ប្រសិនបើអ្នកមានប្រាក់ខែ ឬប្រាក់ចំណូលត្រឹម 500$ ចុះក្រោមហើយត្រូវរ៉ាប់រងជីវភាពប្រចាំថ្ងៃផងនោះ តើធ្វើយ៉ាងណាដើម្បីកុំឱ្យខ្វះខាតមុខក្រោយនិងអាចសល់លុយខ្លះសម្រាប់សន្សំ? គន្លឹះខាងក្រោមអាចជួយអ្នកឱ្យចាត់ចែងចំណូលនិងចំណាយបានល្អដើម្បីសម្រេចគោលដៅពេលអនាគតបានទៀតផង។

១. កត់ត្រារាល់ការចំណាយ

កត់ត្រានូវចំនួននៃការចំណាយប្រចាំថ្ងៃ ប្រចាំសប្ដាហ៍និងប្រចាំខែរបស់អ្នកថាតើមានតុល្យភាព ឬខុសគ្នាខ្លាំងដែរឬទេរវាងខែនីមួយៗ។ នៅរៀងរាល់ចុងខែ អ្នកត្រូវត្រួតពិនិត្យមើលការចំណាយណាខ្លះដែលមិនសមហេតុផល ហើយចំណាយណាខ្លះដែលគួរកាត់បន្ថយនៅខែក្រោយ។ ធ្វើបែបនេះអ្នកនឹងរៀនសូត្របានច្រើនពីបទពិសោធន៍ចំណាយរបស់អ្នក និងត្រៀមបានល្អសម្រាប់ខែក្រោយៗទៀត។

២. កាត់បន្ថយការចំណាយលើរបស់ផ្ទាល់ខ្លួនដែលមិនចាំបាច់

សម្រាប់ការចំណាយប្រចាំថ្ងៃដើម្បីជីវភាពគ្រួសារពិតជាពិបាកក្នុងការកាត់បន្ថយ។ ដូច្នេះអ្នកអាចព្យាយាមកាត់បន្ថយលើចំណាយផ្សេងៗ ដែលគ្រាន់តែជាការផ្គាប់ចិត្តផ្ទាល់ខ្លួនហើយមិនចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្លាប់តែចំណាយ១០ដុល្លារដើម្បីទិញសម្លៀកបំពាក់រៀងរាល់ខែ អ្នកអាចកាត់បន្ថយវាមកនៅត្រឹមតែ៥ដុល្លារវិញ ឬ៣ខែចាំទិញម្ដងក៏បាន។

៣. ផ្ដល់អាទិភាពចំពោះការចំណាយលើបំណុលដែលមានការប្រាក់ខ្ពស់

ប្រសិនបើអ្នកចង់សន្សំប្រាក់ អ្នកត្រូវតែព្យាយាមផ្ដាច់បំណុលចាស់ៗជាមុនសិន ​ជាពិសេសបំណុលដែលមានការប្រាក់ខ្ពស់ ព្រោះបើអ្នកទុកវាកាន់តែយូរការប្រាក់ក៏នឹងកើនឡើងកាន់តែច្រើន។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានជាប់បំណុលចូរព្យាយាមចំណាយត្រឹមតែក្នុងចង្កោមចំណូលដែលអ្នកមាន ហើយកុំព្យាយាមយកខ្លួនទៅពាក់ព័ន្ធនឹងបំណុលទើបជាការល្អ។

៤. និយាយថាទេចំពោះCredit Card

Credit Cardsកំពុងតែពេញនិយមសម្រាប់មនុស្សសម័យនេះ ព្រោះវាអនុញ្ញាតឱ្យអ្នកចាយមុនទើបទូទាត់ជាក្រោយ។ ជាមួយប្រាក់ខែត្រឹម500$ អ្នកអាចប្រើ Credit Card ដែលមានប្រាក់កម្រិតត្រឹម 1000$ ឬច្រើនជាងនេះ។ដូច្នេះប្រសិនបើអ្នកលង់ខ្លួនសប្បាយនឹងការចាយCredit Card នេះ អ្នកអាចនឹងខកខ្លួនពេលត្រូវទូទាត់ប្រចាំខែម្ដងៗព្រោះរវល់តែសប្បាយចាយ តែភ្លេចមើលនិងផ្ទៀងផ្ទាត់ជាមួយចំណូលរបស់ខ្លួន។

៥. ធ្វើផែនការឱ្យបានច្បាស់លាស់ចំពោះចំណាយណាដែលធំៗ

ការកាត់បន្ថយចំណាយដែលតូចៗនឹងមិនអាចជួយអ្វីបានច្រើនឡើយ។ ដូច្នេះចូរធ្វើផែនការចំពោះចំណាយណាដែលធំៗ ឬចំណាយថ្លៃៗ។ ឧទាហរណ៍ ជំនួសឱ្យការជួលផ្ទះឬអាផាតមិនធំ ហើយថ្លៃ អ្នកអាចប្ដូរមកជួលបន្ទប់តូចល្មមនិងមានទីតាំងនៅជិតកន្លែងធ្វើការរបស់អ្នកវិញ។ ធ្វើបែបនេះអ្នកអាចកាត់បន្ថយបានទាំងថ្លៃចំណាយលើការស្នាក់នៅ និងចំណាយលើការធ្វើដំណើរថែមទៀតផង។

៦. រកចំណូលបន្ថែម

ប្រសិនបើអ្នកមានពេលទំនេរហេតុអ្វីមិនគិតរកការងារក្រៅម៉ោងដើម្បីបានចំណូលបន្ថែមខ្លះ? ធ្វើបែបនេះអ្នកអាចចំណាយចាយវាយដោយប្រើប្រាក់ចំណូលគោលរបស់អ្នក ហើយប្រាក់ដែលរកបានក្រៅនោះអាចទុកសម្រាប់សន្សំបាន៕