មិនថាតែនៅក្នុងសាលារៀន កន្លែងធ្វើការ ឬនៅក្នុងផ្ទះនោះទេ ពោលគឺមនុស្សតែងតែប្រើប្រាស់ខួរក្បាលសម្រាប់គិត គ្រប់ពេលវេលាតែម្តង។ ជាមួយគ្នានេះដែរយើងសង្កេតឃើញថា បុគ្គលមួយចំនួន មានខូរក្បាលឆ្លាត អាចគិតបានឆាប់រហ័ស និងត្រឹមត្រូវ។ រីឯបុគ្គលមួយចំនួនទៀតក៏មិនសូវឆ្លាត ថែមទាំងមានការគិតទន់ខ្សោយទៅវិញ។ 

ក៏ប៉ុន្តែបើទោះបីជាបុគ្គលនោះមិនឆ្លាតឬឆ្លាតប៉ុណ្ណាក៏ដោយ ក៏គង់មានពេលខ្លះទាល់គំនិតគិតអ្វីមិនចេញ ឬមួយក៏មានការភ្លេចភ្លាំងម្តងម្កាលជាក់ជាមិនខានឡើយ។ ម៉្យាងវិញទៀតវាក៏អាច បណ្តាលមកពីភាពធុញថប់អស់កម្លាំងដែលបណ្តាលឱ្យស្ត្រេសធ្វើអ្វីមិនកើតជាដើម។ ដូច្នេះតើគួរតែធ្វើដូចម្តេច នៅពេលដែលអ្នកជួបស្ថានការណ៍បែបនេះ?ខាងក្រោមនេះ គឺជារឿងទាំង៥ ដែលអ្នកគួរតែធ្វើក្នុងអំឡុងពេលដែលអ្នកគិតអ្វីមិនចេញ។

១) សម្រួលអារម្មណ៍ឱ្យធម្មតា

ការទាល់គំនិតគិតអ្វីមិនចេញ ពេលខ្លះគឺកើតឡើងដោយសារតែអ្នកផ្ចង់អារម្មណ៍ទៅរឿងអ្វីមួយខ្លាំងពេកឬមួយក៏បណ្តាលមកពីការព្រួយបារម្ភ និងដោយសារមានពេលវេលាមិនគ្រប់គ្រាន់ជាដើម។ ការដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេកវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកទាល់តម្រិះ និងមិនដឹងថាត្រូវធ្វើអ្វីនោះឡើយ។ 

ដូច្នេះអ្នកគួរតែកុំដាក់សម្ពាធលើខ្លួនឯងពេក បើទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយពោលគឺគិតមួយជំហាន ធ្វើមួយជំហាន នោះដំណោះស្រាយប្រាកដជាលេចចេញមកជាក់ជាមិនខាន។

២) គិតរឿងមួយក្នុងពេលតែមួយ

ខួរក្បាលរបស់អ្នកគឺប្រៀបដូចជាម៉ាស៊ីនទូរស័ព្ទដៃអញ្ចឹងដែរ គឺប្រសិនបើប្រើច្រើនកម្មវិធីក្នុងពេលតែមួយគឺទូរស័ព្ទប្រាកដជាដើរយឺតជាក់ជាមិនខានឡើយ។ ចំណែកឯខួរក្បាលក៏ដូចគ្នាដែរប្រសិនបើអ្នកគិតរឿងច្រើនពេកក្នុងពេលតែមួយ ពោលគឺវានឹងធ្វើឱ្យអ្នកចុះទន់ខ្សោយ  ច្របូកច្របល់  និងគិតអ្វីមិនចេញនោះទេ។ 

ម៉្យាងវិញទៀតវានឹងកាន់តែធ្វើឱ្យអ្នកឈឺក្បាលធុញថប់ និងស្រ្តេសថែមទៀតផង។ ដូច្នេះអ្នកគួរតែជ្រើសរើសយករឿងណាដែលសំខាន់ និងសាកសម ដើម្បីគិតក្នុងខណៈពេលដែលកំពុងរកដំណោះស្រាយនោះទើបជាការល្អ។

