ជាអ្នកខេត្តបាត់ដំបង យី កក្កដា គឺជាវិចិត្រករពហុជំនាញ ដែលមានបងប្អូន៨នាក់ និងកំព្រាឪពុក​​ម្ដាយតាំងពីតូច។

បើអ្នកធ្លាប់ឃើញរូបគំនូរតាមជញ្ជាំង ឬតាមផ្លូវសាធារណៈមួយចំនួន នៅក្នុងទីក្រុងភ្នំពេញ អ្នកអាចនឹងនឹកឆ្ងល់ថា ជាស្នាដៃជនជាតិបរទេសអ្នកបង្កើតឬយ៉ាងណា? ក៏ប៉ុន្តែបរទេសឯណា មកគូសក្បាច់ខ្មែរ និងបង្ហាញពីសិល្បៈខ្មែរ? តើគំនូរប្រភេទនេះមួយចំនួនជាស្នាដៃរបស់អ្នកណា?

បច្ចុប្បន្នគំនូរប្លែកៗទាំងនេះ មួយចំនួនគឺជាស្នាដៃរបស់វិចិត្រករពហុ​ជំនាញ យី កក្កដា ដែលចេះ​ទាំង​​គូរ​​ទម្រង់គំនូរបុរាណ​និងសម័យ ​ទាំង​លើ​ជញ្ចាំង​ ​និង​លើ​ក្រណាត់​ឬ​ក្រដាស​។ លើស​ពី​នោះ គឺ​គាត់មានទេពកោសល្យ គូរ​រូប​២​ផ្ទាំង​ដោយ​ប្រើ​ដៃ​ទាំងពីរ​ក្នុង​ពេល​តែ​មួយ​ និងទេពកោសល្យប្លែកៗ ដែលបរទេសស្ងើចសរសេរគ្រប់ៗគ្នានាពេលបានដឹងថា កូនខ្មែរវ័យក្មេងម្នាក់នេះជាម្ចាស់គំនូរ។

បន្ថែមពីលើជំនាញខាងលើនេះកក្កដា ​ក៏​អាច​លេង​ភ្លេង​ ថែម​ទាំង​ចេះ​ឆ្លាក់​រូប​បាន​​ និងមានជំនាញរៀបចំរូបបដិមាករឬរូបចម្លាក់ធំៗបាន ក៏​ប៉ុន្តែយើង​មិន​នឹកស្មាន​ដល់​ថា ​យុវ​ជន​រូប​នេះ ​ធ្លាប់​ឆ្លង​កាត់​ប្រវត្តិ​ដ៏​កំសត់​ទម្រាំមានថ្ងៃនេះ។ យុវវិចិត្រករ កក្កដា ប្រាប់ឱ្យដឹងថា កាល​ពីខ្លួន អាយុបាន៤ឆ្នាំ ឪពុក​​ក៏បាន​មរណភាព​ដោយជំងឺ ហើយ​រហូត​ដល់​ខ្លួន​មាន​អាយុ​ ១០​ឆ្នាំ ម្តាយ​ក៏​ឈឺរហូតទទួលមរណភាព​ទៀត។ ក្រោយពីអ្នកមានគុណទាំងពីរលាចាកលោក ធ្វើឲ្យ កក្កដា ត្រូវ​រស់​នៅ​ខ្លួន​ទី​ពឹង​ខ្លួន​ ជា​មួយ​បង​ប្អូន​រហូត​ដល់​ទៅ​៨​នាក់​។

​ជា​ក្មេង​ដែល​អណ្តែត​ត្រ​សែត ត្រាច់​ចរ​តាម​បង​ស្រី ​ដើម្បី​រកស៊ី​លក់​ដូរ​សម្លៀកបំពាក់​ ហើយ​និង​ខិត​ខំ​រៀន​រស់​ដោយ​ពឹង​លើ​សមត្ថភាព​ខ្លួនឯង ​ដូច​ជា​ស៊ី​ឈ្នួល​រត់​តុ​គុយ​ទាវ​ កាហ្វេ​ ឬ​ការងារ​សំណង់​ជា​ដើម ​និយាយ​រួម​ការងារ​អ្វី​ក៏​ដោយដែលសង្គមឲ្យតម្លៃ និងទទួលបានប្រាក់កម្រៃខ្លះ គឺធ្វើទាំង​អស់​ដើម្បី​ចិញ្ចឹម​ជីវិត​។ នេះបើតាមការបញ្ជាក់របស់ កក្កដា។ ដើម្បីមានជីវិតរស់ ការងារសព្វគ្រប់ គឺជាមេរៀនសម្រាប់ជីវិត ហេតុដូចនេះ កក្កដា មិន​បាន​រៀន​សូត្រ​សាលា​ចំណេះ​ដឹង​ទូទៅ​បាន​ចប់​ថ្នាក់​ទី​១២​នឹង​គេ​នោះ​ទេ​។

ត្បិត​តែ​មិន​ទទួល​បាន​ការ​អប់រំ​ខ្ពង់​ខ្ពស់ ​តែយុវជន​ដែល​មាន​ស្រុក​​កំណើត​នៅ​ខេត្ត​បាត់​ដំបង តែង​លើក​តម្លៃ​ការ​សិក្សា​អប់រំ​ ហើយ​រូប​គេក៏​តែង​តែ​ចូល​រួម​ចំណែក​តាម​សម​ត្ថភាព​ ក្នុង​ការងារ​សង្គម ​ដោយ​យក​ថវិកា​ដែល​រក​បាន​ពី​ការងារ​ទៅ​ធ្វើ​ជា​គំនូរ​បែប​អប់​រំ​សិល្បៈ​ចែក​រំលែក​នានា តាម​សា​ធារ​ណៈ និង​តាម​មណ្ឌល​ក្មេង​កំព្រា​ជា​ដើម​។

កក្កដា បានប្រាប់ថា ៖ សិល្ប:ជាគ្រឿងលំអជីវិត មិនត្រឹមតែជួយខ្ញុំឱ្យរីករាយក្នុងចិត្តទេ វាក៏ជួយមនុស្សដទៃទៀតឱ្យមានទឹកចិត្តតស៊ូ និងទទួលបានអារម្មណ៍កក់ក្ដៅ ថែមទាំងជាការជំរុញលើកទឹកចិត្ត ឱ្យស្រលាញ់វប្បធម៌និងស្វែងយល់ស៊ីជម្រៅបន្ថែម។ ត្បិតតែមានចំនេះជំនាញសិល្បច្រើនមុខ តែទីផ្សារការងារសិល្បៈនៅក្នុងស្រុក មិនសូវផ្ដល់អាទិភាពឱ្យ កក្កដា ប៉ុន្មាន។ ហេតុនេះ ការពង្រីងសម្ថភាព ឱ្យខ្លាំងពូកែ និងឈានជើងប្រគួតប្រជែងនឹងបរទេសទេ ទើបអាច បង្ហាញដល់មនុស្សក្នុងសង្គមខ្មែរ ងាកមកផ្តល់តម្លៃសិល្បវប្បធម៌ដែលខ្លួនមាន