សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភាព​ជា​យុវវ័យជា​វ័យ ​ដែល​​ក្លៀវ​ក្លាស្វាហាប់ ចង់​សាកចង់​ស្គាល់​បទ​ពិសោធន៍​ថ្មី​ៗ ហើយ​រីក​រាយ​នឹង​វេលា​ដែល​កំពុង​មានប៉ុន្តែ​ក៏​មាន​ពេល​ខ្លះ ការ​រីក​រាយ​​ទាំង​នោះរហូត​ភ្លេច​គិត​​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ពេល​វេលា​​​​​ខាង​មុខ ​ដែល​ប្រែ​ប្រួល​ឥត​រង់​ចាំ​នរណា​ម្នាក់​​ឡើយ។ សម្រាប់​ចំណុច​មួយ​ចំនួន​ដែល​យុវជន​ភាគ​ច្រើ​ន អាច​មើល​រំលង​នោះគឺ​ត្រូវ​បាន​បង្ហាញ​ជា​ទូ​ទៅ​ដូច​ខាង​ក្រោម​នេះ​៖

.មើល​រំលងមិន​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព

សុខភាព​ជា​ផ្នែក​សំខាន់​​មួយ​ដែល​នៅ​ជាប់​​​​ជា​មួយ​អ្នក​​។ ដូច​នេះ​ពុំ​គួរទាល់​តែ​សុខភាព​ជួប​បញ្ហា​ទើប​រត់​ទៅ​គិត​គូរ​ពី​សុខភាព​នោះ​ទេ។ ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ខ្លួន​ឯង ធ្វើ​លំហាត់​ប្រាណ​​ជាប់​ជា​ទម្លាប់​ប្រចាំ​ថ្ងៃដែល​ជា​សុទ្ធ​សឹង​ជា​ចំណុច​មិន​គួរ​មើល​រំលង ​ព្រោះ​មាន​តែ​សុខភាព​នេះ​ដែល​នៅ​បន្ត​ជួយ​អ្នក​រហូត​ដល់​វ័យ​ចំណាស់​។

.មិន​សន្សំ​ត្រៀម​សម្រាប់អនាគត​របស់​ខ្លួន

ចំណូល​១០ចំណាយ​៩ មិន​លៃ​លក​ទុក​ជា​ថវិកា​ត្រៀម​ពេល​ត្រូវ​ការ​បន្ទាន់​ខ្លះ ក៏​នឹង​ជា​បញ្ហា​​​មួយ​មាន​ឥទ្ធិល​ខ្លាំង​ផង​ដែរ​ទាំង​បច្ចុប្បន្ន ​និង​ទៅ​ថ្ងៃ​មុខ​។ ភាគ​ចំណាយ​របស់​យុវវ័យ​គឺ​​ទៅ​លើ​សម្ភារៈ​ពេញ​និយម​ទាន់​សម័យដែល​​របស់​ខ្លះពុំ​ស្ថិត​ក្នុង​ជម្រើស​ចាំ​បាច់​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​ថវិកា​សម្រាប់​ត្រៀម​ទុកនឹង​ពុំ​កើត​ឡើង​ជា​រូប​រាង​ឡើយ​សម្រាប់​ពេល​ត្រូវ​ការ​បន្ទាន់​។

​​​​​.មិន​រៀន​វិនិយោគ​ខ្លះ​ៗ

នៅ​វ័យ​​ក្មេង​ច្រើន​សប្បាយ​ភ្លេច​ខ្លួនពិសេស​រឿង​ហិរញ្ញវត្ថុ​​សម្រាប់​អនាគត​តែ​ម្តង​។ ខ្ទង់​ចំណាយ​មាន​ភាគ​ច្រើនប៉ុន្តែ​ខ្ទង់​ឱ្យ​កើត​មាន​ចំណូល​​ពុំ​សូវ​​មាន​។ ដូច​នេះ​​ការ​ចែក​រំលែក​ការ​យក​ចិត្ត​ទុក​ដាក់​​​ពី​ការ​សប្បាយ​ទៅ​លើ​រឿង​បង្កើត​ប្រភព​ថវិកា​ខ្លះក៏​មិន​ទាន់​ជា​ការ​យឺត​ពេ​ល​ដែរ​។​​ ការ​បង្វែរ​ការ​ចាយ​​ទៅ​លើ​ការ​វិនិយោគ​វិញ​ខ្លះក៏​អាច​ជួយ​​​ស្រោច​ស្រង់​ស្ថានការណ៍​ឡើង​វិញ​ក៏​ថា​បាន ដោយ​យើង​ក៏​អាច​ជ្រើស​រើស​ការ​វៃ​ឆ្លាត​លើ​ការ​វិនិយោគដូច​ជា​ការ​ទិញ​មូល​ប័ត្រឬ​ភាគ​ហ៊ុន ដើម្បី​ទទួល​បាន​ចំណេញឬ​​ការ​វិនិយោគ​លើ​ខ្លួន​ឯង​លើ​ជំនាញ​​ណា​មួយ ដែល​សុទ្ធ​សឹង​​ជា​ការ​បង្កើត​ប្រភព​ចំណូលសម្រាប់​រឿង​អនាគត​យើង​វិញ។

.មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​គ្រួសារ

គ្រួសារ​ជា​កន្លែង​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​រង់​ចាំ​ជួយ​អ្នក និង​រីក​រាយ​នៅ​ពេល​ឃើញ​អ្នក​រីក​ចម្រើន ​និង​ជោគ​ជ័យ។ដូច​នេះ ជា​​អត្ថន័យ​ខ្លី​ងាយ​ស្រួល​យល់ គឺ​គប្បី​រំលែក​ពេល​​ខ្លះ​ៗសម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នកព្រោះ​អ្វី​ៗ​តែ​ង​ប្រែ​ប្រួល​មិន​ទៀង​ទាត់ ហើយ​ពេល​វេលា​ក៏​មិន​ដែល​រង់​ចាំ​នរ​ណា​ម្នាក់​នោះ​ឡើយ។ចំណាយ​ពេល​ខ្លះ​បង្កើត​ភាព​រីក​រាយ​ជា​មួយ​គ្រួសារ និង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ជា​មួយ​​មនុស្ស​ជា​ទី​ស្រលាញ់ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បានជា​ហេតុ​​​​នាំ​យើង​ មិន​មាន​ពាក្យ​វប្បដិសារី​នៅ​ថ្ងៃ​ក្រោយ​៕