វៀតណាម៖ ការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងលោកខាងលិចលើប្រទេសរុស្ស៊ី បានបណ្តាលឱ្យការមានការរាំងស្ទះដល់ការបញ្ជាទិញ ការនាំចេញនិងការពន្យារពេលនៃប្រតិបត្តិការដឹកជញ្ជូនទំនិញរបស់ប្រទេសវៀតណាម។

យោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងដល់ប្រហែល 3,2 ពាន់លានដុល្លារ និងការនាំចូលប្រហែល 2,3 ពាន់លានដុល្លារក្នុងឆ្នាំ 2021។ ការនាំចេញសំខាន់ៗទៅកាន់ប្រទេសរុស្ស៊ីរួមមាន កុំព្យូទ័រ គ្រឿងបន្លាស់ ទូរស័ព្ទ វាយនភ័ណ្ឌ កាហ្វេ និងផលិតផលអគ្គិសនី

រីឯការទំហំពាណិជកម្ម រវាង​វៀតណាមនិងប្រទេស​អ៊ុយក្រែន​ ​មាន​ក្រោម ១ពាន់​លាន​ដុល្លារ។ នៅឆ្នាំ 2021 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ 720.5 លានដុល្លារ កើនឡើង 51 ភាគរយពីឆ្នាំ 2020។ ការនាំចេញចម្បងទៅកាន់អ៊ុយក្រែន គឺកុំព្យូទ័រ និងស្បែកជើង ក្នុងចំណោមផលិតផលផ្សេងទៀត។

ប្រទេសវៀតណាម នឹងជួបប្រទះផលប៉ះពាល់លើផលិតកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន និងការទូទាត់លុយ ចំពេលមានទណ្ឌកម្មនេះ។ កិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយរុស្ស៊ី អ៊ុយក្រែន បេឡារុស្ស និងទីផ្សារពាក់ព័ន្ធផ្សេងទៀតក៏នឹងរងផលប៉ះពាល់ផងដែរ។

ធនាគារក្នុងប្រទេសវៀតណាម និងដៃគូក្នុងប្រទេសរុស្ស៊ី គឺប្រើប្រាស់ប្រព័ន្ធ SWIFT ដែលប្រព័ន្ធនេះ ត្រូវបានរាំងខ្ទប់ធនាគាររុស្ស៊ីមិនឲ្យប្រើប្រាស់បាន។ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិទាំងអស់ មិនអាចទទួលបានទំនិញទេ ខណៈដែលជើងហោះហើរទៅកាន់ប្រទេសរុស្ស៊ីមានកម្រិត។ ការបញ្ជាទិញត្រូវបានពន្យារពេល ហើយការទូទាត់លុយ ក៏មិនអាចធ្វើទៅរួចនោះដែរ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម បានឱ្យដឹងថា៖ "វិបត្តិនេះកំពុងមានផលប៉ះពាល់យ៉ាងខ្លាំង និងផ្ដល់ភាពអវិជ្ជមាន ទាំងក្នុងរយៈពេលខ្លីនិងវែងសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល"។

រឿងដំបូងដែលត្រូវរងផលប៉ះពាល់គឺ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងវត្ថុធាតុដើម ដោយវិបត្តិនេះគឺជាកត្តាចម្បងមួយសម្រាប់ការដំឡើងថ្លៃប្រេង និងឧស្ម័ន ម្សៅ អាលុយមីញ៉ូម នីកែល និងពោត ដែលជាផលិតផលសំខាន់ៗរបស់រុស្ស៊ី និងអ៊ុយក្រែន។ 

ការទូទាត់កិច្ចសន្យាពាណិជ្ជកម្មជាមួយរុស្ស៊ី ក៏នឹងមានការពិបាកផងដែរ ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលបណ្តាលឱ្យមានការធ្លាក់ថ្លៃប្រាក់រូប្លផងដែរ។ ក្រុមហ៊ុននាំចេញរបស់រុស្ស៊ីជាច្រើន បានស្នើឱ្យផ្អាកការទូទាត់ប្រហែល 2 ទៅ 3 សប្តាហ៍ ដើម្បីមើលថាតើស្ថានភាពនឹងវិវឌ្ឍយ៉ាងណា។

ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានបដិសេធមិនបញ្ជូនទំនិញពីវៀតណាមទៅរុស្ស៊ី ខណៈដែលថ្លៃដឹកជញ្ជូនកើនឡើងជាមួយនឹងការពន្យារពេលបន្ថែមទៀតក្នុងការដឹកជញ្ជូន។ ការដាក់ទណ្ឌកម្មលើការដឹកជញ្ជូនតាមផ្លូវអាកាស ក៏បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជ្រើសរើសផ្លូវហោះហើរជំនួស ការបង្កើនថ្លៃដើម និងបន្ទុកលើប្រព័ន្ធដឹកជញ្ជូនសកល ក៏ដូចជាតម្លៃផលិតផលផងដែរ។ អាជីវកម្មជាច្រើនបាននិយាយថា ការកើនឡើងថ្លៃដឹកជញ្ជូន ធ្វើឲ្យពួកគេ មិនអាចទទួលបានផលចំនេញ។

តម្លៃនៃរូបិយបណ្ណ ក៏នឹងរារាំងសមត្ថភាពនាំចេញរបស់រុស្ស៊ី និងបង្ខំឱ្យអាជីវកម្មរបស់ខ្លួនពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ៕