សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បច្ចុប្បន្ននេះ មនុស្សម្នាក់ៗហាក់កំពុងមាន​ប្រព័ន្ធផ្សព្វផ្សាយ​ឯកជនរៀងៗខ្លួន ព្រោះស្ទើរគ្រប់គ្នា​ក្នុងពិភពលោកសុទ្ធតែមានបណ្តាញសង្គមប្រើប្រាស់រៀងៗខ្លួន សម្រាប់បង្ហាញពីសកម្មភាពប្រចាំថ្ងៃនិងសម្រាប់ទំនាក់ទំនង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហាក់ គីមតុង អ្នកជំនាញផ្នែកទីផ្សារបានបញ្ជាក់ថា ការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ អាចជួយឱ្យយើង​បង្ហាញខ្លួនឯង (personal branding) បានល្អ ដែលវាអាចជាប្រយោជន៍ផងដែរសម្រាប់ការរស់នៅការធ្វើការងារ និងការធ្វើអាជីវកម្មជាដើម។ លោកថា កាលណាយើង​ចេះផ្សព្វផ្សាយ (promote) ពីខ្លួន​ឯងបានល្អ មនុស្សជាច្រើននឹងមើលឃើញពីចំណុចខ្លាំងរបស់យើង។ 

ឧទាហរណ៍ ប្រសិនបើយើងជាអ្នកពូកែខាងផ្នែកជំនាញណា យើងត្រូវរៀបចំនិងបង្ហាញឱ្យត្រូវជំនាញទាំងអស់នោះ​ឱ្យបានល្អ ហេតុនេះនៅពេលដែលគេត្រូវការសេវាកម្មឬត្រូវការពឹងពាក់ គេអាចនឹងមករកយើងបាន។ ចរ​ន្តនេះប្រសិនបើយើងជាអ្នករកស៊ី គឺនឹងធ្វើឱ្យយើងទទួលបានអតិថិជនកាន់តែច្រើន ហើយខ្លួនឯងក៏មានតម្លៃកាន់តែខ្លាំងផងដែរ។

លោកបានបន្ថែមទៀតថា បន្ថែមពីលើនេះ​ប្រសិនបើយើងជាអ្នកធ្វើការងារ យើងក៏អាចនឹងក្លាយជាអ្នកជំនាញម្នាក់ដែលគេទទួលស្គាល់​និងក្លាយជាមនុស្សដែលមនុស្សភាគច្រើនផ្តល់តម្លៃផងដែរ។ ផ្ទុយមកវិញប្រសិនបើយើងប្រើប្រាស់បណ្តាញសង្គម ឬធ្វើការបង្ហាញខ្លួនមិនបានល្អនោះយើងអាចនឹងបាត់បង់តម្លៃ ហើយផ្ទុយមកវិញវាក៏អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់យើងថែមទៀតផង។

អ្នកជំនាញខាងលើបានបង្ហាញចំណុចខ្លះៗទៀតថា ហេតុនេះ មនុស្សម្នាក់ៗគួរគិតគូរឱ្យបានច្បាស់លាស់មុននឹងធ្វើសកម្មភាពណាមួយរាប់តាំងពីការបង្ហោះរូបភាព ឬសកម្មភាពណាមួយក្នុង Facebook ព្រោះវាអាចប៉ះពាល់ដល់​ផលប្រយោជន៍ ឬតម្លៃជាច្រើនទៀតរបស់យើង។ 

អ្វីដែលយើងអាចធ្វើបាន គឺព្យាយាម​បង្ហាញ ឬចែករំលែកអ្វីដែលជាផលប្រយោជន៍រួមទាំងរឿងរ៉ាវដែលធ្វើឱ្យអ្នកដទៃចងចាំ និងរីកចកម្រើន។ប្រសិនបើយើងចេះកែច្នៃឱ្យបានល្អថែមទៀតយើងអាចបង្កើន​ការផ្សព្វផ្សាយឱ្យកាន់តែប្រសើរតាមរយៈ​សកម្មភាពប្រកបដោយភាពច្នៃប្រឌិតមួយចំនួនដែលធ្វើឱ្យមាតិកានៅក្នុងបណ្តាញសង្គមរបស់យើងកាន់តែមានគុណភាពនិងផ្តល់ចំណេះដឹងដល់អ្នកដទៃបានថែមទៀតផង៕