ផ្តើមចេញពីកម្មការិនីរោងចក្រ ដែលបច្ចុប្បន្នជាកីឡាការិនីប្រដាល់សកលអាជីពកម្ពុជា កញ្ញា នៅ ស្រីពៅ បានរៀបរាប់ពីដើមចមនៃការចូលហាត់និងចាប់អាជីពជាអ្នកប្រដាល់ថា ការចូលហ្វឹកហាត់ប្រដាល់ដំបូងមានការប្រទាំងប្រទើសច្រើនពីមនុស្សជុំវិញខ្លួន។

ទោះបីជាមនុស្សក្បែរខ្លួន ពោលគឺអ្នកម្តាយមិនចង់ឲ្យចូលប្រឡូកក្នុងវិស័យគុនខ្មែរនេះ ដោយមិនចង់ឃើញកូនស្រីជាទីស្រលាញ់របស់ខ្លួនត្រូវគេវាយដំ និងរងការរិះគន់ថាជាស្រី តែហាត់ប្រដាល់ដូចជាមនុស្សប្រុសក្តី ប៉ុន្តែកីឡាការិនីរូបនេះនៅតែចង់បំពេញបំណងរបស់ខ្លួន ដោយទទូចសុំរហូតម្តាយអនុញ្ញាតឲ្យចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ។

កីឡាការិនីប្រដាល់ឆ្នើមកម្ពុជារូបនេះបន្តថា ការសម្រេចចិត្តចូលហាត់ប្រដាល់នេះដោយសារការស្រឡាញ់ និងដោយហេតុខ្លួនមិនពេញចិត្តនូវការធ្វើការងារឲ្យគេ ដែលត្រូវគេជេរប្រមាថមើលងាយដូចកាលធ្វើជាកម្មការិនីរោងចក្រពោលគឺកញ្ញាចង់ធ្វើនូវអ្វីដែលជារបស់ខ្លួនឯង មានទំនួលខុសត្រូវដោយខ្លួនឯងនិងមិនរងការជេរប្រទេចពីអ្នកដទៃ។

កញ្ញា នៅ ស្រីពៅ បន្តថា៖ « ខ្ញុំសម្រេចចិត្តចូលហាត់ប្រដាល់ ដោយសារកាលខ្ញុំធ្វើការរោងចក្រមានគេស្តីបន្ទោស ជេស្តី ហើយខ្ញុំក៏គិតថាខ្ញុំអត់ចង់ឲ្យគេជេស្តីបន្ទោសទេ ខ្ញុំចង់ធ្វើអ្វីជាខ្លួនខ្ញុំ »។

យ៉ាងណាមិញ កីឡាការិនីរូបនេះបន្តទៀតថា ក្រោយពីឈប់ពីការងាររោងចក្រ ហើយបន្តចូលគុនខ្មែរ នៅមានមនុស្សជុំវិញខ្លួនជាច្រើន ពោលគឺអ្នកជិតខាងដែលតែងតែនិយាយបណ្តុះបង្អាប់ ពេលដែលខ្លួនចូលប្រឡូកក្នុងវិស័យនេះថា៖«​ មុខរបរនេះជាមុខរបររបស់មនុស្សប្រុស ហេតុអីឯងស្រីទៅធ្វើៗអី ហើយជារបរឈឺសាច់ទៀត ហេតុអ្វីមិនទៅរកការងារធ្វើផ្សេងទៅ»។

រូបភាព៖ Camsports

ទោះបីជារងការបង្អាប់ពីអ្នកជិតខាងយ៉ាងនេះក្តី អ្នកប្រយុទ្ធគុនខ្មែររូបនេះថា ខ្លួនបានប្តេជ្ញាថានឹងប្រឹងប្រែងសម្រេចគោលបំណងរបស់ខ្លួនឲ្យបាន ដើម្បីការជម្នះនូវពាក្យមើលងាយពីអ្នកដទៃ ដោយមានការលើកទឹកចិត្តពីគ្រួសារនិងការលើកទឹកចិត្តពីខ្លួនឯង។

សិស្សគុន ក្លឹប​តាឡីដំរីមានរិទ្ធរូបនេះបន្តថា៖«​​ ខ្ញុំសម្រេចចិត្តថា នឹងធ្វើការងារមួយនេះឲ្យទាល់តែបាន ដើម្បីបង្ហាញថាស្រីក៏ធ្វើការងារនេះបាន ហើយជាពិសេសគឺជម្នះមាត់គេ »។

ដោយសារការខិតខំជម្នះឧបសគ្គ ក្នុងការហ្វឹកហាត់និងពាក្យសម្តីអ្នកជិតខាងផងនោះ ស្រីពៅ​ ថាខ្លួនបានដុសខាត់សមត្ថភាពនិងមានឳកាសទៅប្រកួតនៅក្រៅប្រទេស ដោយទទួលបានជ័យជំនេះជាបន្តបន្ទាប់។

កីឡាការិនីជម្រើសជាតិសកលអាជីពកម្ពុជាខាងលើបន្តថា៖« ការចូលប្រឡូកក្នុងវិស័យកីឡានេះ ធ្វើឲ្យយើងមានអ្នកស្គាល់ច្រើនបានចូលជាកីឡាការិនីជម្រើសជាតិ និងអាចរកប្រាក់ចំណូលគួរសមផ្គត់ផ្គង់គ្រួសារ »។

គួរបញ្ជាក់ថា អ្នកស្នងគុនខ្មែររូបនេះ មិនទាន់ស្គាល់ពាក្យថាចាញ់នៅក្រៅប្រទេសនៅឡើយ ដោយនាពេលកន្លងទៅបានយកឈ្នះជើងខ្លាំងថៃគឺ កីឡាការិនី Rika Ishige ដោយពិន្ទុនៅសង្វៀន One Champion Ship លក្ខណៈ MMAនាទីក្រុងបាងកក៕