៣) ធ្វើអ្វីដែលអ្នកចូលចិត្តជំនួស

ប្រសិនបើអ្នកនៅក្នុងផ្ទះតែម្នាក់ឯង ដោយមិនមានកិច្ចការអ្វីត្រូវធ្វើហើយមានអារម្មណ៍ធុញថប់នោះ អ្នកគួរតែធ្វើរឿងសប្បាយៗមួយចំនួនដែលខ្លួនចូលចិត្តដូចជាស្តាប់តន្រ្តី ច្រៀង ធ្វើម្ហូបឆ្ងាញ់ៗ និងការអានសៀវភៅជាដើម។ រឿងទាំងអស់នេះនឹងអាចជួយកាត់បន្ថយស្ត្រេស ដែលមាននៅក្នុងខ្លួនរបស់អ្នកបាន។ ជួនកាលបន្ទាប់ពីពេលដែលអ្នកធ្វើរឿងទាំងនេះ អាចមានរម្មណ៍ល្អឡើងវិញនិងគិតចេញគំនិតល្អៗបានដោយងាយថែមទៀតផង។

៤) សម្រាកបន្តិចសិន

ប្រសិនបើខណៈពេលដែលអ្នកកំពុងតែស្មុគស្មាញខ្លាំងនិងគិតអ្វីក៏មិនចេញទាល់តែសោះនោះ អ្នកគួរតែសម្រាកសិនទៅ។ អ្នកគួរតែទទួលទានចំណីអាហារនិងភេសជ្ជៈត្រជាក់ៗឆ្ងាញ់ៗ ដើម្បីឱ្យមានកម្លាំងនិងមានអារម្មណ៍ស្រស់ស្រាយបន្តិចសិន។ ម៉្យាងវិញទៀតគឺដើម្បីឱ្យខួរក្បាលរបស់អ្នកបានសម្រាកផងដែរ ពីព្រោះថារឿងខ្លះប្រសិនបើអ្នកកាន់តែគិត វានឹងរឹតតែធ្វើឱ្យអ្នកស្មុគស្មាញទៅវិញទេ។

៥) ស្វែងរកជំនួយ

ជាការពិតណាស់មានបញ្ហាមួយចំនួនបានកើតឡើងមកលើអ្នកដែលអ្នកមិនអាចដោះស្រាយបាន និងទាមទារឱ្យមានជំនួយពីសំណាក់មនុស្សជុំវិញខ្លួនរបស់អ្នក។ នៅពេលដែលអ្នកស្មុគស្មាញ គិតអ្វីមិនចេញ អ្នកអាចរកជំនួយពីបុគ្គលមួយចំនួនដូចជាបងប្អូន គ្រួសារ មិត្តរួមការងារ​និងមិត្តភក្តិជាដើម។ គ្រប់យ៉ាងអាចនឹងប្រសើរឡើង បន្ទាប់ពីអ្នកបានពិភាក្សា​និតទទួលយោបលពីពួកគាត់ ឬមួយក៏អាចទទួលបានដំណោះស្រាយល្អៗពីពួកគាត់តែម្តងក៏មាន។

ជារួមមកវិញប្រសិនបើអ្នកកំពុងតែជួបស្ថានការណ៍ដែលពិបាក​ខ្លាំងដូចជា ស្មុគស្មាញ និងគិតអ្វីមិនចេញនោះ អ្នកគួរតែអនុវត្តនូវគន្លឹះទាំង៥ខាងលើនេះពីព្រោះថាវានឹងអាចជួយអ្នកឱ្យទទួលបានលទ្ធផលល្អ។ ម៉្យាងវិញទៀតអ្នកគួរតែព្យាយាមតាំងសតិអារម្មណ៍ និងកុំដាក់សម្ពាធលើខ្លួនឯងពេកពោលគឺត្រូវធ្វើចិត្តឱ្យសប្បាយៗ ពីព្រោះថាគ្រប់បញ្ហាគឺសុទ្ធសឹងតែមានដំណោះស្រាយជានិច្ច៕