ទ្រឹស្ដីនៃបុគ្គល៣នាក់ដែលយើងលើកមកបង្ហាញខាងក្រោម គឺជាសហគ្រិនដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនពីកិច្ចការជាបុគ្គលិក រហូតបានក្លាយជាម្ចាស់ក្រុមហ៊ុននិងមានបុត្រសម្ព័ន្ធច្រើនកន្លែង។ ដើមឡើយគឺមិនមានទ្រព្យសម្បត្តិចោលមិនអស់នោះឡើយពោលគឺ ពួកគាត់បានព្យាយាមតស៊ូជំនះ គ្រប់ឧបសគ្គ រហូតដល់មានបានមានកត្តិយសល្អដូចសព្វថ្ងៃនេះ។
ភាពជោគជ័យនៅក្នុងជីវិតពួកគាត់ម្នាក់ៗ ក៏រមែងតែងតែផ្តល់ជាដំបូន្មាន ពាក្យពេចន៍លើកទឹកចិត្តល្អៗ និងគោលគំនិតដ៏សុីជម្រៅមកកាន់អ្នកជំនាន់ក្រោយ។ ដូច្នេះខាងក្រោមនេះគឺជាការប្រមូលផ្តុំនូវរាល់ពាក្យពេចន៍ល្អៗរបស់ពួកគាត់:
១. លោកឧកញ៉ា គួច ម៉េងលី ៖ “យុវជនពុំគួរឈ្លក់វង្វេងនឹងការអានសៀវភៅជោគជ័យច្រើនពេកនោះទេ”។
ស្ថានភាពនៃម្នាក់ៗមានភាពខុសគ្នានិងការចង់បានខុសគ្នា។ ដែលទ្រឹស្ដីជោគជ័យមួយ គឺមិនអាចយកមកប្រើទាំងស្រុងលើមនុស្សគ្រប់គ្នានោះទេ។ ទ្រឹស្ដីត្រឹមតែអាចនាំចិត្តអ្នក ឲ្យមានការស្រមើលស្រមៃបានវែងឆ្ងាយ យល់់ពីបទពិសោធន៍របស់បុគ្គលណាម្នាក់ ដែលបានឆ្លងកាត់ពិតប្រាកដក្នុងជីវិត យកមកចែករំលែកដល់អ្នកអាន។
ទ្រឹស្ដីខ្លះ គឺបានត្រឹមតែទ្រឹស្ដីដែលមិនអាចយកមកអនុវត្តន៍ឲ្យបានចំ ដោយខ្វះនូវជំនាញឬបច្ចេកទេសពិតប្រាកដ ក្នុងន័យនេះយើងចង់បញ្ជាក់ថា ការដែលយើងចំណាយពេលវេលាច្រើនពេក ក្នុងការអានតែសៀវភៅជោគជ័យ ដោយខ្វះនូវរសជាតិផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអនុវត្តន៍ផ្ទាល់ ដូចជា ជំនាញបច្ចេកទេស ការគ្រប់គ្រង ការដឹកនាំមនុស្ស ការយល់ពីចិត្តមនុស្ស ក៏មិនអាចនាំអ្នកទៅរកជោគជ័យដែលសំដៅលើមាសប្រាក់បានយូរអង្វែងនោះទេ។
៣. លោក ឌិន សុមេធារិទ្ធ៖ “បើកអាជីវកម្មគឺស្រួលទេ តែឲ្យអាជីវកម្មរស់បានយូរទើបជារឿងពិបាក”។
ក្នុងន័យនេះយើងអាចយល់ឃើញថា ឲ្យតែមានគំនិតបន្តិច បូកផ្សំជាមួយធនធានស្ដួចស្ដើង ក៏អាចបង្កើតអាជីវកម្មមួយបានយ៉ាងងាយ ឬថាគេបើកហាងកាហ្វេតូចមួយ យើងក៏អាចបើកបាន តែជាក់ស្ដែងនៃដំណើរការអាជីវកម្ម វាមិនមែនជារឿងមួយថ្មី ឬជាការចាប់ផ្ដើមតាមនរណាម្នាក់ដោយគ្មាននៅគំនិតរបស់ខ្លួនឯង គ្មាននូវចំណេះដឹងផ្នែកនេះសោះនោះទេ ហើយដើម្បីឲ្យវាដំណើរការបានដោយស្ថេរភាព គឺមិនមែនជាការងាយស្រួល ដោយកិច្ចការនេះត្រូវការនូវភាពឆ្លាតវ័យរួមផ្សំយុទ្ធសាស្រ្ដនៃការដឹកនាំ លើការគ្រប់គ្រង ធនធានមនុស្ស ការតស៊ូ និងព្យាយាម ក្នុងកាលៈទេសៈដែលត្រូវប្រឈម។
៣. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ “ពាក្យសរសើរនឹងក្លាយជាអាវុធសម្លាប់អ្នក បើអ្នកឈ្លក់វង្វេងរហូតភ្លេចពីគោលដៅរបស់ខ្លួនឯង”។
មិនតិចនោះទេ អ្នកដែលឈ្លក់វង្វេង និងមានអំណួតនឹងជោគជ័យលើមាសប្រាស់ដែលខ្លួនរកបាន ហើយធ្លាក់ខ្លួនក្រក្រី ត្រឡប់នៃជិវីតទៅរកភាពលំបាកវិញ ដោយការប្រហែសនឹងពាក្យសរសើរ។
ក្នុងន័យនេះលោកចង់ឆ្លុះបញ្ចាំងឲ្យឃើញថា គ្រប់ពេលដែលអ្នកទទួលបានជោគជ័យហើយអ្នកទទួលបានពាក្យសរសើរពីក្រុមមនុស្សដែលនៅជុំវិញខ្លួន ក៏មិនត្រូវសប្បាយចិត្តកើតអំនួត ខ្លាំងរហូតដល់ភ្លេចខ្លួនផងដែរ។
បុគ្គលឆ្នើមដែលបានកសាងនូវស្នាដៃជាច្រើននៅក្នុងស្រុក ជាមួយគ្នានេះដែររាល់ពាក្យពេចន៍របស់ពួកគាត់ ក៏បានព្យាយាមបកស្រាយ ឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់ពីអ្វីដែលត្រូវអ្វីដែលគួរធ្វើ និងមិនគួរធ្វើនៅពេលដែលយើងមានវ័យក្មេង ពេញកម្លាំងគួរចៀសវាង-ល-៕