ធ្វើជាអ្នកដឹកនាំដ៏ល្អម្នាក់មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ ធ្វើជាអ្នកដឹកនាំមិនចាំបាច់ទាល់តែមានតួនាទីជានាយកប្រតិបត្តិ ឬនាយករងនោះទេ ប៉ុន្តែគឺមិនថាអ្នកមានតួនាទីជាអ្វីនោះទេ អ្នកអាចបង្ហាញភាពជាអ្នកដឹកនាំនិងមានឥទ្ធិពលវិជ្ជមានចំពោះមនុស្សនៅជុំវិញខ្លួនអ្នកបានគ្រប់កាលៈទេសៈ។ ខាងក្រោមនេះគឺជាគន្លឹះ៤យ៉ាងដែលអ្នកអាចអនុវត្តពីពេលនេះទៅដើម្បីដុះខាត់ជំនាញភាពជាអ្នកដឹកនាំរបស់អ្នកឱ្យកាន់តែលេចធ្លោ។
១.ដឹកនាំគេដោយធ្វើជាគំរូ
រឿងដំបូងបង្អស់ដែលអ្នកដឹកនាំដ៏ល្អម្នាក់តែងធ្វើគឺធ្វើជាគំរូដល់គេ។ ពួកគេមិនដែលមើលឃើញខ្លួនឯងជាមនុស្សអស្ចារ្យចំពោះក្រុមការងារ ហើយក៏មិនភ័យខ្លាចក្នុងការបោះដៃជួយក្នុងការលំបាករបស់ក្រុមដែរ។
នៅពេលដែលក្រុមការងារឃើញអ្នកដឹកនាំរបស់គេស្វាហាប់ប្រឹងប្រែងធ្វើការ និងមានទំនាក់ទំនងល្អដើម្បីឱ្យការងារបានបញ្ចប់ដោយល្អ នោះពួកគេនឹងកើតគំនិតចង់ធ្វើតាមជាមិនខាន។
២.ស្វែងយល់ពីក្រុមការងាររបស់ខ្លួន
ជាអ្នកដឹកនាំម្នាក់ អ្នកមិនចាំបាច់ត្រូវតែធ្វើជាមិត្តដ៏ល្អបំផុតជាមួយក្រុមការងារឡើយ។ ការពិត ដើម្បីឱ្យដំណើរការការងារបានល្អ អ្នកគួរបង្កើតខ្សែមួយចំនួនរវាងភាពជិតស្និទ្ធ កាតព្វកិច្ចការងារ និងរឿងផ្ទាល់ខ្លួនជាដើម។ តែទោះជាយ៉ាងណា អ្នកត្រូវតែស្វែងយល់ពីក្រុមការងាររបស់អ្នកឱ្យបានច្បាស់ដើម្បីដឹងថាអ្នកណាគួរប្រើវិធីណាដើម្បីធ្វើការជាមួយគ្នាបានរលូន ព្រោះគ្រប់គ្នាមានចំណុចពិសេសនិងចំណុចអាក្រក់រៀងខ្លួន អ្នកមិនអាចប្រើវិធីសាស្ត្រមួយឱ្យត្រូវជាមួយមនុស្សគ្រប់គ្នានោះទេ។
៣.កសាងការជឿជាក់
គ្រប់អ្នកដឹកនាំល្អទាំងអស់សុទ្ធតែធ្វើរឿងមួយដូចគ្នា នោះគឺការបង្កើតភាពជឿជាក់សម្រាប់ក្រុមការងាររបស់ពួកគេ។ ធ្វើជាអ្នកដឹកនាំអ្នកត្រូវចេះបង្កើតបរិយាកាសអព្យាក្រឹត ដែលអ្នកគ្រប់គ្នាក្នុងក្រុមអាចបង្ហាញអារម្មណ៍ការលំបាក បញ្ហាប្រឈម និងគំនិតយោបល់របស់ពួកគេដោយត្រង់ៗ បង្កើនផលិតភាពការងារ និងភាពពេញចិត្តចំពោះការងាររបស់ពួកគេ។ ចំណុចមួយនេះមិនត្រឹមតែល្អចំពោះក្រុមតូចនេះទេ តែគឺជះឥទ្ធិពលល្អដល់ក្រុមហ៊ុនទាំងមូលតែម្ដង។
៤.បន្តរៀនបន្ថែម
អ្នកដឹកនាំល្អតែងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន និងតែងតែស្វះស្វែងរកចំណេះបន្ថែមគ្មានពេលបញ្ចប់ឡើយ។ មេរៀនថ្មីៗដែលពួកគេអាចបង្កើនចំណេះដឹងបានមិនថាជាសៀវភៅ ការស្ដាប់Podcast ការចូលរួមសិក្ខាសាលា ឬស្ដាប់ការចែករំលែកពីអ្នកមានបទពិសោធន៍ជាងខ្លួនជាដើម។ ដូច្នេះជាអ្នកដឹកនាំគេ ទោះបីអ្នកមានសញ្ញាបត្រខ្ពស់កម្រិតណា ឬអាយុច្រើនប៉ុណ្ណា មិនគួរលើកតម្កើងខ្លួនជ្រុល ហើយគិតថាខ្លួនឯងមានចំណេះដឹងលើសគេនោះទេ ព្រោះជំនាញត្រូវការដុះខាត់ និងបន្ថែមភាពជឿនលឿនទៅមុខរហូត មិនអ៊ីចឹងអ្នកនឹងក្លាយជាអ្នកដឹកនាំតាមបែបចាស់គំរឹល និងចង្អៀតចង្អល់ជាមិនខាន៕