មិនថារឿងផ្ទាល់ខ្លួនឬរឿងការងារ យើងតែងតែប្រឈមនឹងលក្ខខណ្ឌ ដែលតម្រូវឱ្យយើងធ្វើការសម្រេចចិត្តជានិច្ច។ ហើយលទ្ធផលនៃការសម្រេចចិត្តនោះ អាចដឹកនាំជីវិតរបស់យើងទៅក្នុងផ្លូវល្អឬផ្លូវអាក្រក់បាន។ ប៉ុន្តែជឿថាមានមនុស្សច្រើននាក់ណាស់ដែលនៅតែឆ្ងល់ថា ទោះបីជាខ្លួនបានគិតល្អិតល្អន់យ៉ាងណាក៏ដោយហេតុអ្វីនៅតែធ្វើការសម្រេចចិត្តខុសម្តងហើយម្តងទៀត?
ចម្លើយគឺមកពីមូលហេតុចម្បងពីរប្រភេទនេះគឺ៖ កំហុសក្នុងដំណើរការសម្រេចចិត្ត និងភាពលម្អៀងរបស់អ្នកសម្រេចចិត្ត។
១.មូលហេតុដែលកើតចេញពីកំហុសក្នុងដំណើរការសម្រេចចិត្ត
- មិនពិនិត្យឱ្យច្បាស់ពីភាពត្រឹមត្រូវ និងភាពថ្មីស្រឡាងរបស់ព័ត៌មាន៖ ដំណឹងឬព័ត៌មានដែលទទួលបានគឺជាកត្តាដែលសំខាន់បំផុត ជាពិសេសក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ព័ត៌មានកាន់តែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្នកខ្លះមានទម្លាប់វិនិច្ឆ័យយោងតាមព័ត៌មានដែលទទួលបានប៉ុណ្ណោះ ដោយមិនតាមដានឱ្យច្បាស់លាស់ឡើយ។
- ជាបញ្ហារបស់ក្រុម ប៉ុន្តែធ្វើការសម្រេចចិត្តតែម្នាក់ឯង៖ នៅកន្លែងការងារអាចជាបញ្ហារបស់កូនក្រុម ឬទាក់ទងនឹងបុគ្គលិកផ្នែកផ្សេងៗទៀត។ ប្រសិនបើយើងធ្វើការសម្រេចចិត្តដោយមិនឱ្យពួកគេមានចំណែកបញ្ចេញយោបល់ដែរនោះក៏អាចធ្វើឱ្យលទ្ធផលចេញមកខុស ឬមិនអាចអនុវត្តជាក់ស្តែងបាន។ ការប្រជុំពិភាក្សា បើកឱ្យបុគ្គលពាក់ព័ន្ធម្នាក់ៗបំផុសគំនិតនឹងទទួលបានទស្សនៈផ្សេងគ្នា ដែលនាំឱ្យការសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព។
- មិនវិភាគដល់ផលប៉ះពាល់ដែលអាចនឹងកើតឡើងឱ្យគ្រប់ជ្រុងជ្រោយ៖ យើងត្រូវគិតអំពីផលប៉ះពាល់រយៈពេលវែង ដែលអាចនឹងកើតឡើងក្រោយពីការសម្រេចចិត្តបែបនេះ ដើម្បីអាចមើលឃើញពីបញ្ហាកាន់តែច្បាស់ហើយរៀបចំផែនការក្នុងការទប់ស្កាត់វាបានយ៉ាងល្អិតល្អន់។
- ខ្វះការប្រាស្រ័ទាក់ទងនិងការត្រួតពិនិត្យ៖ បន្ទាប់ពីធ្វើការសម្រេចចិត្តរួចហើយ គួរមានការប្រាស្រ័យទាក់ទងដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបានដឹង ដើម្បីឱ្យពួកគេបានទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួន។ មិនតែប៉ុណ្ណោះត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលទ្ធផលជាប់ជានិច្ច ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាបានទាន់ពេលវេលាប្រសិនបើមានការភ្លាត់ស្នៀត។
២.មូលហេតុដែលកើតចេញពីភាពលម្អៀងរបស់អ្នកសម្រេចចិត្ត
- Overconfident Baise ជឿជាក់លើខ្លួនឯងខ្ពស់ពេក៖ ដោយសារតែបទពិសោធន៍ និងភាពជោគជ័យក្នុងពេលកន្លងមក ធ្វើឱ្យខ្លួនឯងមានអំនួតរហូតចាត់ទុកការយល់ឃើញរបស់អ្នកដទៃ គឺជារឿងឥតប្រយោជន៍។
- Anchoring Baise លង់ចិត្តជឿហើយមិនងាយប្តូរចិត្តវិញ៖ នៅកន្លែងធ្វើការមនុស្សប្រភេទនេះច្រើនតែជឿលើបទពិសោធន៍ចាស់គំរិល គេអាចនឹងបើកចិត្តស្តាប់ដទៃដែរប៉ុន្តែចុងក្រោយនៅតែប្រកាន់ខ្ជាប់ការយល់ឃើញរបស់ខ្លួនឯងដដែល។ ព្រោះគេជឿថា វិធីនេះធ្លាប់ធ្វើហើយជោគជ័យលើកនេះក៏ត្រូវតែជោគជ័យដែរទាំងដែលការពិតអាចមានជម្រើសផ្សេងដែលប្រសើរ។
- Bandwagon Effect ខ្លួនឯងមិនយល់ស្របទេ តែសុខចិត្តតាមមតិភាគច្រើន៖ ច្រើនតែជាមនុស្សដែលចិត្តមិនដាច់ ទោះបីជាខ្លួនមានវិធីដែលល្អជាងក៏ពិតមែន តែបើឃើញមនុស្សភាគច្រើនយល់ឃើញក៏រើសតាមគេដែរ ព្រោះមិនហ៊ានជំទាស់ឬខ្លាចគេគិតមិនល្អលើខ្លួន។ ប្រសិនបើនៅតែប្រកាន់ទម្លាប់បែបនេះ អ្នកមិនអាចឈរជើងនៅកន្លែងការងារបានយូរទេ។
- Confirmation Bias ស្តាប់តែអ្នកដែលយល់ស្របតាមខ្លួន ព្រងើយដាក់អ្នកប្រឆាំង៖ ភាពលម្អៀងម្យ៉ាងទៀត ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការសម្រេចចិត្តនោះ គឺមិនស្តាប់ហេតុផលអ្នកដែលប្រឆាំង។ ទង្វើបែបនេះមិនត្រឹមតែធ្វើឱ្យការសម្រេចចិត្ត មានភាពបរាជ័យនោះទេ តែក៏ធ្វើឱ្យកន្លែងការងារអាចបែងចែកបក្សពួកបានដែរ។