កាលពីអតីតកាល មហាអំណាចទាំងអស់លើពិភពលោក​បានប្រកួតប្រជែងគ្នា លើការធ្វើដំណើររុករកដែនដីថ្មីនិងវត្ថុធាតុដើម។ បន្ទាប់មក ពួកគេក៏ប្រកួតគ្នា លើការដាក់អាណានិគមន៍ និងការពង្រីកអំណាចដែនដីរបស់ខ្លួនមុននឹងចាប់ផ្តើមប្រកួតប្រជែងលើធនធានផ្នែកឧស្សាហកម្ម។

ដោយឡែក ក្រៅពីមនោគមន៍វិទ្យានិងឥទ្ធិពលផ្នែក​សព្វាវុធ បច្ចេកវិទ្យា គំនិតវិទ្យាសាស្ត្រនិង​នវានុវត្តន៍​គឺជាចំណុចថ្មីដែលពិភពលោកកំពុង​ប្រកួតប្រជែងគ្នា ក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានថ្លែងថា ភាពរីកចម្រើនរបស់ប្រទេសអភិវឌ្ឍ​ មិនមែនកើតឡើងដោយភាពចៃដន្យនោះទេ តែវាកើតឡើងដោយសារតែការសិក្សាស្រាវជ្រាវ​ស្វែងរកការពិត និងផ្តល់តម្លៃ​និងការជឿជាក់លើការស្រាវជ្រាវ។ លោកបណ្ឌិតបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសអភិវឌ្ឍធំៗជាច្រើនបានចំណាយលុយ​រាប់រយលានដុល្លារ​ក្នុងមួយឆ្នាំៗ ដើម្បី​ស្រាវជ្រាវនិងអភិវឌ្ឍ។

លោកបណ្ឌិត គិន ភា បាននិយាយថា៖«​បច្ចុប្បន្ននេះ ប្រទេស​មហាអំណាចទាំងអស់ សុទ្ធតែមានបច្ចេកវិទ្យារៀងៗខ្លួនហើយពួកគេតែងតែសំញែងដាក់គ្នា​ តាមរយៈការបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យា​របស់ខ្លួនដូចជា​បច្ចេកវិទ្យាព័ត៌មាន សព្វាវុធ បច្ចេកវិទ្យាកសិកម្ម និងឧស្សាហកម្មជាដើម»។

អ្នកជំនាញខាងលើបានបង្ហាញទៀតថា បច្ចុប្បន្ននេះការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនិងនវានុវត្តន៍មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍព្រោះវាជាចំណុច​សំខាន់ដែលអាចបង្កើតឥទ្ធិពល និង​ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ប្រទេសជាច្រើនលើពិភពលោក​ដូចជា​ប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ស្វីស និងអាលឺម៉ង់ ជាដើមកំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការជំរុញឱ្យមានការស្រាវជ្រាវ ការចុះប៉ាតង់ថ្មី និងគំនិតនវានុវត្តន៍សម្រាប់ប្រជាជនរបស់ខ្លួន។ ប្រទេសទាំងអស់នោះ បានចំណាយលុយ​មួយចំណែកធំនៃ GDP របស់ខ្លួនដើម្បីផ្តល់ដល់ស្ថាប័នជំនាញនិងលើកទឹកចិត្តឱ្យ​មានការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ដើម្បីឱ្យប្រជាជនមានសមត្ថភាព​បង្កើតសម្មិទ្ធផលថ្មីៗសម្រាប់ប្រកួតប្រជែង ជាមួយបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក៕