ក្នុងចំណោមជាង ២០០ប្រទេសលើពិភពលោក មិនមែនគ្រប់ប្រទេសសុទ្ធតែមានភាសាផ្ទាល់ខ្លួននោះទេ តែសម្រាប់កម្ពុជាយើងវិញ យើងមានភាសាជារបស់ខ្លួន​ផ្ទាល់​ដែលនេះជាមោទកភាព​មួយ ​សម្រាប់ប្រជាជនទូទៅ។ ហេតុនេះហើយទើបកូនខ្មែរយើងជាច្រើន ចាប់អារម្មណ៍សិក្សាលើជំនាញភាសាវិទ្យា ដែលជាជំនាញយ៉ាងសំខាន់មួយក្នុងការចូលរួមចំណែកអភវឌ្ឍសង្គម។

លោកបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ តាមរយៈការផ្សារយរបស់រាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា ភាសាវិទ្យា គឺជាវិទ្យាសាស្រ្តដែលសិក្សាអំពីភាសា អំពីរបៀបដែលភាសាដំណើរការ អំពីរបៀបដែល​ភាសាទទួល និងអំពីរបៀបដែល​មនុស្សប្រើប្រាស់ ដើម្បីទាក់ទងគ្នា។ ភាសាវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយ មុខវិជ្ជានេះ មានទាំងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែង ។

លោកបណ្ឌិត បានបញ្ជាក់ថា ភាសាវិទ្យានាពេលបច្ចុប្បន្នមានវិសាលភាពធំធេងណាស់ ក្នុងការអប់រំសាធារណជន ពីព្រោះមុខវិជ្ជានេះ មានការរីកចម្រើន និងធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំងដោយសារមុខវិជ្ជានេះ មានឥទ្ធិពល យ៉ាងសំខាន់ និង ទាក់ទងមុខវិជ្ជាដទៃទៀត ដូចជាចិត្តវិទ្យា ទស្សនវិជ្ជា អប់រំ ការបង្រៀនភាសា សង្គមវិទ្យា នរវិទ្យាវិទ្យាសាស្ត្រកុំព្យូទ័រ និង បញ្ញាសិប្បនិម្មិត្ត ។

លោកបណ្ឌិត វង្ស មេង បានមានប្រសាសន៍ថា៖ «ភាសាវិទូមានចំណេះដឹងច្រើនអំពីរបៀបដែលភាសាដំណើរការ ជាជាង មានលទ្ធភាពនិយាយ ភាសាបានច្រើន ។ ចំណែកឯពហុភាសាវិទូគឺជាអ្នកដែលចេះនិយាយភាសាច្រើន ចំណែកឯភាសាវិទូមិនបង្រៀនឱ្យអ្នកនិយាយភាសាបានច្រើននោះទេ»។

បើតាមការបញ្ជាក់របស់អ្នកជំនាញភាសាវិទ្យាខាងលើ បានឱ្យដឹងថាភាសាវិទ្យា ជួយឱ្យយើងយល់អំពីពិភពលោករបស់យើង ពីព្រោះថា ភាសានីមួយៗប្រៀបបានទៅនឹងពូជរបស់មនុស្ស។ ភាសាវិទ្យា ផ្តិតយកការគិតរបស់មនុស្សទូទាំងពិភពលោក ហើយមានមធ្យោបាយផ្ទាល់ក្នុងការបង្កើតពាក្យ កន្សោមពាក្យ ល្បះ ដើម្បីបង្ហាញគំនិត ។នៅពេលដែលយើងប្រៀបធៀបពាក្យ និង រចនាសម្ព័ន្ធរបស់ភាសាផ្សេងៗយើងកាន់តែខិតចូលទៅជិតកាន់តែខ្លាំងអំពីពិភពលោក ។ ផ្តើមចេញអំពីការយល់អំពីភាពស្មុគ្រស្មាញរបស់ភាសាពិភពលោក ចំណេះដឹងខាងភាសាវិទ្យាអាចយកទៅអនុវត្តបានដើម្បីជួយកែលំអទំនាក់ទំនងរវាងមនុស្សនិងមនុស្សដោយចូលរួមវិភាគទានក្នុងការបកស្រាយសកម្មភាពរបស់មនុស្ស ជួយកាត់បន្ថយអនក្ខរភាព និងជួយព្យាបាលភាពមិនប្រក្រតីខាងការនិយាយរបស់មនុស្សថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះការបណ្ដុះបណ្តាលភាសាវិទ្យា គឺពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ការរៀននិងបង្រៀនភាសា។

ភាសាវិទ្យា ជួយឱ្យយើងមានអំណាចលើមនុស្ស ពីព្រោះភាសាចាប់យករបៀបដែលមនុស្សទទួលយកពិភពលោកជុំវិញខ្លួនយើង និងចាប់យករបៀបដែលយើងទាក់ទងជាមួយនឹងអ្នកដទៃទៀត មិនត្រឹមតែប៉ុណ្ណោះ ភាសាវិទ្យាអាចកំណត់ថា យើងជាអ្នកណា ។ ភាសាកំណើត ដែលយើងនិយាយតាំងពីតូចគឺជាភាសាដែលបង្ហាញអំពីអ្វីដែលយើងបាន​ឮ ដែលគេហៅថាភាសាបេះដូង ។

សហគមន៍ភាសាជនជាតិភាគតិចភាគច្រើន មានព្រំដែនកំណត់ដោយសារមូល​ដ្ឋានវប្បធម៌ ឬពីព្រោះតែបេះដូងភាសារបស់ពួកគេ មិនមែនជាភាសាដែលមានអំណាច ។ ជាលទ្ធផលភាសារបស់​សហ​គមន៍​ជនជាតិភាគតិចរាប់សិបពាន់ មិនបានទទួលការសិក្សាអប់រំដើម្បីឱ្យពួកគេយល់បាន អំពីភាសាកំណើតរបស់ពួក​គេនោះ។ អាស្រ័យហេតុនេះសហគមន៍ជនជាតិភាគតិច ជាប់ក្នុងអន្ទាក់នៃភាពក្រីក្រ មានការរើសអើង ហើយជាងនេះ​ទៀតនោះពួកគេមិនមែនជាផ្នែកមួយនៃភាសានិងវប្បធម៌របស់ក្រុមមនុស្សភាគច្រើននៅក្នុងសង្គម៕