សម្រាប់ឪពុកម្ដាយដែលមានកូនតូចៗពិតជាមិនងាយស្រួលទេ ប្រសិនបើត្រូវធ្វើការពីផ្ទះ ព្រោះត្រូវរត់ទៅមើលកូនផងងាកមកធ្វើការផង។ វាអាចធ្វើឱ្យអ្នកបែកអារម្មណ៍ ឬធ្វើការដោយមិនសប្បាយចិត្តឡើយ។ មកដឹងគន្លឹះល្អៗខាងក្រោមដើម្បីគ្រប់គ្រងការងាររបស់អ្នកឱ្យនៅតែមានប្រសិទ្ធភាពទោះមានកូនតូចៗនៅក្បែរដៃក៏ដោយ។

១. ក្រោកឱ្យបានពីព្រលឹម

វិធីដ៏ល្អបំផុតសម្រាប់ការធ្វើការពីផ្ទះ​សម្រាប់អ្នកមានកូនតូច គឺឆ្លៀតពេលណាដែលពួកគេមិនទាន់ក្រោក និងពេលដែលកូនកំពុងគេងពេលរសៀលជាដើម ។ 

ប្រសិនបើអ្នកមិនចង់ត្រូវបានរំខានដោយសំឡេងកូនយំ ឬមករញ៉េរញ៉ៃជាមួយអ្នក អ្នកគួរក្រោកពីព្រលឹម ត្រូវធ្វើនៅពេលយប់ ដើម្បីធ្វើការងារផ្នែកណាសំខាន់ៗជាមុន ឬផ្នែកដែលត្រូវការផ្ចង់អារម្មណ៍ខ្លាំង ឱ្យបានច្រើនតាមដែលអាចធ្វើបានមុនពេលពួកគេភ្ញាក់ពីគេង។ ចំណែកពេលដែលសល់ពីនេះ អ្នកអាចបន្តធ្វើការផ្នែកណាដែលមិនសូវចំណាយពេលយូរឬចាំបាច់។

២. លើកទឹកចិត្តឱ្យកូនចេះលេងម្នាក់ឯង

ការបង្រៀនកូនឱ្យចេះឯករាជ្យ គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍនិងលូតលាស់របស់កូនៗ។ សម្រាប់ឪពុកម្ដាយដែលមិនសូវមានពេលសម្រាប់កូន អ្នកគួរបង្រៀនកូនឱ្យចេះលេងល្បែងឬសកម្មភាពណាដែលឯករាជ្យ។ ធ្វើបែបនេះ អ្នកនឹងមានពេលច្រើនបំពេញការងារ ប៉ុន្តែក៏គួរឆ្លៀតពេលវេលាសម្រាប់កូនៗនៅថ្ងៃឈប់សម្រាក ឬពេលយប់ដើម្បីរក្សាទំនាក់ទំនងគ្រួសារឱ្យនៅតែល្អមិនប្រួលប្រែ។

៣. រកអ្នកមើលកូន ឬសុំម្ដាយឪពុកជួយមើល

ជួនកាល ប្រសិនបើអ្នកចង់ធ្វើការពីផ្ទះដោយសុខសាន្តការជួលអ្នកជួយមើលថែកូនគឺជារឿងដ៏ចាំបាច់។ ទោះជាយ៉ាងណាវាក៏អាស្រ័យលើស្ថានភាពរបស់អ្នកផងដែរ បើសិនជាអាច ការស្នើសុំជំនួយពីលោកតាលោកយាយឱ្យជួយមើលចៅ២ទៅ៣ម៉ោងក៏អាចជួយអ្នកបានដែរ។ 

បើអ្នកសម្រេចចិត្តជួលគេមកមើលកូន អ្នកត្រូវបែងចែកកាលវិភាគសម្រាប់ពួកគេឱ្យបានត្រឹមត្រូវដូចជាម៉ោងគេង ម៉ោងញ៉ាំ និងការពត់ឥរិយាបថឱ្យបានល្អ ជៀសវាងត្រូវចំណាយពេលមកកែប្រែឥរិយាបថកូននៅពេលក្រោយ។

៤. កាត់បន្ថយពេលវេលានៃការធ្វើម្ហូប

សម្រាប់ស្ដ្រី ពេលវេលាដែលត្រូវធ្វើម្ហូបដែលមានគ្រឿងផ្សំច្រើន អាចជារឿងមួយដែលស្មុគស្មាញ ដែលគួរតែកាត់បន្ថយ មកប្រើការបញ្ជាទិញតាមប្រព័ន្ធអនឡាញ ដោយមានការដឹកជញ្ជូនទៀងទាត់ពេលវេលា នេះនឹងធ្វើឲ្យអ្នកសល់ពេលវេលាកាន់តែច្រើនក្នុងការបំពេញការងារ ៕