កើតក្នុងគ្រួសារក្រីក្រ មិនបានកម្រិតភាពរីកចំរើនរបស់មនុស្សយើងទេ បើយើងមានកំណើតកើតជា មានសេចក្ដីតស៊ូអត់ធ្មត់ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន ត្រិះរិះរៀនសូត្រឱ្យត្រឹមត្រូវ និងតាំងខ្លួនឱ្យជាឱ្យស្មោះត្រង់ ប្រាកដណាស់ អនាគតរបស់អ្នកនឹងអាចថ្កើងថ្កានបាន។
នេះបើតាមការលើឡើងរបស់ យុវជនវ័យក្មេង លោក ណុប កក្កដា ដែលដើមឡើយជាកូនកសិករធម្មតាម្នាក ក្នុងខេត្តបាត់ដំបង តែបច្ចុប្បន្ន កក្កដា ជាសហស្ថាបនិកហាង កាហ្វេមួយ នៅក្នុងប្លុកបុរីប៉េងហួតបឹងស្នោរ។
ដំណើរជីវិត ពិតជាមិនអាចនឹកស្មានដល់មែន និងរឹតតែមិនអាចបណ្តែតបណ្តោយបានឡើយ ព្រោះកាលណាយើងបណ្ដែតបណ្តោយតាមតែវាសនាថា «កើតជាកូនអ្នកក្រ មិនមានឱកាសដូចកូនគេអ្នកមាន» ហើយយើងមិនបានគិតគួរធ្វើអ្វីសោះដើម្បីឆ្លងឧបសគ្គជីវិតនេះប្រហែលពាក្យទំនាល «កើតមកក្រ ក្រដល់ស្លាប់វិញ» ពិតជាត្រឹមត្រូវមិនខាន។
សំរាប់យុវជន ណុប កក្កដា វិញគឺមិនបាននៅទំនេរឬមានពេលដើរលេងចាយសប្បាយទេ កាលពីខ្លួននៅអាយុក្រោម ២០ឆ្នាំ។ កាលពីឆ្នាំ២០១៥ ខណៈខ្លួនកំពុងរៀនបណ្តើរ យុវជនវ័យក្មេងរូបនេះ ទៅធ្វើជាសន្តិសុខយាមហាងគេបណ្ដើរ និងឆ្លៀតពេលរៀន ភាសាបរទេសបណ្ដើរថែមទៀត។ ការខិតខំរៀនរបស់កក្កដា នាំឱ្យខ្លួនមានឱកាសស្វែងយល់ពីការដោះស្រាយបញ្ហាក្នុងជីវិត ពិសេសមានឱកាសជួបជាមួយមនុស្សមានស្នាដៃហើយជួយឱ្យរូបគេបានរៀនសូត្រចំនេះជំនាញសម្រាប់ជីវិតថែមទៀត។
ជាក់ស្ដែងការអប់រំពិតបានផ្លាស់ប្ដូរជីវភាពរបស់ កក្កដា ពីសន្ដិសុខប្រាក់ខែ មិនដល់ ៤០ម៉ឺន រហូតមានចំណូលបន្ថែមហើយយុវជននេះក៏បោះទុនបន្តក្នុងការអប់រំ ដោយរៀនជំនាញ មេកានិក ឬជាជាងជួសជុលដែលជំនាញនេះនាំ កក្កដា ឱ្យក្លាយជាបុគ្គលិក កាន់ខាងផ្នែកជួសជុលម៉ាស៊ីនកិនកាហ្វេតម្លៃរាប់ម៉ឺនដុល្លារ។ ទោះជាមានចំណូល និងជំនាញប៉ុណ្ណេះក្ដី តែ កក្កដា មិនបានបិទឱកាសរៀនសូត្របន្ថែមពីកាហ្វេ ដូចជាវិធីសាស្រ្តលីងគ្រប់កាហ្វេ កិនកាហ្វេ ហើយនឹងឆុង កាហ្វេ រហូតរូបគេមានឱកាសឡើងមកភ្នំពេញ ហើយប្រលងការឆុងកាហ្វេថ្នាក់ជាតិជាប់ ជ័យលាភី បន្ទាប់លេខ ១ថែមទៀតផង។
ការស្វះស្វែងរកភាពខ្លាំងរបស់ខ្លួន ជំរុញឱ្យជីវិតកក្កដាកាន់តែទទួលបានបទពិសោធនថ្មី នឹងមានឈ្មោះបោះសម្លេងក្នុងឧស្សាហកម្ម ឬពាណិជកម្មកាហ្វេនេះ។ ក្នុងឆ្នាំ ២០១៨ កក្កដា សម្រេចចូលរួមជាមួយដៃគូម្នាក់ដែលស្គាល់កក្កដា ក្នុងការប្រកួតឆុងកាហ្វេថ្នាក់ជាតិ បើកហាងកាហ្វេមួយ ដែលមានទីតាំងក្នុងបុរីប៉េងហួតបឹងស្នោរ និងកំពុងដំណើរការយ៉ាងល្អមកដល់បច្ចុប្បន្ន។
រឿងដែលគួរឱ្យកត់សម្គាល់នោះ កក្កដា មិនមានថវិការឯណាមកបើកហាងកាហ្វេដ៏មានតម្លៃនេះទេ។បើតាមការបញ្ជាក់របស់ កក្កដា រូបគេទទួលភាគលាភរបស់ហាងកាហ្វេមួយនេះ គឺជាការផ្ដល់ឱកាសរបស់ដៃគូរបស់ខ្លួន ហើយការវិនិយោគរបស់ កក្កដា គឺជាសម្ថភាពពិតក្នុងការដំណើរការហាងកាហ្វេ ម៉ាយីហោខ្មែរ កាហ្វេមួយនេះ៕