ក្នុងបរិបទនៃការរស់នៅប្រឈមជាមួយការរាលដាលនៃជំងឺកូវីដ១៩ គ្រប់គ្នាច្រើនតែមានការព្រួយបារម្មណ៍ខ្លាំង និងខ្លះ ទទួលបាននូវព័ត៌មានដែលត្រូវដឹងពីបញ្ហានេះលើសកម្រិត ដែលវានឹងជះឥទ្ធិពលមិនល្អដល់ស្មារតីផ្លូវចិត្តរបស់អ្នក ឬអាចឲ្យលោកអ្នកស្ថិតក្នុងភាពភ័យខ្លាចលើស ពីអ្វីដែលត្រូវប្រឈមមុខ។ ខាងក្រោមនេះ យើងសូមណែនាំនូវគំនិតខ្លះៗ ដើម្បីបន្ថូរអារម្មណ៍ផ្លូវចិត្តរបស់អ្នក៖

១.​ ដាក់កម្រិតការតាមដានព័ត៌មាន ដែលទាក់ទងនឹងស្ថានការណ៍​Covid-19

ការតាមដានព័ត៌មានដើម្បីបន្ថែមចំណេះដឹងក្នុងការត្រៀមខ្លួន គឺជារឿងដែលល្អខ្លាំងណាស់ ប៉ុន្តែអ្នកមិនត្រូវងប់ងល់នឹងព័ត៌មានក្នុងប្រធានបទនេះជ្រុលពេកទេ។ ព័ត៌មានដែលចែកចាយក្នុងស្ថានការណ៍បែបនេះ តែងតែធ្វើឱ្យអ្នកអានមានអារម្មណ៍ស្ត្រេស ឬព្រួយបារម្ភខ្លាចវាកើតឡើងលើខ្លួនឯងផង រួមទាំងផលប៉ះពាល់ផ្សេងៗទៀត។ 

អ្វីដែលអ្នកគួរធ្វើនោះគឺ អានព័ត៌មានក្នុងកម្រិតមធ្យមដោយជ្រើសរើសតែប្រភពដែលអាចទុកចិត្តបាន។ កុំបណ្តោយឱ្យការចែកចាយព័ត៌មានទាំងនោះចូលមកជះឥទ្ធិពល លើពេលវេលាទាំងអស់របស់អ្នក​ រួចប្តូរមកបែងចែកពេលវេលាឱ្យខ្លួនឯងបាននៅឆ្ងាយពីរឿងរ៉ាវ​COVID-19 នេះខ្លះដើម្បីជាការសម្រាកលំហែរ។

២. ព្យាយាមរស់នៅតាមធម្មតា និងមើលថែសុខភាពខ្លួនឯងឱ្យបានល្អបំផុត

ក្នុងបរិបទដែលត្រូវកំណត់ការដើរហើរបែបនេះ មនុស្សភាគច្រើនប្រាកដជាបណ្តោយខ្លួន មិនយកចិត្តទុកដាក់មើលថែទាំងសុខភាព និងរាងកាយ ព្រោះគិតថាខ្លួនមិនត្រូវចេញទៅណាផង ប៉ុន្តែកុំភ្លេចថានៅពេលសុខភាពល្អ​ ផ្លូវចិត្តនិងប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ នោះអ្នកក៏មិនអាចឆ្លងដោយងាយៗដែរ។ ម្យ៉ាងវិញទៀតគួរព្យាយាមរស់នៅតាមទម្លាប់ធម្មតាក្នុងពេលមុនឱ្យបានច្រើន ដើម្បីឱ្យមានអារម្មណ៍ថាយ៉ាងហោចណាស់អ្នកអាចគ្រប់គ្រងជីវិតខ្លួនឯងបាននិងមិនគិតថាការរាតត្បាតនេះមានឥទ្ធិពលដល់អ្នកខ្លាំងក្លាពេកទេ។ 

ឧទាហរណ៍ ៖ការកំណត់ពេលវេលាចូលគេង និងក្រោកពីគេងតាមថ្ងៃធម្មតាដែលត្រូវទៅរៀន​ ឬធ្វើការទទួលទានអាហារឱ្យគ្រប់ទាំង ៥ ក្រុមនិងទៀងពេល ហាត់ប្រាណជាប្រចាំអាស្រ័យលើទីកន្លែងដែលសមរម្យ។

៣. កុំសម្ងំនៅតែក្នុងបន្ទប់រកពេលវេលាចេញមកក្រៅខ្លះ

នៅក្នុងស្ថានភាពបែបនេះ មិនមែនតម្រូវឱ្យយើងត្រូវចាក់សោរខ្លួនឯងក្នុងបន្ទប់នោះទេ។ ប្រសិនបើមានអារម្មណ៍ថាស្រ្តេស ឬបាក់ទឹកចិត្តគួរចេញមកខាងក្រៅផ្ទះខ្លះ តែកុំភ្លេចអាវុធពិសេសគឺម៉ាស់និងអាល់កុល។ ចេញមកដើរលេងខាងក្រៅនៅពេលព្រឹកព្រលឹម អ្នកនឹងបានស្រូបយកពន្លឺថ្ងៃស្រទន់ៗធ្វើឱ្យរាងកាយបានសំយោគវីតាមីនD​ ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹងបានមួយកម្រិតដែរ។

៤. ផ្តោតសំខាន់តែលើរឿងដែលអ្នកអាចធ្វើបាន

ការរាតត្បាតនៃវីរុសកូវីដ ១៩ គឺជារឿងដ៏ធំមហាសាល ដែលយើងមិនអាចគ្រប់គ្រងវាបានតែម្នាក់ឯងទេ។ ព្យាយាមកុំគិតពីរឿងដែលយើងមិនអាចគ្រប់គ្រងបាន រួចប្តូរមកចាប់អារម្មណ៍ពីសកម្មភាពតូចៗ ដែលអ្នកអាចធ្វើបានដើម្បីរួមចំណែកជួយសាធារណៈជនទាំងអស់បានដូចជា

-      លាងដៃជាញឹកញាប់ឬប្រើអាល់កុលជាប្រចាំ

-      ពាក់ម៉ាសរាល់ពេលចេញទៅកន្លែងដែលមានមនុស្សច្រើន

-      ចៀសវាងយកដៃទៅប៉ះពាល់មុខច្រមុះ ភ្នែក​ដោយផ្ទាល់

-      ព្យាយាមមើលថែសុខភាពខ្លួនឯងឱ្យបានល្អបំផុត។

៥. រក្សា​ទំនាក់ទំនងជាមួយអ្នកដទៃ​

ទោះបីជាយើងមិនអាចចេញទៅក្រៅបានក៏ពិតមែន ប៉ុន្តែវាមិនមែនជាឧបសគ្គទៀតទេក្នុងការរក្សាសម្ព័ន្ធភាពរវាងគ្នានឹងគ្នាក្នុងពេលបច្ចុប្បន្ននេះ។ ប្រើប្រាស់ទូរស័ព្ទ ឬបណ្តាញសង្គមឱ្យមានប្រយោជន៍ក្នុងការសួរសុខទុក្ខគ្នា ឬពិភាក្សារឿងរ៉ាវទូទៅ ដើម្បីកុំឱ្យមានអារម្មណ៍ថាយើងម្នាក់ៗត្រូវប្រឈមនឹងវិបត្តិនេះតែម្នាក់ឯងកណ្តោចកណ្តែង។ ការបាននិយាយជាមួយអ្នកដទៃ ក៏ជាវិធីសាស្រ្តមួយក្នុងការប្រឆាំងអារម្មណ៍ឯកោបានដែរ។