រូបភាពពី seekclip.com

បច្ចុប្បន្ននេះ ទាំងនៅលើពិភពលោកនិងនៅកម្ពុជា ចរន្តនៃការលក់តាមរយៈអនឡាញ កំពុងមានកំណើនយ៉ាងខ្ពស់ដែលវាជាសញ្ញាណវិជ្ជមានមួយសម្រាប់វិស័យលក់រាយនាពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងនេះក្តី គ្មានអ្នកណាដឹងនោះទេថាអនាគតទៅ វិស័យដែលកំពុងពេញនិយម​នេះ អាចធ្លាក់ចុះមកវិញឬអាចបន្តកើនឡើងរហូតដល់ពេលណានោះ។

អ្នកជំនាញខាងព្យាករណ៍​និងយុទ្ធសាស្រ្ត លោកបណ្ឌិត Patrick Dixon បានលើកឡើងថា អនាគតទៅវិធីសាស្រ្តនៃការលក់តាមអនឡាញ នៅតែអាចឈរជើងលើទីផ្សារ គ្រាន់តែត្រូវការការផ្លាស់ប្តូរវិធីសាស្រ្ត ដោយចែកចាយទំនិញដល់ផ្ទះនឹងមិនសមស្របទៀតទេសម្រាប់មុខជំនួញ។ លោកថា នាពេលបច្ចុប្បន្ននេះ នៅអង់គ្លេស ផលិតផលប្រមាណជាង2ពាន់លានប្រភេទ ដែលដាក់លក់តាមប្រព័ន្ធអនឡាញ។ វាត្រូវបានគេចែកចាយដល់លំនៅដ្ឋានជារៀងរាល់ឆ្នាំ ដោយបញ្ហាបានកើតឡើងបន្តិចម្តងៗ ធ្វើឱ្យអតិថិជនចាប់ផ្តើមមើលឃើញការលំបាក។ បញ្ហាប្រឈមគឺវាត្រូវការចំណាយពេលយូរលើរយៈពេលដឹកជញ្ជូន ហើយមានអ្នកខ្លះទៀត មិននៅផ្ទះនៅពេលអ្នកជញ្ជូនទំនិញមកដល់ផ្ទះ ដោយសារពួកគេមានការរវល់ជាច្រើនមិនអាចរង់ចាំបាន។

ជាទូទៅយើងឃើញមាន​ការរីកលូតលាស់ខ្លាំង លើការចុចបញ្ជារទិញ​និងការចែកចាយទំនិញនៅក្នុងប្រទេសអភិវឌ្ឍធំៗ ដោយថ្មីៗនេះ​ក្រុមហ៊ុននានាចាប់ផ្តើមលែងលក់អនឡាញ ដោយដឹកជញ្ជូនដល់ផ្ទះទៀតហើយ តែគេបែរជា​កំណត់ទីតាំងដើម្បីឱ្យអតិថិជនទៅយកវិញ ដូចជានៅតាម Mart ហាងកាហ្វេ ឬនៅតាមស្ថានីយ៍ប្រេងឥន្ទនៈជាដើម។

លោកបានទស្សទាយទុកថា ការដឹកជញ្ជូនភ្លាមៗបន្ទាប់ពីការបញ្ជារទិញក្នុងតម្លៃពិសេស​ កំពុងក្លាយជានិន្នាការថ្មី​សម្រាប់ប្រជាជននៅតាមទីក្រុងនានា។ ការទិញលក់តាមអនឡាញ នៅតែមាននិរន្តរភាពសម្រាប់ទីផ្សារលក់រាយ តែវាទាមទារឱ្យមានភាពបត់បែនកាន់ខ្ពស់។ លោកថាប្រសិនបើម្ចាស់អាជីវកម្ម មិនព្រមផ្លាស់ប្តូរវិធីសាស្រ្តលក់ទេនោះ អាចនឹងបិទទ្វា តែប្រសិនបើគេអាចបត់បែនទាន់សភាពការណ៍ គេអាចនឹងជំរុញការលក់បានកាន់តែច្រើន។

បន្ថែមពីលើនេះ ការដឹកជញ្ជូនអាចនឹងមានភាពបត់បែន ពីការកំណត់ផ្ទះជាគោលដៅចុងក្រោយនៃការ​ដឹកជញ្ជុនទៅជា​ តាមទីតាំងដែលអ្នកលក់អាចដាក់ទំនិញ​ ដើម្បីឱ្យអ្នកទិញអាចយកបានគ្រប់ពេលឬប្រើប្រាស់សេវាដឹកជញ្ជូនដែលអាចបត់បែនបានលឿនដូចជាតាមរយៈ Drone ឬតាមរយៈបណ្តាញដឹកជញ្ជូន ដែលប្រើប្រាស់បច្ចេកវិទ្យាចង្អុលទិសដៅ ដើម្បីដឹកឱ្យដល់ដៃអតិថិជនបើទោះបីជាគេផ្លាស់ទីទៅដល់ទីណាក៏ដោយ៕