តាមដែលយើងបានដឹងនិងធ្លាប់បានសិក្សាកន្លងមក រឿងប្រលោមលោក ជាប្រភេទរឿងដែលមានលក្ខណៈវែងអន្លាយ ដែលមានសាច់រឿងប្រទាក់ក្រឡាគ្នាច្រើនបែប ប្រលោមចិត្តមនុស្ស និងពោរពេញទៅមនោសញ្ចេតនាជ្រាលជ្រៅ ដែលអន្ទោងចិត្តអ្នកអាន អានរហូតភ្លេចបាយក៏មាន ជាមួយនឹងសិល្បនៃការសរសេររបស់អ្នកនិពន្ធម្នាក់ៗផងនោះ។

ថ្ងៃនេះ យើងនឹងនាំលោកអ្នកមកជួបជាមួយ អ្នកនិពន្ធប្រលោមលោកម្នាក់។  គាត់អង្គុយលើកៅអីផ្អែកឈើនៅទល់មុខហាងកាហ្វេមួយ កវីនិពន្ធម្នាក់ពាក់អាវពណ៌ស ទ្រនុយខោពណ៌ខ្មៅមានប្រសាសន៍ថា លោកគឺ ឈ្មោះ ទឹម ម៉ានី (ហៅស្មេរ) ជាអ្នកនិពន្ធប្រលោមលោក ហើយសព្វថ្ងៃក៏ជាសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យមួយផងដែរ។

កវីនិពន្ធជើងចាស់វ័យ ៧៤ឆ្នាំរូបនេះ បានបង្ហើបពីសិល្បៈនៃការតែងនិពន្ធថា ដើម្បីតែងនិពន្ធរឿងប្រលោមលោក ឬរឿងខ្លី អ្នកនិពន្ធត្រូវបូកបញ្ខូលគ្នារវាងភាពពិតជាក់ស្តែងណាមួយ រួមបូកបញ្ខូលនូវការប្រឌិតបន្ថែមទៀត ដើម្បីឲ្យសាច់រឿងមានភាពប្រទាក់ក្រឡាគ្នា។

លោកថា៖ « ដើម្បីធ្វើការតែងនិពន្ធ យើងត្រូវយកភាពពិត៥០ភាគរយ បូកនឹងភាពមិនពិតដែលយើងឃើញផ្ទាល់៥០ភាគរយទៀត បូកបញ្ចូលគ្នាយើងអាចក្រឡៃបានទៅជាប្រលោមលោក»

ជាមួយគ្នានេះផងដែរ កវីនិពន្ធមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះបន្តថា ការតាក់តែងនិពន្ធគឺមានផលលំបាកខ្លាំង ប្រសិនបើមិនមានដុងពីធម្មជាតិយកមកផ្គួបផ្សំនោះទេ ហើយក្នុងការនិពន្ធរឿងនីមួយៗ ដើម្បីឲ្យមានភាពទាក់ទាញ អ្នកនិពន្ធត្រូវបញ្ចូលអារម្មណ៍ទៅក្នុងសាច់រឿងឲ្យបានស៊ីជម្រៅ មិនអាចសរសេរ ឬនិពន្ធតាមតែចិត្តចង់ និងខ្វះការយកចិត្តទុកដាក់នោះទេ។

កវីនិពន្ធរូបនេះថា៖ «រឿងដែលល្អគឺគេបញ្ចូលអារម្មណ៍ ដាក់មនោសញ្ចេតនាទៅក្នុងសាច់រឿង បើយើងសរសេររឿងនិពន្ធឲ្យតែរួចពីដៃ មិនបានឲ្យគេជក់ចិត្តដិតអារម្មណ៍ទៅលើសាច់រឿងរបស់យើងទេ គឺរឿងយើងមិនល្បី មិនបានទៅមុខទេ »។

កវីនិពន្ធឆ្នើមរូបនេះបញ្ជាក់ទៀតថា  រាល់ការសរសេរ ឬតែងនិពន្ធរឿងបែបប្រលោមលោក ក៏ដូចជារឿងខ្លីៗ ការតែងនិពន្ធល្អដោយប្រើប្រាស់នូវសីលវិធី ៤យ៉ាង ហើយនោះពេលដែលការតែងនិពន្ធនោះ។ មានសីលវិធីទាំង៤នេះហើយអ្នកនិពន្ធអាចទាញយកអារម្មណ៍របស់អ្នកអាន អោយសើច យំ កំសត់ សប្បាយទៅតាមសាច់រឿងនិងធ្វើឲ្យអ្នកអានចង់បន្តការអានពីមួយទំព័រទៅមួយទំព័រមិនចង់ឈប់។

លោកបញ្ជាក់ថា៖ « ការសរសេរតែងនិពន្ធល្អ គឺដោយសារយើងមានសីលវិធី៤យ៉ាង៖ ទី១គឺ ប្រលោមវិធី, ទី២គឺប្រលោមចិត្ត, ទី៣គឺប្រលោមភ្នែក និងទី៤គឺប្រលោមអារម្មណ៍។ នៅពេលដែលយើងមាន៤សីលវិធីនេះហើយ អាចឲ្យមិត្តអ្នកអាន បើថាយំគឺយំតាម សើចគឺសើចតាមខឹងគឺខឹងតាម »។

លោក ទឹម ម៉ានី(ហៅស្មេរ) បន្ថែមថា សម្រាប់បងប្អូនដែលចង់ក្លាយជាអ្នកនិពន្ធត្រូវប្រឹងស្រាវជ្រាវអានឲ្យបានច្រើន និងជាពិសេសគឺការកត់ចំណាំ លោកបញ្ជាក់ទៀតថា រឿងប្រលោមលោកនិងរៀងខ្លីៗត្រូវមានពាក្យបង្កប់ន័យ៣។

មានប្រសាសន៍ទាំងទឹកមុខញញឹម កវីនិពន្ធប្រលោមលោកបានជាង ៣០០រឿងរូបនេះថា៖ « សូមឲ្យប្អូនៗដែលចង់ក្លាយជាអ្នកនិពន្ធ អានឲ្យបានច្រើន មិនថាភាសាអ្វីទេ ខំអាន ស្វែងយល់ពីភាពពិត​​ និងមិនពិតភាពស្រមើស្រម៉ៃ ជាពិសេសធ្វើដំណើរទៅណាមកណាត្រូវតែកត់ត្រាចំណាំបន្តិចៗដើម្បីសន្សំរឿង ឲ្យទៅជាសំណុំមួយហៅថា«រឿង»។​ រឿងប្រលោមលោក ឬរឿងនិទានរឿងខ្លីក៏ដោយត្រូវមានពាក្យបង្កប់នូវន័យមាន អត្ថន័យ អត្ថរូប និងអត្ថរស »៕

ប្រភព៖ Preah Chan Media