សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុង​វិស័យ​អាជីវកម្ម​ ចំនួន​សហគ្រិន​​ឬ​អ្នក​​គ្រប់​គ្រង​​ធំ​ៗ​ក្នុង​ក្រុមហ៊ុន​ជា​ស្រ្តី​ គេ​អាច​សង្កេត​ឃើញ​ថាមាន​​ការ​​កើន​ឡើង​​គួរ​កត់​សម្គាល់។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​​ដោយ​ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​ធនាគារ​វិនិយោគHSBC បាន​រក​ឃើញ​ថាសហគ្រិន​ស្រ្តី​ គឺ​មាន​អាជីវកម្ម​របស់​ពួក​គេ​​ជោគ​ជ័យ​ក្នុង​អត្រា​ដ៏​ច្រើន​ពិសេស​ក្នុង​តំបន់​អាស៊ី​។ ទន្ទឹម​នឹង​នោះ​ក៏​មានស្ត្រី​សហគ្រិន​​​អាស៊ី​ឆ្លាត​វៃ​​មួយ​ចំនួន​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេសកោត​សរសើរ​​ទាំង​​ការ​ដឹក​​នាំ​អាជីវកម្ម​និង​គំនិត​​ច្នៃ​ប្រឌិត​​របស់​​ពួក​គេ រហូត​ដល់​ចាត់​​ទុក​ជា​បុគ្គល​គំរូ​ទៀត​ផង។ ជា​ឧទាហរណ៍​មួយក្រមា​ប៉ុស្តិ៍​ សូម​លើក​ឡើង​​ពី​សហគ្រិន​​ស្ត្រី​ឆ្នើម​ហ្វីលីពីន​​មួយ​រូបគឺ​លោក​ស្រី Reese Fernandez-Ruiz ដែល​មនុស្ស​គ្រប់​គ្នា​មិន​សរសើរ​មិន​បាន​៖

​​​​​មនុស្ស​​ជា​ច្រើន​អាច​គិត​ថាអាជីវកម្ម​​ គឺ​សម្តៅ​ទៅ​លើ​តែ​ប្រាក់​ចំណេញ​តែ​មួយ​មុខ​ប៉ុណ្ណោះប៉ុន្តែ​មិន​ដូច្នោះ​ទេ។ ​តួ​យ៉ាង​ លោក​ស្រី​ Reese Fernandez-Ruiz ដែល​បាន​ទទួល​ពាន​រង្វាន់​​​កាល​ពី​ឆ្នាំ​២០១០ ​ពី​កម្មវិធី Rolex's Young Laureate ជា​កម្មវិធី​ដែល​​ផ្តល់​​ថវិកា​គាំ​ទ្រ​លើ​សហគ្រិនភាព​ ដែល​ជួយ​ដល់​​ភាព​ប្រសើរ​ទៅ​​ដល់​ពិភព​លោកដែល​ក្នុង​លោក​ស្រី​បាន​ដំណើរ​ការ​​ក្រុមហ៊ុន​ឈ្មោះ​ថា Rags2Riches ជា​អាជីវកម្ម​​​​ជួយ​កែ​លម្អ​លើ​វិស័យ​បរិស្ថាន​ដែល​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ផ្ទាល់នៅ​ក្នុង​ប្រទេស ​របស់​លោក​ស្រី​។

អ្វី​ទៅ​ដែល​គួរ​ឱ្យ​សរសើរ​លោក​ស្រីReese?

ជំនួស​ឱ្យ​ការ​ដំណើរ​ការ​ផលិត​​សំលៀក​បំពាក់​តាម​បែប​ធម្មតា​លោក​ស្រី Reese ជា​មួយ​សហការី​វ័យ​ក្មេង​ផ្សេង​ទៀតបាន​គិត​ពី​វិធី​ចាប់​ផ្តើម​អាជីវកម្ម​ដែល​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កើត​ឡើងពោល​គឺ​បញ្ហា​បរិស្ថាន។ ដែល​នេះគឺ​មិន​មែន​ផ្តោត​លើ​តែ​ប្រាក់​ចំណេញ​​តែ​​មួយ​នោះ​ទេ គឺ​​មាន​គោល​ដៅ​ធ្វើ​ឱ្យ​ពិភព​លោក​ក្លាយ​ជា​កន្លែង​ដែល​ប្រសើរនិង​ជា​ទី​គួរ​រស់​នៅ​។

