បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនរបស់ពិភពលោក បានធ្វើឱ្យបច្ចេកវិទ្យាបានចូលកាន់តែជ្រៅទៅៗ ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ ដែលធ្វើឱ្យពួកគេប្រើប្រាស់ពេលវេលាកាន់តែច្រើន លើឧបករណ៍អេឡិចត្រូនិកហើយភ្លេចគិតពីទម្លាប់ល្អៗជាវិជ្ជមានជាច្រើន ដូចជាការអានសៀវភៅជាដើម។
នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ សូមលើកយកចំណុចសំខាន់ៗមួយចំនួន ដែលបង្ហាញថាការកម្សាន្តដោយការអានសៀវភៅមានអត្ថប្រយោជន៍ ជាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។
ទី១. ការអានជួយឱ្យអារម្មណ៍វិជ្ជមាន
តាមការបញ្ជាក់របស់ស្ថាប័ន Psychology today បានឱ្យដឹងថា ការអានសៀវភៅរាល់ថ្ងៃអាចធ្វើឱ្យយើងមានអារម្មណ៍វិជ្ជមាន។ អ្នកដែលអានសៀវភៅច្រើន ភាគច្រើនមានអារម្មណ៍ផ្តោតខ្ពស់ ហើយថែមទាំងមានអារម្មណ៍រីករាយជាមួយនឹងរូបភាពវិជ្ជមាន ដែលអ្នកនិពន្ធបង្កើតឡើងនៅក្នុងសាច់រឿងឬអត្ថបទដែលបានតាក់តែងឡើង។
ហេតុនេះការអានសៀវភៅ អាចធ្វើឱ្យយើងមានអារម្មណ៍វិជ្ជមានកាន់តែខ្ពស់ ដែលផ្ទុយពីការកម្សាន្តដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដែលពេលខ្លះកាន់តែធ្វើឱ្យយើងមានអារម្មណ៍ថាហត់នឿយ ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តថែមទៀតផង ប្រសិនបើមាតិកាដែលយើងកំពុងមើលនោះ មិនត្រូវបានផលិតដោយយកចិត្តទុកដាក់ឬជារឿងឧក្រិដ្ឋកម្មដែលមិនសមស្របទៅវិញ។
ទី២. ការអានបង្កើនការសមាធិ
ការលេងទូរស័ព្ទ ថ្វីត្បិតតែធ្វើឱ្យយើងរីករាយតែមួយសន្ទុះក្រោយមក យើងនឹងមានអារម្មណ៍ថាល្វើយ អស់កម្លាំង ហើយអាចស្ត្រេសថែមទៀតផង។ ផ្ទុយមកវិញ សម្រាប់ការអានសៀវភៅ អានកាន់តែយូរយើងនឹងមានអារម្មណ៍ថាកាន់តែមានអារម្មណ៍ស្ងប់។ ចំណុចនេះ បណ្តាលមកពីការអានសៀវភៅ ធ្វើឱ្យយើងមានអារម្មណ៍សមាធិបានល្អ។រាល់ពេលអានសៀវភៅ មនុស្សម្នាក់ៗអានត្រូវប្រើប្រាស់ខួរក្បាល ដើម្បីស្រមើស្រមៃនិងផ្ចង់អារម្មណ៍គិតទៅដល់ទិដ្ឋភាពពិតជាក់ស្តែងនៃសាច់រឿង ហេតុនេះហើយទើបយើងមានអារម្មណ៍សមាធិបានល្អ៕