ការបែកគ្នារបស់ដៃគូ អ្នកដទៃមើលមកអាចថាមិនសាកសម ដោយមើលមកសម្បកខាងក្រៅឃើញសមគ្នាណាស់ ចេះយល់ចិត្តគ្នាណាស់ មិនដែលឃើញមានទំនាស់ជាមួយគ្នាសោះ។ ក៏ប៉ុន្តែសម្រាប់ដៃគូដែលបានសម្រេចចិត្តបែកគ្នានេះ អាចជាផ្លូវចុងក្រោយ ដែលគេបានសម្រេចចិត្តជ្រើសរើស ព្រោះគ្មានអ្នកណាដែលស្រឡាញ់គ្នាសុខៗ សម្រេចចិត្តជ្រើសផ្លូវដើររៀងខ្លួនឡើយ។ ការបែកគ្នារបស់តារាល្បីៗជាច្រើន ដែលស្រឡាញ់គ្នារាប់ឆ្នាំ ចុងក្រោយត្រូវជ្រើសយកការចែកផ្លូវគ្នា បានធ្វើឲ្យដៃគូមូយចំនួនតូចបារម្ភពីទំនាក់ទំនងខ្លួនឯង ខ្លាចមានថ្ងៃនោះចូលមកដល់។

ថែរក្សាពេលវេលាជាមួយស្នេហារបស់អ្នក ដោយអនុវត្តទង្វើទាំងនេះ៖

១.ផ្ដល់ពេលវេលា៖ ពេលវេលាជាបញ្ហាសំខាន់ នៅពេលដៃគូសងខាងមានការងាររៀងៗខ្លួនដើម្បីបំពេញ ហើយក៏ជាពេលមួយដែលដៃគូងាយ នឹងបែកបាក់គ្នាដោយមិនដឹងខ្លួនផងដែរ។ ដូច្នេះហើយអ្នកមិនត្រូវឲ្យកិច្ចការងារខ្លាចជាគម្លាតរវាងអ្នកទាំងពីរឡើយ ត្រូវតែមានពេលវេលាផ្ដល់ឲ្យគ្នា ដើម្បីរក្សាទំនាក់ទំនង និងអារម្មណ៍ល្អៗកុំឲ្យបាត់បង់តាមការរវល់របស់អ្នក។

២.រក្សាសកម្មភាពជាប្រចាំ៖ សកម្មភាពជាប្រចាំដែលអ្នកធ្លាប់ធ្វើនៅពេលផ្ដើមទំនាក់ទំនងដំបូង អ្នកត្រូវរក្សាសកម្មភាពទាំងនោះ ឬក៏ធ្វើឲ្យល្អជាងនេះ ដើម្បីកុំឲ្យសងខាងមានអារម្មណ៍អស់ជំនឿចិត្តលើអ្នក។ ជាពិសេសនោះគឺការផ្ដល់ភាពកក់ក្ដៅ តាមរយៈសកម្មភាពបង្ហាញក្ដីស្រឡាញ់បន្ដិចបន្តួចរបស់អ្នក ដូចជា សួរនាំសុខទុក ចែករំលែកអ្វីដែលអ្នកបានជួបក្នុងមួយថ្ងៃៗ ជជែកគ្នារាល់ថ្ងៃ ទោះមួយថ្ងៃមិនដល់៣០នាទីក៏ដោយ យកចិត្តទុកដាក់ និងការពារគ្នាជានិច្ច។

៣.ការចេះយោគយល់គ្នា៖ ប្រសិនបើអ្នកចាស់ទុំគ្រប់គ្រាន់ ដើម្បីរក្សាស្នេហាមួយនេះហើយ អ្នកគួរតែចេះយោគយល់ និងស្វែងយល់ពីគ្នាឲ្យបានច្រើន ចិត្តធ្ងន់ មិនប្រកាន់ច្រើន ស្វែងរកចំណុចខ្វះខាត ដើម្បីជួយបំពេញឲ្យគ្នា មិនធ្វើអ្វីតាមចិត្តដែលឲ្យម្ខាងទៀតអារម្មណ៍មិនល្អ។ ការរៀនយល់ពីគ្នាបានច្បាស់ មិនធ្វើឲ្យអ្នកហត់ជាមួយទំនាក់ទំនងនេះឡើយ។

៤.ទំនុកចិត្ត៖ ដៃគូជាច្រើនបានភ្លាត់ ធ្វើឲ្យបែកគ្នាដោយមិនដឹងរឿងត្រង់ចំណុចនេះ គឺការបាត់បង់ទំនុកចិត្ត។ ពេលខ្លះការសន្យាសម្រាប់អ្នកអាចគ្រាន់ជាពាក្យដែលអ្នកនិយាយចោល មិនបានយកចិត្តទុកដាក់ ក៏ប៉ុន្តែសម្រាប់អ្នកដែលបានស្ដាប់ពាក្យសន្យារបស់អ្នក កំពុងតែទន្ទឹងសកម្មភាព និងទង្វើរបស់ថាអ្នកយកចិត្តទុកដាក់ និងឲ្យតម្លៃវាខ្លាំងប៉ុណ្ណា។ ការខកខានការណាត់ ទៅយឺតពេល សន្យាធ្វើមិនដែលបាន កំហុសដដែលៗញឹកញាប់ពេក បន្ដិចម្ដងៗធ្វើឲ្យទំនុកចិត្តចាប់ផ្ដើមបាត់បង់ទៅតាមទង្វើដូចគ្នា។

៥.ការនាំទៅលំហែកាយ៖ ការធ្វើដំណើរកំសាន្តជាមួយគ្នា ធ្វើឲ្យទំនាក់ទំនងកាន់តែល្អ ​នឹងស្និទ្ធស្នាលជាមួយគ្នា ព្រមទាំងធ្វើឲ្យក្ដីស្រឡាញ់ចំពោះគ្នាខ្លាំងឡើងៗ។ ការលំហែកាយក៏ជាផ្នែកសំខាន់មួយធ្វើឲ្យដៃគូកាន់តែមានទំនុកចិត្តជាមួយគ្នា និងមានផ្អែមល្ហែមជាងមុន។

សរុបមកវិញអ្នកមិនចាំបាច់បារម្ភថាអ្នកអាចបែកគ្នាឬអត់ឡើយ ផ្ទុយទៅវិញអ្នកគូចំណាយពេលវេលាដែលស្ថិតក្នុងទំនាក់ទំនង ឲ្យបានល្អបំផុត និងធ្វើឲ្យស្នេហារបស់អ្នកមានន័យបំផុត ប្រសិនបើមានការបែកបាក់ក៏អ្នកមិនសូវឈឺចាប់ ព្រោះកន្លងមកអ្នកបានធ្វើល្អហើយ ជួបឬព្រាត់ទុកឲ្យព្រហ្មលិខិតអ្នកសម្រេចចុះ៕