នៅកម្ពុជាការចុះបញ្ជីដីធ្លីនៅមានការខ្វះចន្លោះច្រើន ពោលគឺមានអ្នកខ្លះកាន់កាប់ដីធ្លីដោយគ្មានប័ណ្ណកម្មសិទ្ធិ ខ្លះក៏កាន់កាប់ដោយស្របច្បាប់ ខ្លះមិនស្របច្បាប់។ សម្រាប់ភាពពុំច្បាស់លាស់ទាំងនេះ អាចបង្កឱ្យមានការវិវាទកើតឡើងនៅក្នុងករណីមានការលក់ទិញ។ ដូចនេះ ដើម្បីជៀសវាងទិញប៉ះដីដែលមានជាប់បញ្ហាជម្លោះដី ឬផ្ទះ ដែលជាប់បន្ទុកនិងជាប់បញ្ហាផ្សេងៗទៀតអ្នកទិញត្រូវតែមានការប្រុងប្រយ័ត្នពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅចុះកិច្ចសន្យា។ ៤ចំណុចខាងក្រោមនេះគឺជាគំនិតសំខាន់ៗក្នុងការពិចារណា៖
១.អំពីប្រភេទនៃប័ណ្ណ
អ្នកទិញគួរពិនិត្យមើលថាអ្នកលក់មានប័ណ្ណប្រភេទណា? ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថា "ប្លង់រឹង" ឬក៏ជាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ឬហៅថាប្លង់ទន់)។
ប្រសិនបើអ្នកលក់មានប្លង់រឹង មានន័យថាគាត់គឺជាកម្មសិទ្ធិករពេញសិទ្ធិលើដីរបស់គាត់។ ក្នុងករណីនេះគេអាចមានការទុកចិត្តច្រើនជាងពីព្រោះថា នៅលើប្លង់រឹងនេះគេអាចមើលឃើញអំពីទំហំ និងទីតាំងរបស់ដីនិងឈ្មោះរបស់ម្ចាស់ដី។ ម្យ៉ាងទៀត គេមានការងាយស្រួលក្នុងការផ្ទៀងផ្ទាត់ប័ណ្ណប្រភេទនេះជាមួយនឹងបញ្ជីដែលចុះនៅអាជ្ញាធរសុរិយោដី។
ផ្ទុយទៅវិញប្រសិនបើអ្នកលក់មានត្រឹមតែប្លង់ទន់មានន័យថា គាត់គ្រាន់តែជាភោគី(អ្នកកាន់កាប់ស្របច្បាប់)ប៉ុណ្ណោះ។ គាត់មិនទាន់ជាម្ចាស់កម្មសិទ្ធិពេញលេញនៅឡើយទេ។
២.អំពីស្ថានភាព
ស្ថានភាពទីនេះចង់សំដៅទៅលើអចលនវត្ថុដែលជាកម្មវត្ថុ នៃកិច្ចសន្យាលក់ទិញដែលអ្នកទិញត្រូវពិនិត្យលើព្រំប្រទល់ ឬ របងនិងការវាស់វែងយ៉ាងត្រឹមត្រូវដោយមានវត្តមានសុរិយោដីដែរ ឬទេ?ការពិចារណាកន្លែងនេះដើម្បីឱ្យអ្នកទិញមានការជៀសវាងជម្លោះជាមួយអ្នកជិតខាងក្រោយពីទិញដីនោះបានហើយ។
៣.បន្ទុក
បន្ទុកទីនេះសំដៅដល់បន្ទុកលើអចលនវត្ថុ។ គេត្រូវពិនិត្យមើលថាតើដីនេះត្រូវបានយកទៅដាក់បញ្ចាំធានាបំណុល ឬជួល ឬហ៊ីប៉ូតែក ឬការហាមឃាត់របស់តុលាការដែរឬទេ? ប្រសិនបើមានជាប់បន្ទុកគួរតែដោះបន្ទុកជាមុនសិនមុននឹងចុះកិច្ចសន្យា។
៤.ចំណែកផ្លូវ
សំដៅដល់អចលនវត្ថុដែលជាប់នឹងផ្លូវដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀនមន្ទីរពេទ្យជាច្រើន។ ដូចនេះ មុននឹងទិញអចលនវត្ថុណាមួយអ្នកទិញ គួរពិនិត្យមើលថាតើអចលនវត្ថុនេះមានជាប់ជាចំណែកផ្លូវ ឬក៏ត្រូវចំកន្លែងដែលជាគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលដែរឬទេ?
សរុបមកចំណុចពិចារណាទាំង៤ខាងលើជាធាតុសំខាន់សម្រាប់កិច្ចការលក់ទិញ ឱ្យមានប្រសិទ្ធិភាពនិងត្រឹមត្រូវតាមការកំណត់របស់ច្បាប់ជៀសវាងពីហានិភ័យនានាដែលកើតមាននៅថ្ងៃក្រោយ៕
ប្រភព៖ ចំណេះដឹងផ្នែកច្បាប់លោក ជុំ គីរី