សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

និស្សិតគ្រប់រូបរមែងប្រាថ្នាចង់បានការងារល្អមួយធ្វើនិងច្បាស់លាស់បន្ទាប់ពី បញ្ចប់ថ្នាក់បរិញ្ញាបត្របួនឆ្នាំនៅមហាវិទ្យាល័យ។ ហើយនៅពេលបច្ចុប្បន្ននេះ យើងឃើញថាការជ្រើសរើសជំនាញសិក្សាខុស គឺជាបញ្ហាប្រឈមមួយ ដែលនិស្សិតមួយចំនួន ក៏ដូចជាប្អូនៗដែលទើបនឹងបញ្ចប់ថ្នាក់វិទ្យាល័យ កំពុងជួបប្រទះនិងពិបាកយ៉ាងខ្លាំង ក្នុងការសម្រេចចិត្តថា តើត្រូវជ្រើសរើសជំនាញអ្វីអោយសមនឹងខ្លួន ដែលអាចរកការងារល្អបាន​ក្រោយពេលរៀនចប់។ 

ខ្លះរៀនដល់ឆ្នាំទីពីរ​​ ទីបីហើយ បែរជាវង្វេងផ្លូវមិនដឹងថាខ្លួនចូលចិត្តអី ស្រលាញ់អី និងពូកែអីត្រូវប្តូរមុខជំនាញសិក្សាចុះឡើងៗពេញនឹង ម្តងចង់រៀននេះម្តងចង់រៀននោះខាតតែពេលវេលាជាច្រើនឥតប្រយោជន៍។ ចំណែកឯខ្លះទៀត រៀនចប់បួនឆ្នាំ បែរជារកការងារល្អមួយធ្វើមិនបានព្រោះមិនពូកែខាងនឹង ខ្លះទៀតនោះបានការងារសមរម្យហើយ តែបែរជាធុញទ្រាន់នឹងធ្វើព្រោះមិនមានជាចំណង់ចំណូលចិត្តខ្លួន។ ដូច្នេះបើមិនចង់ជ្រើសរើសជំនាញសិក្សាខុសនោះទេអ្នកត្រូវតែធ្វើរឿងទាំងនេះ មុននឹងធ្វើការឈានជើងចូលមហាវិទ្យាល័យ:

១. ត្រូវរកអោយឃើញថា​ តើអ្នកចូលចិត្តអ្វីស្រលាញ់អ្វី ហើយពេលធ្វើវា ធ្វើអោយអ្នក សប្បាយចិត្តឬអត់​ ដែលអាចនិយាយបានថា វាជាទេពកោសល្យពីកំណើតឬឧបនិស្ស័យ របស់អ្នកនោះឯង។

ជាការពិតណាស់ ឧបនិស្ស័យគឺជាកត្តាដ៏សំខាន់មួយដែលយើងត្រូវតែគិតទៅលើវាជាដាច់ខាតពីព្រោះថា​ វាទាក់ទងទៅនឹងចំណង់នៃផ្លូវអារម្មណ៍ ឬជាទេពកោសល្យពីកំណើតដែលធ្វើអោយអ្នកមានចិត្តស្រលាញ់ ទៅលើមុខជំនាញឬឯកទេសណាមួយ​។ កាលណាអ្នករកអ្វីដែលអ្នកស្រលាញ់ពេញចិត្តឃើញ នោះវាជាកម្លាំងជំរុញដែលដែលធ្វើអោយអ្នកមានការខិតខំប្រឹងប្រែងសិក្សាពីវានិងចង់ធ្វើវាមិនចេះហត់ឡើយ ពោលគឺកាន់តែធ្វើ​ កាន់តែសប្បាយចិត្ត។

នៅពេលអ្នកបញ្ចប់បរិញ្ញាបត្រ អ្នកនឹងមានជំនាញច្បាស់លាស់ហើយពេញចិត្តនឹងការងារដែលអ្នកធ្វើជាក់ជាមិនខាន។

២. រកនឹកមើលថា មានជំនាញណាខ្លះដែលអ្នកអាចរៀនបាន ជំនាញណាដែលសាកសមនឹងអ្នកផង និងមានទីផ្សារការងារច្រើនផង  ហើយសរសេរជំនាញទាំងអស់នោះដាក់ក្នុងក្រដាស់មួយ រួចស្វែងយល់ពីជំនាញទាំងនោះអោយច្បាស់តាមរយៈអ៊ីនធឺណេត ​ឬសួរនាំលោកគ្រូ ឬសិស្សច្បងដែលមានបទពិសោធន៍ខាងផ្នែកនឹងអោយច្បាស់។

ការដែលអ្នកជ្រើសជំនាញដែលខ្លួនស្រលាញ់​ហើយ​ត្រូវពិនិត្យទៅលើអាទិភាពទីផ្សារនៃជំនាញនោះ ថាតើវាអាចផ្តល់កម្រៃច្រើនឬអត់៕