បច្ចុប្បន្ននេះ មនុស្សជាច្រើនម៉ឺននាក់ជាពិសេស​អ្នកនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល កំពុងស្ថិតក្នុងដំណាក់កាលដែលត្រូវ​បិទខ្ទប់នៅក្នុងផ្ទះដើម្បីបង្ការជំងឺកូវីដ-១៩។ កាលៈទេសៈនេះ មានមនុស្សមិនតិចទេដែលមានបញ្ហាផ្លូវចិត្ត​ ស្មុគស្មាញ និង​​ធុញថប់។

ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងអស់នេះក្រមា ប៉ុស្តិ៍ សូមលើករឿងរ៉ាវសំខាន់ៗ២ យ៉ាងដើម្បី​ចូលរួមចំណែក​ជាគន្លឹះក្នុងការដោះស្រាយបញ្ហាផ្លូវចិត្ត​ ក៏ដូចជាបង្កើនគុណភាពជីវិតឱ្យកាន់តែប្រសើរឡើងក្នុងដំណាក់កាលដ៏លំបាកនេះ។

១. ស្ងប់ស្ងាត់ជាពេលស្វែងយល់ពីខ្លួនឯង

ពេលវេលាស្ងប់ស្ងាត់ ជាដំណាក់កាលល្អបំផុតក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់ពីខ្លួនឯង។ កន្លងមកមនុស្សជាច្រើនសុទ្ធតែរវល់ជាមួយការងារ​ប្រចាំថ្ងៃ មុខរបរនិងសកម្មភាពចាំបាច់ជាច្រើនផ្សេងទៀត ដែលធ្វើឱ្យ​ពួកគេមិនមានពេលគ្រប់គ្រាន់​ដើម្បីស្វែងយល់ពីខ្លួនឯង។

ដំណាក់កាលនៃការបិទខ្ទប់នេះ អ្នកអាចរកពេលវេលា​ល្អនាពេលព្រឹកណាមួយដើម្បី​ពិនិត្យឡើងវិញនូវដំណើរជីវិតរបស់ខ្លួនឯងផ្ទាល់។ យើងអាចពិនិត្យមើលពីគោលដៅជីវិត ស្ថានភាពបច្ចុប្បន្ន និងចំណុចខ្លាំងក៏ដូចជាចំណុចខ្សោយរបស់ខ្លួនដើម្បីងាយស្រួលក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរ។ ម្យ៉ាងវិញទៀតការធ្វើបែបនេះ ក៏ជា​ការស្វែងរក​បញ្ហាដើម្បីតម្រង់ទិសខ្លួនឯងឱ្យកាន់តែ​មានថាមពលនិង​ធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។

២. ប្រើពេលស្ងប់ស្ងាត់បង្កើនក្តីស្រឡាញ់

និយាយពីក្តីស្រឡាញ់ មនុស្សជាច្រើន​ច្បាស់ជាគិតដល់​អ្នកដែលមានគូ តែតាមពិតទៅក្តីស្រឡាញ់​មានវិសាលភាពធំទូលាយណាស់។ យើងអាចចែករំលែកឬបង្កើនក្តីស្រឡាញ់ចំពោះអ្នកគ្រប់គ្នា។ ប្រសិនបើយើងជាមនុស្សមានគូ មានគ្រួសារនិងមានកូន យើងអាចបង្កើនក្តីស្រឡាញ់ចំពោះពួកគេតែប្រសិនបើយើងជាមនុស្ស​ដែលមិនទាន់មានគូ ហើយ ឬនៅតែម្នាក់ឯង យើងអាចបង្កើនក្តីស្រឡាញ់ចំពោះខ្លួនឯង ចំពោះឪពុកម្តាយឬចំពោះមនុស្សដែលយើងយល់ថាសមនឹងតម្លៃដែលទទួលបាន។

ការបង្កើនក្តីស្រឡាញ់ មិនចាំបាច់ត្រូវតែទិញរបស់ថ្លៃៗ ឬ​បង្កើតភាពអស្ចារ្យអ្វីខ្លាំងហួសពីសមត្ថភាពនោះទេ។ ពេលខ្លះគ្រាន់តែម្ហូបមួយចាន ភាពស្និទ្ធស្នាល ឬ​ការយកចិត្តទុកដាក់ចំពោះគ្នាក៏រាប់ថាជា​ការបង្កើនក្តីស្រឡាញ់ដែរ។ ហេតុនេះហើយ ប្រសិនបើយើងមិនធ្លាប់មានពេលបង្កើនក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ ឬមនុស្សជុំវិញខ្លួនដំណាក់កាលនេះយើងអាចធ្វើបាន៕