ខណៈដែលម៉ោងប្រមាណជិត ១១ថ្ងៃត្រង់ទៅហើយ អាកាសធាតុមានអំណោយផល  មេឃក៏ហាក់ដូចជាស្រទំ ព្រមទាំងបង្ហើរខ្យល់យ៉ាងរំភើយមកពីទិសខាងត្បូង។

កំពុងអង្គុយលើ​កៅអីឈើមួយនៅមុខបណ្ណាល័យជាតិរាជធានីភ្នំពេញ បុរសម្នាក់ពាក់អាវក្នុងពណ៌ស និងអាវក្រសេពណ៌ទឹកប៊ិច ជាមួយខោពណ៌ទឹកប៊ិចដូចគ្នា​មានប្រសាសន៍ថា លោកឈ្មោះ អ៊ុន​ សុខហ៊ាង មានស្រុកកំណើតនៅ ភូមិក្បាលថ្នល់ សង្កាត់លេខ៦ក្រុងភ្នំពេញ និងមានបងប្អូនបង្កើត ៧នាក់ ហើយលោកជាកូនទី៥ ក្នុងគ្រួសារ។

បន្ថើរសំដីមួយៗ កវីនិពន្ធរូបនេះថា សព្វថ្ងៃលោកជាកវីនិពន្ធមួយរូប ផ្នែកប្រលោមលោកកំណាព្យ និងជាពិសេសលោកក៏ជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅមជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ។

សំឡេងខ្យល់បក់ គួបផ្សំជាមួយសំលេងយានយន្តផងនោះ កវីនិពន្ធដ៏ឆ្នើម វ័យ ៥៣ឆ្នាំរូបនេះបន្តថា លោកឈានជើងចូលវិស័យតែងនិពន្ធនេះនៅឆ្នាំ១៩៨២មកម្ល៉េះ ហើយលោកថា កត្តាដែលនាំឲ្យលោកឈានជើងចូលវិស័យតែងនិពន្ធនេះ ដោយសារលោកមាននិស័្សយពីធម្មជាតិលើការតែងនិពន្ធ ចូលចិត្តអានសៀវភៅ និងចូលចិត្តការធ្វើបទវិភាគជាដើម។

លោកបញ្ជាក់ថា៖ «កត្តាដែលជំរុញឲ្យខ្ញុំបង្វឹកខ្លួនក្លាយជាកវីនិពន្ធមកដល់សព្វថ្ងៃនេះ គឺដោយសារនិស្ស័យធម្មជាតិ ចូលចិត្តអាន ចូលចិត្តសរសេរ ចូលចិត្តចែករំលែក ចូលចិត្តវិភាគ »។

កវីនិពន្ធជើងចាស់ខាងលើបន្ថែមទាំងទឹកមុខញញឹមទៀតថា ការតែងនិពន្ធមិនចាំបាច់រើសទីតាំងទេ កន្លែងណាក៏លោកអាចសរសេរតែងបានដែរ លោកបន្តថា លោកមានជាចំណុចពិសេស ដោយមានដុងពីធម្មជាតិក្នុងការតែងនិពន្ធអ្វីមួយ ឬសរសេរពីនរណាម្នាក់ លោកប្រើរយៈពេលតែ១៥នាទី ទៅមួយម៉ោង គឺអាចសរសេរ និងសម្រេចបានតែម្តង។

លោកលើកឡើងថា៖ « ធ្វើជាអ្នកនិពន្ធមិនចាំបាច់រើសទីកន្លែង កន្លែងណាក៏សរសេរបានដែរ លើឡានក្រុងក៏សរសេរបាន។ ជាមោទនភាពមួយដែរដែលដុងធម្មជាតិរបស់ខ្ញុំ ឧទាហរណ៍ថាខ្ញុំចង់សរសេរអ្វីមួយ ចង់បង្កើតអ្វីមួយ គឺខ្ញុំគិតតែកន្លះម៉ោង ឬមួយម៉ោង ឬ១៥នាទី គឺសរសេរចេញភ្លាម »។

