បរទេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកអាចរស់នៅបានវែងជាង បើពិសារកាហ្វេ៣កែវក្នុងមួយថ្ងៃ។ មានការស្រាវជ្រាវទិន្នន័យបន្ថែមថា អ្នកផឹកកាហ្វេច្រើន គឺអាចមានផលល្អសម្រាប់សុខភាពរបស់អ្នក។

ទម្លាប់នៃការផឹកកាហ្វេរហូតដល់៣កែវជារៀងរាល់ថ្ងៃ គឺវាមានទំនាក់ទំនងជាមួយ ការប្រឈមទាបនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ក៏ដូចជាការស្លាប់ដោយសារមូលហេតុជំងឺផ្សេងទៀត។

វេជ្ជបណ្ឌិត Dr. Judit Simon (ជូឌីត ស៊ីម៉ូន )នៃផ្នែកជំងឺបេះដូង ក្នុងប្រទេសហុងគ្រី បានចេញរបាយការណ៍ស្រាវជ្រាវថ្មីថា ៖ “ លទ្ធផលរបស់យើងបង្ហាញថា ការប្រើប្រាស់កាហ្វេជាប្រចាំ គឺមានសុវត្ថិភាព ព្រោះសូម្បីតែការទទួលទានប្រចាំថ្ងៃខ្ពស់ ក៏មិនជាប់ពាក់ព័ន្ធនឹងលទ្ធផលសរសៃឈាមបេះដូងមិនល្អ បន្ទាប់ពីបានធ្វើការតាមដានពី ១០ ទៅ ១៥ ឆ្នាំ” ។

កាហ្វេត្រូវបានគេស្រាវជ្រាវឃើញពីផលល្អរបស់វាយូរមកហើយថា មានអត្ថប្រយោជន៍ចំពោះសុខភាព ជាមួយនឹងការប្រើប្រាស់កាហ្វេពីកម្រិតទាបទៅមធ្យម គឺអាចផ្តល់ថាមពលដល់ការដាស់ខ្លួន និងបង្កើនការផ្តោតអារម្មណ៍ឡើងវិញក្នុងការបំពេញការងារ៕