កន្លងមក យើងសង្កេតឃើញមានការឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនករណីបន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថានឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះនិងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទឬអុីម៉ែលរបស់ជនរងគ្រោះលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១-ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេសនូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារឬផ្ទេរប្រាក់។

២-ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣-ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤-ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេសនិងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៥-ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦-ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារនិងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧-ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះនិងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨-ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

រាល់ឧបាយកលដូចរៀបរាប់ខាងលើបន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យាផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។ ដូច្នេះសូមបងប្អូនមេត្តាពិចារណាកុំឲ្យក្លាយខ្លួនជាជនរងគ្រោះនៃបទល្មើសខាងលើ។

ប្រភព៖នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