ការអប់រំជាចំណុចសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍជីវិតរបស់មនុស្សម្នាក់ៗ។ ជាក់ស្តែងបច្ចុប្បន្ននេះ មានសិស្សនិស្សិតក្រីក្រជាច្រើន បានផ្លាស់ប្តូរ​​ស្ថានភាពគ្រួសារ និងជីវិតស្ទើរតែទាំងស្រុងពីក្មេងមកពីតំនប់ជនបទ​ មិនសូវសំបូរធនធាន​មកក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់ និង​ក្លាយជាអ្នកដែលសង្គមទទួលស្គាល់ជាដើម។

ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ​បញ្ញាសាស្ត្រ បានមានសង្ឃដីកាថា ការអប់រំ​ជាច្រកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរវាសនារបស់មនុស្ស និង​ជាវិធីដើម្បីជួយឱ្យ​ជីវិតមានការប្រែប្រួលជាវិជ្ជមាន។ ជាធម្មតានៅពេលយើងមិនសូវមានចំណេះដឹង នោះ​យើងអាចគ្រាន់តែជាមនុស្សម្នាក់ មកពីចំណុចធម្មតា ឬចំណុច​ដែលគេមើលមិនឃើញម្នាក់ តែក្រោយពេលដុសខាត់សមត្ថភាពជាមួយនឹងការអប់រំ​បានល្អ យើងអាចនឹងក្លាយជាធនធានដែលគេគោរព និងឱ្យតម្លៃ។ ហេតុនេះ​ប្រសិនបើយើងមិនមែនជាកូនអ្នកមាន មិនមានទ្រព្យសម្បត្តិស្តុកស្តម្ ភសល់ពីឪពុកម្តាយច្រើន យើងចាំបាច់ត្រូវ​តែអភិវឌ្ឍសមត្ថភាពឱ្យបានល្អជាមួយនឹងការអប់រំ។

ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា៖«ថ្មភ្នំ ពេលមិនទាន់ឆ្លាក់ជាព្រះ គេជិះគេជាន់ តែពេលឆ្លាក់ហើយក៏ក្លាយជាសក្ការៈបូជា។ មនុស្សពេលអប់រំខ្លួនបានល្អ ក្លាយជាមនុស្សមានតម្លៃជាងពេជ្រ»។

ព្រះតេជគុណក៏បានក្រើនរំឮកផងដែរថាមនុស្សគ្រប់គ្នាកុំអស់សង្ឃឹម មនុស្សណាក៏មានសិទ្ធអភិវឌ្ឍសមត្ថភាពនិងខិតខំដើម្បីទទួលបាននូវការឱ្យតម្លៃ ឬកែប្រែស្ថានភាពខ្លួនឯងដែរ។អ្វីទាំងអស់ជាជម្រើរបស់យើងផ្ទាល់ប្រសិនបើយើងបណ្តែតបណ្តោយជីវិតឱ្យរស់ទៅតាម​ស្ថានភាពដែលយើងកំពុងរស់នៅនោះយើងនឹងទទួលបានលទ្ធផល​ទៅតាមអ្វីដែលយើងធ្វើ តែប្រសិនបើយើងតាំងចិត្តតស៊ូ​គ្រប់លទ្ធភាពដើម្បីទទួលបានការអប់រំនោះយើងក៏នឹងអាចទទួលបាននូវ​តម្លៃជាវិជ្ជមានទៅតាមនោះដែរ។មនុស្សម្នាក់ៗត្រូវតែមើលពីចំណុចល្អៗ និងមើលឱ្យឃើញពីតម្លៃរបស់ខ្លួនឯង។ ការកើតជាមនុស្ស មានសម្បទាគ្រប់គ្រាន់អាចសិក្សារៀនសូត្របានគឺជាសំណាងធំណាស់ហេតុនេះគួរប្រើប្រាស់វាឱ្យអស់លទ្ធភាពដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាម​នុស្សដែលមានគុណតម្លៃខ្ពស់៕