ការ​ទុក​ពុក​មាត់ឬ​ពុក​ចង្កា ​គឺ​ជា​ចំណូល​ចិត្ត​​​របស់​​​យុវជន​​សម័យ​ថ្មីក៏​ដូច​ជា​បុរស​ៗ​មួយ​ចំនួន​​ ដោយ​​​​​ពួក​គេ​គិត​ថា​វា​បាន​ជួយ​លើក​សម្រស់​​មួយ​បែប​​ដល់​ពួក​គេ​ ក៏​ដូច​ជា​បង្ហាញ​ថា រូប​រាង​កាយ​ពួក​គេ​គឺ​បាន​វិវឌ្ឍ​ទៅ​រក​ភាព​ចាស់​ទុំ។ ទន្ទឹម​នឹង​​​គុណ​​សម្បត្តិ​នៃ​ការ​ជួយ​លើក​សម្រស់ ក៏​មាន​នូវ​គុណ​វិបត្តិ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ក្រុម​អ្នក​សិក្សា​បាន​លើក​ឡើង​ផង​ដែរ​ដែល​មាន​ដូច​ជា៖

នៅ​ក្នុង​របាយការណ៍​សិក្សា​មួយ ​​ចាក់​​ផ្សាយ​នៅ​លើ​ទូរទស្សន៍​​សហរដ្ឋអាមេរិក​ លោក​​វេជ្ជបណ្ឌិត​​​នៃ​មន្ទីរ​ពេទ្យ​ក្រុង​ញ៉ូវ​យក​ បាន​​លើក​​ឡើង​ថា បញ្ហា​សុខភាព​អាច​កើត​ឡើង​​​បាន នោះ​គឺ​ដោយ​សារ​តែ ​ការ​ទុក​ពុក​មាត់​គឺ​ក្លាយ​​ជា​បណ្តុំ​​កន្លែង​ដែល​ពពួក​បាក់​តេរី​​ប្រមូល​ផ្តុំ​​ជាប់​នៅ​ទី​នោះ​។​ វេជ្ជបណ្ឌិត​ ក៏​បាន​​លើក​ឡើង​ដែរ​ថា ពពួក​វីរុស​អាច​​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៅ​តាម​រោម​​នៅ​លើ​មុខ​​ផង​ដែរ ដូច​ជា​ជំងឺ​ផ្តាសាយ​ជា​ដើម​។ ម្យ៉ាង​ទៀត​អាការៈ​រោល​រលាក ក៏​ងាយ​នឹង​កើត​មាន​ផង​ដែរ ដែល​ភាសា​បច្ចេកទេស​ហៅ​ថា "Folliculitis” (រលាក​រន្ធ​រោម​)។

តែ​យ៉ាង​​ណា​មិញ ក្រៅ​ពី​ការ​បង្ហាញ​​នៃ​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ញ៉ូវ​យក ក៏​មាន​ការ​លើក​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​នៃ​​​ក្រុម​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ ​​​Southern Queensland ប្រទេស​អូស្រ្តាលី​ក៏​បាន​លើក​ឡើង​ពី​គុណ​សម្បត្តិ​មួយ​ចំនួន​​ សម្រាប់​ការ​ទុក​រោម​ពុក​មាត់ពុក​ចង្កា​។ នោះ​គឺ​ដោយ​សារ វា​ជួយ​​ការពារ​ស្បែក​មុខ​ ពី​ការ​រង​កម្តៅ​ថ្ងៃ​ខ្លាំង​ពិសេស​នោះ​គឺ​កាំ​រស្មី UV នៃ​ព្រះ​អាទិត្យ​។ នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ​២០១១ បាន​​បង្ហាញ​​ថា រោម​ពុក​មាត់​បុរស​ៗគឺ​បាន​ជួយ​ការពារ​ស្បែក​មុខ​របស់​ពួក​គេ ​ដោយ​មាន​ប្រសិទ្ធិភាព​ ពី​កាំ​រស្មី​នោះពិសេស​ត្រង់​បរិវេណ​ផ្នែក​ខាង​លើ​នៃ​បបូរ​មាត់​។

ទោះ​យ៉ាង​ណា​ ប្រភព​ស្រាវជ្រាវ​ខាង​លើ​ដដែល​ក៏​បាន​បន្ថែម​ថា ទោះ​ជា​ការ​ទុក​ពុក​មាត់ ត្រូវ​គេ​រក​ឃើញ​គុណ​ប្រយោជន៍​ទៅ​លើ​សុខភាព​​​ស្បែក​ក៏​ពិត​មែន ប៉ុន្តែ​​​​ការ​ទុក​ពុក​មាត់​ក៏​ត្រូវ​ការ​ថែ​រក្សា​សម្អាត​​បាន​ស្អាត​ផង​ដែរពោល​គឺ​ការ​លាង​សម្អាត​​នឹង​សាប៊ូ​ជា​ប្រចាំ ក៏​ដូច​ជា​មាន​ផលិត​ផល​​​​ឡេ​សំណើម​​ដែល​ជួយ​រក្សា​ពុក​មាត់​ ជៀស​វាង​ការ​​​ផុយ​របក​​គល់​រោម​ពុក​មាត់។ ហើយ​បន្ថែម​ពី​នោះ​ការ​សិត​សម្អាត​រោម​ពុក​មាត់ ​ក៏​​ត្រូវ​បាន​ស្រាវជ្រាវ​សុខភាព​រាប់​ជា​ផ្នែក​មួយ​​​នៃ​តំហែ​រក្សា​អនាម័យ​មុខ​មាត់​ផង​ដែរ​ដើម្បី​ចៀស​វាង​ពី​បញ្ហា​បាក់​តេរី​លើ​ស្បែក​ ដែល​កើត​ឡើង៕ ​​