រាជធានីភ្នំពេញ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងស្ថានីយប្រេងឥន្ធនៈ អំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station)។

តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជា ចំនួនប្រាំ ដែលបានចូលរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជា ទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្ត អគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះ ឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

ក្រសួង បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយសាកថ្មយានយន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល។

ក្រុមហ៊ុនប្រេងធំៗនៅកម្ពុជា បានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួង និងខិតខំធ្វើការងារជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយានយន្ត EVs នៅតាមបណ្តាទីតាំងស្ថានីយនានារបស់ខ្លួន៕