ្វីបានខ្លះហើយ? អ្នកត្រូវតែសាកល្បង ហើយកុំទាន់អាលគិតពីបរាជ័យ ដែលមិនទាន់មានរូបរាងឡើយ ព្រោះថាការបរាជ័យពិតជាសាកសមណាស់ចំពោះមនុស្សប្រភេទដែលមិនទាន់សាកល្បងផងក៏រត់ទៅមុនបាត់ហើយ នេះគេហៅថាបរាជ័យមុនចាប់ផ្ដើម។

ទី៦.មនុស្សពូកែនាំគ្នាវិភាគពីគំនិត មនុស្សធម្មតាវិភាគពីព្រឹត្តិការណ៍  មនុស្សអន់នាំគ្នានិយាយដើមមនុស្ស(សូក្រាត)

វិភាគពីគំនិតបង្កើតចំណេះដឹងចំណេះធ្វើនានា កើតទៅជាគតិបណ្ដុះបណ្ដាលឱ្យខួរក្បាលលូតលាស់ រីកចម្រើនមានតែភាពវិជ្ជមាននៅក្នុងខ្លួន។ ក្នុងនោះផងដែរ ការវិភាគព្រឹត្តិការណ៍អាចធ្វើឱ្យយើងបានស្វែងយល់ដឹងពីបញ្ហានានាដែលបានកើតឡើង ហើយក៏ជាចំណេះដឹងមួយកម្រិតថែមទៀតផង។ ចំពោះមនុស្សមួយចំនួនដែលចូលចិត្តនិយាយដើមគេ តើអ្នកគិតថាចំណេញអ្វីទេ មិនមានចំណេញអ្វីឡើយបានតែភាពក្រហល់ក្រហាយ វិភាគពីជីវិតគេរីកចម្រើនតែគេ ចំពោះខ្លួនឯងមិនព្រមដើរទៅមុខសោះ។

សរុមមកកាលដែលយើងបានសិក្សាស្វែងយល់ពីបញ្ហា ដើមហេតុដែលធ្វើឱ្យបុគ្គលល្បីៗទាំងនោះទទួលបានជោគជ័យ យើងអាចយកមកទុកជាចំណេះដឹងសម្រាប់ខ្លួនឯងងាយស្រួលដោះស្រាយនៅពេលបានជួបឧបសគ្គនានា។ ដូច្នេះហើយសម្រង់សម្ដីរបស់បុគ្គលល្បីៗខាងលើពិតជាអាចជួយលោកអ្នកឱ្យកើតជាប្រយោជន៍បាននាពេលណាមួយជាក់ជាមិនខាន៕