សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុងយុគ្គសម័យបច្ចេកវិទ្យាព័ត៌មាននេះ បច្ចេកវិទ្យា AI បានក្លាយជា​ផ្នែកយ៉ាងសំខាន់ ដែលអាចផ្លាស់ប្តូរការរស់នៅរបស់មនុស្ស។ បម្លាស់ប្តូរនេះ អាចធ្វើឱ្យជីវិតមនុស្សកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ផង និងក៏អាចធ្វើឱ្យមនុស្សជួបបញ្ហាប្រឈមផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សៀក ពិសិដ្ឋ ស្ថាបនិក​នៃ​កម្មវិធី NU Speech Assistance (MENA) ដែលជាកម្មវិធីប្រើប្រាស់បច្ចេកវិទ្យា AI បានបញ្ជាក់ថា បច្ចេកវិទ្យាថ្មីនេះមានទាំងគុណវិបត្តិ និងគុណសម្បត្តិ។ ជាទូទៅដោយសារតែវាជាចរន្តថ្មីសម្រាប់ពិភពលោក ហេតុនេះមានមនុស្សជាច្រើនបានបង្ហាញការព្រួយបារម្ភ ដោយសារតែពួកគេមើលឃើញថា​ វាអាចជំនួសការងាររបស់មនុស្សឬធ្វើឱ្យមនុស្សជាច្រើនបាត់បង់ការងារធ្វើជាដើម។

ទោះជាយ៉ាងនេះក្តី អ្នកបច្ចេកវិទ្យាខាងលើបានពន្យល់ថា ថ្វីត្បិតតែវាបានផ្តល់ផលប៉ះពាល់ខ្លះក៏ពិតមែន តែមនុស្សនៅតែអាចគ្រប់គ្រង និងប្រើប្រាស់វាឱ្យមានប្រយោជន៍បានយ៉ាងច្រើនផងដែរសម្រាប់ការរស់នៅ។ ពេលខ្លះយើងមើលឃើញថា បច្ចេកវិទ្យាថ្មីទាំងអស់នេះបានជះឥទ្ធិពលអវិជ្ជមានសម្រាប់មនុស្ស ដោយវាដណ្តើមការងារមនុស្សតែជាក់ស្តែង វានៅតែត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាមនុស្សដូចគ្នា។ ហេតុនេះហើយ មនុស្សនៅតែរកច្រកចេញឃើញដោយបង្កើតការងារថ្មីៗជាច្រើន ដើម្បីផ្តល់ឱកាសសម្រាប់មនុស្សជាច្រើនធ្វើដោយទទួលបានប្រសិទ្ធភាពការងារ និងទាមទារឱ្យមានភាពឆ្លាតវៃខ្លាំងជាងមុន។

លោក សៀក ពិសិដ្ឋ បាននិយាយថា៖ «​ប្រសិនបើយើងព្យាយាម​សិក្សាស្វែងយល់ និង​បត់ឱ្យទាន់របត់នៃការប្រែប្រួលរបស់ពិភពលោក និងបច្ចេកវិទ្យានោះយើងនៅតែអាចរក្សាបាននូវភាពសំខាន់​លើគ្រប់ការងារទាំងអស់»។

អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា បច្ចេកវិទ្យាក៏មានគុណសម្បត្តិច្រើនផងដែរ ដែលអាចជួយដល់មនុស្សដូចជាការចូលជាផ្នែកមួយ​ ដើម្បីធ្វើឱ្យជីវិតងាយស្រួលចង្វាក់ផលិតកម្មនានា អាចផលិតនូវផលិតផលបានច្រើនជាងមុន ដើម្បីផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់មនុស្សនិងការ​ចូលរួមចំណែក ​ក្នុងការចែករំលែកទិន្នន័យសំខាន់ៗនានាដើម្បី​ជួយឱ្យការរស់នៅកាន់តែប្រសើរឡើងជាដើម។ ហេតុនេះ បច្ចេកវិទ្យាអាចនឹងប៉ះពាល់ដល់ការរស់នៅប្រសិនបើយើងមិនព្យាយាមស្វែងយល់ពីវាហើយប្រើប្រាស់វាខុសផ្លូវតែវាបែរជាផ្តល់ផលហួសពីការស្មានប្រសិនបើយើងចេះប្រើប្រាស់វាបានល្អ៕