តើ​អ្នក​ចេះ​តែ​មាន​អារម្មណ៍​ថា​ល្ហិតល្ហៃ គ្មាន​កម្លាំង​កំហែង​ជា​ញឹក​ញាប់ មិន​ថា​គេង​បាន​គ្រប់​គ្រាន់ ឬ​ញ៉ាំ​អាហារ​ឆ្អែត​មែន​ទេ? អាការៈ​នេះ​អាច​បណ្ដាល​​មក​ពី​កត្តា​ជា​ច្រើន តែ​សំខាន់​គឺ​អាច​មក​ពី​រាងកាយ​របស់​អ្នក​កំពុង​បាត់​បង់​វីតាមីន​សំខាន់ៗ​ដូច​ខាង​ក្រោម​ដែល​ជួយ​ដល់​ការ​លូតលាស់ និង​បង្កើន​ថាមពល។ 

១. វីតាមីន​ B12៖

វីតាមីន​ B12​ មាន​មុខងារ​សំខាន់​ណាស់​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង​ DNA។ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ជំរុញ​មុខងារ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ នៅ​ពេល​រាងកាយ​អ្នក​បាត់​បង់​វីតាមីន​ប្រភេទ​នេះ អ្នក​មាន​អាការៈ​ហត់​នឿយ​គ្រប់​ពេល។ អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន B12 ​មាន​ដូច​ជា ត្រី សាច់​ក្រហម ស៊ុត ត្រី​សាល់ម៉ុន និង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។

២. វីតាមីន D៖

វីតាមីន​ប្រភេទ​នេះ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា វីតាមីន​ពន្លឺ​ព្រះ​អាទិត្យ​ដែល​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជំរុញ​មុខងារ​របស់​រាងកាយ។ វា​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​ឆ្អឹង និង​ធ្មេញ​ និង​មាន​មុខងារ​ស្រូប​យក​ជាតិ​កាល់ស្យូម​ចេញ​ពី​អាហារ​ដែល​អ្នក​បាន​ញ៉ាំ​ចូល​ទៅ​ក្នុង​រាងកាយ។ មុខ​ងារ​មួយ​ទៀត​គឺ​វា​ជួយ​សម្រួល​​ដំណើរ​ការ​នៃ​ប្រព័ន្ធភាព​ស៊ាំ​ក្នុង​​រាងកាយ។ អ្នក​អាច​ស្រូប​យក​ជាតិ​វីតាមីន D​ តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ជា​ប្រភព​ដ៏​ងាយ​ស្រួល​រក​បំផុត។ កាល​ណា​រាងកាយ​អ្នក​ប៉ះ​នឹង​ពន្លឺ​ព្រះ​អាទិត្យ វា​នឹង​ផលិត​វីតាមីន​ប្រភេទ​នេះ​ដោយ​ឯកឯង។ ចំណី​អាហារ​ដែល​អ្នក​ផ្ដល់​វីតាមីន​ D បាន​រួម​មាន ត្រី​សាល់ម៉ុន ស៊ុត​ក្រហម ​និង​ផ្សិត​ជា​ដើម។​

៣. វីតាមីន C៖

មុខងារ​ដ៏​សំខាន់​របស់​វីតាមីន​ C គឺ​ជំរុញ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ឱ្យ​ធ្វើ​ការ​បាន​យ៉ាង​ខ្លាំង​ក្លា។ វីតាមីន​ប្រភេទ​នេះ​មាន​សារសំខាន់​ខ្លាំង​​ណាស់​ចំពោះ​ស្បែក និង​សក់។ វា​ក៏​មាន​សារសំខាន់​ខ្លាំង​ផង​ដែរ​ចំពោះ​ការ​ស្រូប​យក​សារជាតិ​ដែក​​ពី​ក្នុង​ចំណី​អាហារ​សម្រាប់​ការ​ផលិត ​និង​ជំរុញ​មុខ​ងារ​នៃ​កោសិកា​ឈាម​ក្រហម​។ សញ្ញាណ​ដំបូង​បំផុត​នៃ​ការ​បាត់​បង់​វីតាមីន​ C គឺ​ការ​អស់​កម្លាំង ល្ហិតល្ហៃ​នេះ​ហើយ។ អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន​ C មាន​ដូច​ជា ពពូក​ក្រូច ផ្លែ​គីវី ម្នាស់ ល្ហុង ស្ត្រូបឺរី ឪឡឹក និង​ស្វាយ៕