វិស័យឌីជីថល កំពុងតែរីកលូតលាស់យ៉ាងគួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជានៅសតវត្សទី២១នេះ ជាពិសេសគឺការលូតលាស់នៃសមាសភាពបុរស លើវិស័យឌីជីថល ខណៈដែលស្រ្តីនៅមានគម្លាត​ឌីជីថល​ក្នុងវិស័យយេនឌ័រនៅឡើយ។

កញ្ញា គឹម មិថុនា ជាគ្រូបង្រៀនសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្តិ និងជាអ្នកដឹកនាំនៃកម្មវិធី «Sister of Code» លើកឡើងថា ដោយសារបច្ចុប្បន្នវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកដុះដាលខ្លាំង ប៉ុន្តែធនធានមនុស្សផ្នែកឌីជីថលនៅមានកំរិតនៅឡើយ ខណៈដែលស្រ្តី ក៏ជាកត្តាលីករមួយយ៉ាងសំខាន់ក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាផងដែរ ប៉ុន្តែបច្ចុប្បន្នស្រ្តីមានចំនួនតិចតួចបំផុតដែលប្រឡូកក្នុងវិស័យនេះ។

កញ្ញាថា៖ « មានសិស្សស្រីតែ ៨ភាគរយប៉ុណ្ណោះ ដែលជ្រើសរើសមុខជំនាញបច្ចេកវិទ្យាសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យស្រ្តីក៏ជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុងការជំរុញឲ្យវិស័យបច្ចេកវិទ្យារីកលូតលាស់និងមានការកើនឡើង »។

អ្នកដឹកនាំនៃកម្មវិធី Sister of Code បន្តថាកម្មវិធីសិក្សា Sister of Codeនេះ ជ្រើសរើសយកតែស្រ្តីចាប់ពីអាយុ១០ឆ្នាំ​ ដល់២០ឆ្នាំដោយសិក្សារយៈពេល១៨សប្តាហ៍ ដើម្បីបានទទួលបានវគ្គបណ្តុះបណ្តាលផ្នែកឌីជីថលនិងរួមចំណែក​ក្នុងដំណើរ​ការ​ប្រែក្លាយ​កម្ពុជា​ជាសង្គម​ឌីជីថល​។ ហើយហេតុផលដែលជ្រើសរើសយកតែស្រ្តីមកបណ្តុះបណ្តាលដោយសារតែដើម្បី​​​បង្ហាញ​​ពីការ​តាំង​ចិត្ត​របស់កម្ពុជា​ក្នុង​កាត់បន្ថយគម្លាត​ឌីជីថល​ក្នុងវិស័យយេនឌ័រ។

កញ្ញា មិថុនា បញ្ជាក់ថា៖ « Sister of Code ចង់បានស្រ្តីបន្ថែមទៀតដែលគាត់ចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យាដើម្បីឲ្យគាត់ចូលរួមរៀនបច្ចេកវិទ្យា និងការសសេរកូដ(Coding) »។

អ្នកដឹកនាំនៃកម្មវិធី Sister of Code កញ្ញា គឹម មិថុនា បន្តថា Sister of Code ដែលជាកម្មវិធីសិក្សាបច្ចេកវិទ្យាសង្ឃឹមថា នៅពេលអនាគតនឹងកម្មវិធីបណ្តុះបណ្តាលនេះនឹងរីកលូតលាស់ទូទាំងប្រទេសកម្ពុជា ដើម្បីជាការលើកទឹកចិត្តស្រី្ត និងជម្រុញឲ្យពួកគាត់ចាប់យកជំនាញបច្ចេកវិទ្ យាដែលជាជំនាញមានទីផ្សារនាពេលបន្ចុប្បន្ន។

គ្រូបង្រៀននៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្តិបន្ថែម៖« ទៅថ្ងៃអនាគតគឺយើងចង់ឲ្យ Sister of Code កាន់តែបន្តរីកលូតលាស់ ទៅសាលាផ្សេងៗនៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន ហើយយើងសង្ឃឹមថាការបង្កើតវគ្គ Sister of Code នៅតាមបណ្តាសាលាទាំងនោះគឺជាការបង្កើនក៏ដូចជាជម្រុញនិស្សិតស្រីដើម្បីឲ្យគាត់យកជំនាញបច្ចេកវិទ្យាទៅបន្តនៅសាកលវិទ្យាល័យ»។

កញ្ញា គឹម មិថុនា បញ្ជាក់ថាកម្មវិធីសិក្សានេះបានចាប់ផ្តើមនៅឆ្នាំ២០១៩មក ដោយមានការចូលរួមសហការពីអង្គការ USAID ស្ថានទូតអង់គ្លេសនិងស្ថានទូតអូស្រ្តាលី ជាពិសេសមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ហើយមកទល់បច្ចប្បន្នឆ្នាំ២០២០នេះសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលមានចំនួន១៥០នាក់៕

ប្រភព៖ Moeys Cambodia