យើង​អាច​ទាយ​ខ្លះ​បាន​ថាក្រុមហ៊ុន​លោក​ស្រី ​នឹង​ធ្វើ​អ្វី​ប្រហាក់​ប្រហែល​ទៅ​នឹង​ឈ្មោះ​ក្រុមហ៊ុន​របស់​គាត់​។ នោះ​គឺ​ការ​​កែ​ច្នៃ​ឡើង​វិញ​នូវក្រណាត់​សំលៀក​បំពាក់​ដែល​គេ​បោះ​ចោលលែង​ត្រូវ​ការ ទៅ​ដោយ​មាន​បច្ចេកទេស​លាយ​បញ្ចូល​​ទៅ​នឹងសម្ភារៈ​ និង​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​មួយ​ចំនួនផលិត​ចេញ​ជា​សម្ភារៈ​​ប្រើ​ប្រាស់​ទាន់​សម័យ និង​មាន​គុណភាពសម្រាប់​បញ្ចេញ​លក់​នៅ​តាម​បណ្តា​ហាង​លក់​រាយ​នានា​។ មិន​ត្រឹម​តែ​ជា​ផលិតផល​ជួយ​​បរិស្ថាន​ប៉ុណ្ណោះ​ទេតែ​បាន​ជួយ​គាំ​ទ្រ​ដល់​ជីវភាព​អ្នក​ស្រុក​ជា​ច្រើន​ក្នុង​ប្រទេស​ហ្វីលីពីន​។

យ៉ាង​ណា​មិញគំនិត​​បន្ថែម​ថ្មី មិន​បាន​ឈប់​ស្ងៀម​មួយ​កន្លែង​ឡើយ ក្រោយ​ពេល​បាន​ទទួល​គំនិត​ពី​អ្នក​រចនា​ម៉ូដ​បែប​ទាន់​សម័យ ក្រុមហ៊ុន​​របស់​សហគ្រិន​ស្រ្តី​ហ្វីលីពីន​ឆ្នើម​រូប​នេះបាន​បំប៉ន​ជំនាញ​ហត្ថកម្ម​ ដល់​​មនុស្ស​ប្រមាណ​៩០០​នាក់ដែល​ភាគ​ច្រើន​មក​ពី​តំបន់​ក្រី​ក្រ​ពី​ក្នុង​ប្រទេស​ហ្វីលីពីនមក​រួម​គ្នា​ បម្លែង​​សំណល់​សម្រាម​ដែល​​គេ​បោះ​ចោលឱ្យ​​ក្លាយ​ជា​វត្ថុ​ប្រើ​ប្រាស់​អាច​លក់​បាន​មាន​តម្លៃ​ឡើង​វិញ​​ដូច​ជា​កាបូប​ដៃ ប្រអប់​វ៉ែន​តា និង​​ឧបរករណ៍​សង្ហារឹម​​ផ្សេង​​ៗ​ទៀត​ផង។

មក​ទល់​ពេល​នេះក្រុមហ៊ុន​របស់​លោក​ស្រី Reese បាន​រីក​ចម្រើនព្រម​ទាំង​ផ្តល់​ការងារ​ដល់​បុគ្គលិក​ស្ត្រី​ប្រមាណ​៣០០​នាក់​បន្ថែម​ទៀត​ផង​។ ហើយ​អ្វី​ដែល​គ្រប់​គ្នា​សរសើរ​លោក​ស្រី​​ថែម​ទៀត​នោះ គឺ​អ្វី​ដែល​លោក​ស្រី​បាន​លើក​ឡើង​ថា​៖"ខ្ញុំ​​មិន​ចង់​​ត្រឹម​តែ​បង្កើត​​ជីវភាព​និង​ចំណូល​​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ចង់​បង្កើត​នូវ​ផលិត​ផល​​អ្វី​ដែល​ជួយ​ដល់​បរិស្ថាន​បាន​យូរ​អង្វែង​ហើយ​វា​ក៏​ជា​យុទ្ធ​សាស្រ្ត​​ឈ្នះ​ឈ្នះសម្រាប់​គ្រប់​គ្នា​ផង​ដែរ​​"៕