គួរជម្រាបផងដែរថា លោក អ៊ុន សុខហ៊ាង ចាប់ផ្តើមនិពន្ធរឿងប្រលោមលោកនៅឆ្នាំ១៩៨៤ រហូតដល់បច្ចុប្បន្ននេះ លោកបាននិពន្ធស្នាដៃជាច្រើន និងធ្លាប់ឈ្នះជ័យលាភីសំខាន់ៗជាច្រើនផងដែរ ពោលគឺតាំងពីឆ្នាំ១៩៨៥​មក មានដូចជារឿង «ចូលជ្រៅក្នុងបេះដូង​​» «រាត្រីស្ងប់ស្ងាត់» «ទ្រនំផ្ទុំចិត្ត» និង «ទឹកដោះម្តាយថ្លៃ» ជាដើម។ ជាមួយគ្នានោះផងដែរលោកថា នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ លោកត្រៀមនឹងចេញស្នាដៃជាកំណាព្យដែលមានចំណងជើងថា «សំឡេងមេជីរ »។

កវីនិពន្ធដដែលបន្ថែមថា លោកមិនអាចបោះបង់អាជីពជាកវីនិពន្ធនេះបានទេ ព្រោះតាំងពីតូចមកលោកធ្លាប់ឆ្លងកាត់ការសរសេរ ការនិពន្ធផ្សេងៗច្រើនណាស់មកហើយ ដូច្នេះលោកនឹងបន្តអាជីពនេះរហូតទៅ ដើម្បីបម្រើដល់ចំណីចក្ខុរបស់អ្នកអានអោយត្រូវគោលដៅ។

បង្ថើរសំដីមួយៗទាំងមិនស្ទាក់ស្ទើរ លោកពូ សុខ ហ៊ាង មានប្រសាសន៍បន្ថែមថា៖ «​ មួយជីវិតខ្ញុំ តាំងពីតូចមកដល់ពេលនេះ ជីវិតផ្ញើនឹងការសរសេរ ផ្ញើនឹងកវីនិពន្ធ ប្រហែលជាផ្ញើឆ្អឹងជាមួយនឹងកវីនិពន្ធហ្នឹងហើយ គឺមិនអាចបោះបង់បានទេ ខ្ញុំនឹងបន្តសកម្មភាពទាំងអស់ដែលខ្ញុំមាននៅក្នុងជីវិតនឹងដើម្បីបម្រើសង្គមជាតិឲ្យចំគោលដៅ »។

បុរសមានបទពិសោធន៍ផ្នែកនិពន្ធជិត ៤០ឆ្នាំរូបនេះបន្តថា ប្រសិនបើប្រជាពលរដ្ឋ ក៏ដូចជាយុវជន យុវនារីជំនាន់នេះនិងជំនាន់ក្រោយៗ ចង់ក្លាយជាអ្នកកវីនិពន្ធ និងចេះភាសារខ្មែរឲ្យបានច្បាស់លាស់ ត្រូវចាប់កាន់សៀវភៅអានអោយបានច្រើន ជាជាងយកពេលកាន់ទូរស័ព្ទដៃ ព្រោះសៀវភៅជាឃ្លាំងនៃចំណេះដឹង។

បន្ថែមទាំងទឹកមុខញញឹម កវីនិពន្ធឆ្នើមនិងធ្លាប់ទទួលបានជ័យលាភីច្រើនខាងលើថា ៖ « បើចង់ចេះសរសេរឬមួយចង់បទតែងនិពន្ធអ្វីមួយ ឲ្យបានច្បាស់លាស់និងចង់ចេះភាសាខ្មែរឲ្យបានច្បាស់ គួរណាតែទម្លាក់ទូរស័ព្ទចុះត្រឹមមួយម៉ោង ហើយបែរមកកាន់សៀវភៅ សៀវភៅផ្តល់ចំណេះឲ្យយើងជាច្រើន ជាពិសេសគឺផ្តល់ឲ្យយើងមានភាពក្លាហ៊ាន និងមានភាពឆ្នៃប្រឌិត គិតបានវែងឆ្ងាយ »៕

 យកការណ៍រួមជាមួយ Yasy Phan